ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកស្រីគ្លីនតុន និង​លោក​បារ៉ាក់អូបាម៉ា៖ ពីសត្រូវ​ទៅ​ជា​មិត្ត


លោកស្រីគ្លីនតុនកំពុងឆ្លើយសំណួរនៅក្នុងកិច្ចពិភាក្សាមួយក្នុងក្រុង Manchester។
លោកស្រីគ្លីនតុនកំពុងឆ្លើយសំណួរនៅក្នុងកិច្ចពិភាក្សាមួយក្នុងក្រុង Manchester។

លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា គឺ​ជា​អ្នកគាំទ្រ​លោកស្រី​ហ៊ីលឡារី គ្លីនតុន​សំខាន់​ជាង​គេ​បំផុត​នា​ពេល​បច្ចុប្បន្ន​ ដែល​យុទ្ធនាការ​ឃោសនា​របស់​លោកស្រី​សម្រាប់​តំណែង​ប្រធានាធិបតី​កំពុង​តែ​ជៀសផុត​ការ​ទាស់ទែង​គ្នា​នៅ​ក្នុង​ជួរ​គណបក្ស​ប្រជាធិបតេយ្យ​ ហើយ​កំពុង​ផ្តោត​ទៅ​លើ​ការ​បោះឆ្នោត​ធំ​នៅ​ក្នុង​ខែ​វិច្ឆិកា ប៉ុន្តែ​ទំនាក់ទំនង​រវាង​លោក​អូបាម៉ា និង​លោកស្រី​គ្លីនតុន​មិនមែន​តែងតែ​មាន​ភាព​ស្រុះស្រួល​គ្នា​រហូត​នោះ​ទេ។ កាល​ពី​ប្រាំ​បី​ឆ្នាំ​មុន លោក និង​លោកស្រីមាន​ការ​ប្រជែង​គ្នា​យ៉ាងខ្លាំង។

បន្ទាប់​ពី​រក្សា​អព្យាក្រឹតភាព​នៅ​អំឡុងពេល​បោះឆ្នោត​បឋម ការ​បោះឆ្នោត​ caucuses និង​យុទ្ធនាការ​ឃោសនា លោក​អូបាម៉ា​បាន​ផ្តល់​ការ​គាំទ្រ​យ៉ាងពេញ​ទំហឹង​ទៅ​លើ​លោកស្រី​គ្លីនតុន នៅ​ពេល​ដែល​អ្នកជំនាញ​ផ្នែក​នយោបាយ​បាន​និយាយ​ថា លោកស្រី​ច្បាស់​នឹង​ទទួល​បាន​ការ​តែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​គណបក្ស​នៅ​ក្នុង​សន្និបាត​ថ្នាក់​ជាតិ​របស់​គណបក្ស​នា​ខែ​ក្រោយ។

លោក​ប្រធានាធិបតី​បាននិយាយ​ថា ការ​គាំទ្រ​របស់​លោក​គឺ​ផ្អែក​លើ​ការ​វិនិច្ឆ័យ​របស់​លោកស្រី​គ្លីនតុន​អំពី​បញ្ហា​នានា​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​ជាតិ និង​ «ការ​ប្តេជ្ញា​របស់​លោកស្រី​ចំពោះ​តម្លៃជាតិ​សាសន៍​អាមេរិក»។

លោក​អូបាម៉ា​បានថ្លែង​នៅ​ក្នុង​វីដេអូ​យុទ្ធនាការ​ឃោសនា​មួយ​ ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​ដោយ​ក្រុម​រៀបចំ​យុទ្ធនាការ​ឃោសនា​ឲ្យលោកស្រី​គ្លីនតុន​ថា «គឺអញ្ចេះ ខ្ញុំ​ដឹង​ថា ការងារ​នោះ​វា​អាច​នឹង​លំបាក​ប៉ុណ្ណា។ អាស្រ័យ​ហេតុ​នេះ​ហើយ ខ្ញុំ​ដឹង​ថា លោកស្រី​គ្លីនតុន​នឹង​ធ្វើវា​ឲ្យ​បាន​ល្អ។ តាមពិត​ទៅ ខ្ញុំគិត​ថា គ្មាន​រណា​ម្នាក់​មាន​សមត្ថភាព​ខ្ពស់​ដូច​រូប​គាត់ក្នុង​ការ​កាត់​តំណែង​ជា​ប្រធានាធិបតី​ទេ»។

លោក​បាន​បន្ត​ថា៖ «ខ្ញុំ​គាំទ្រ​លោកស្រី។ ខ្ញុំ​មាន​កម្លាំង​ចិត្ត​មោះមុត ហើយ​ខ្ញុំ​ត្រៀម​នឹង​ចេញ​ទៅ​ក្រៅ ហើយ​ធ្វើ​យុទ្ធនាការ​ឃោសនា​ឲ្យ​លោកស្រី​ហ៊ីលឡារី»។

ប្រាំបី​ឆ្នាំ​ គឺ​ជារយៈពេល​ដ៏​វែង​មួយ​នៅ​ក្នុង​ឆាក​នយោបាយ​អាមេរិក។ សេចក្តី​អធិប្បាយ​ដ៏​មោះមុត​របស់​លោក​ប្រធានាធិបតី​ គឺ​មាន​លក្ខណៈ​ផ្ទុយ​ស្រឡះ​ធ្វើ​ពាក្យពេចន៍​គំរោះគំរើយ​របស់​លោក​ទៅ​លើ​លោកស្រី​គ្លីនតុន​ក្នុង​ឆ្នាំ​២០០៨។ ទំនាស់​ផ្ទៃ​ក្នុង​គណបក្ស​ប្រជាធិបតេយ្យនា​ពេល​នោះ គឺ​មាន​រវាង​សមាជិក​ព្រឹទ្ធសភា​សញ្ជាតិ​អាមេរិក​កាត់​អាហ្វ្រិក​មក​ពី​រដ្ឋ Illinois និង​សមាជិក​រួម​ការងារ​នៅ​ក្នុង​សភា​មក​ពី​រដ្ឋ​ញូវយ៉ក ដែល​ជា​អតីត​ស្រ្តី​ទី​មួយ​ជាមួយ​នឹង​បទពិសោធន៍​ប្រាំ​បី​ឆ្នាំ​នៅ​ក្នុងសេតវិមាន​ក្បែរ​ស្វាមី​របស់​លោកស្រី។

​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឆ្នាំ​២០០៨ បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​នឹង​តែងតាំង​បេក្ខជន​ប្រធានាធិបតី​ដែល​មាន​ភាព​ខុសប្លែក និង​មិនដែល​មាន​ពី​មុន​មក។ ទោះបី​យ៉ាង​ណាក៏​ដោយ អ្នកបោះឆ្នោត និង​សមាជិក​ជាន់ខ្ពស់​នៃ​គណបក្ស​មិនទាន់​បាន​សម្រេច​ថាតើ បុរស​ស្បែកខ្មៅ​ដំបូង ឬ​ស្រ្តី​ទី​មួយ​ ដែល​នឹង​ត្រូវ​តស៊ូ​ដើម្បី​កាន់​តំណែង​ខ្ពស់​បំផុត​ថ្នាក់​ជាតិ​ ជាមួយ​នឹង​ការ​គាំទ្រ​ពី​ក្រោយ​ដោយ​គណបក្ស​នយោបាយ​ធំ​មួយ។

នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​នៅរដ្ឋ Iowa មុន​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​បឋម​បាន​ដំណើរការ​ពេញលេញ​ លោក​អូបាម៉ា បាន​និយាយ​ថា លោកស្រី​គ្លីនតុន​បាន​បោះឆ្នោត​ និង​និយាយ​ «ដូច​នឹង​លោក George W.Bush» ដែល​ជា​ប្រធានាធិបតី​មក​ពី​គណបក្ស​សាធារណរដ្ឋ​នា​ពេល​នោះ។

លោក​បាន​លាបពណ៌​លោកស្រី​ថាជា​អ្នករនុក​ក្នុងនៃ​រដ្ឋាភិបាល​ក្រុងវ៉ាស៊ីនតោន​ ដែល​ប្រកាន់​នយោបាយ​ធូររលុង ហើយ​នេះ​បាន​ក្លាយ​ជា​ស្នូល​មួយ​នៃ​យុទ្ធនាការ​ឃោសនា​របស់​លោក។ ផែនការ​យុទ្ធសាស្រ្ត​មួយ​ដែល​បាន​បែកធ្លាយ​មួយ​ពី​យុទ្ធនាការ​ឃោសនា​របស់​លោក​អូបាម៉ា បាន​បង្ហាញ​ពី​ផែនការ​ផ្តួល​លោកស្រី​គ្លីនតុន​នៅ​ក្នុង​ការ​បោះឆ្នោត​បឋម​ ​គឺការអុជអាល​លោកស្រី​ឲ្យ «បង្ហាញ​នូវ​ចរិតលក្ខណៈ​មិន​សមស្រប​មួយ»។

ទីប្រឹក្សា​មួយ​ចំនួននៃ​ក្រុម​ទី​ប្រឹក្សា​ជំនិត​របស់​លោក​អូបាម៉ា​ បាន​ជំរុញ​ឲ្យ​លោក​ធ្វើ​ការ​សង្កត់​ធ្ងន់​ទៅ​លើ​ការ​ផ្លាស់ប្តូរ​គោលជំហរ​របស់​លោកស្រី​ទៅ​លើ​បញ្ហា​ផ្សេងៗ​ដូចជា ភាព​ជា​ដៃគូ​ឆ្លង​មហាសមុទ្រ​ប៉ាស៊ីហ្វិក ដែល​ដំបូង​ឡើយ​លោកស្រី​បាន​ផ្តល់​ការ​គាំទ្រ ហើយ​បន្ទាប់​មក​បាន​ប្រឆាំង​ទៅ​វិញ​ ឬ​ការ​រៀបការ​រវាង​មនុស្ស​ស្រឡាញ់​ភេទដូច​គ្នា​ ដែល​ជា​គោល​នយោបាយ​មួយ​ដំបូងឡើយ​លោកស្រី​បាន​ធ្វើការ​ប្រឆាំង ប៉ុន្តែ​បន្ទាប់​មក​បែរជា​ផ្តល់​ការ​គាំទ្រ។

នៅ​ក្នុង​ឆ្នាំ ២០០៨ លោក​អូបាម៉ា​បាន​និយាយ​ថា លោក​មិនមាន​ទំនោរ​គាំទ្រ​ការ​រៀបការ​មនុស្ស​ស្រឡាញ់​ភេទដូចគ្នា​ទេ ទោះបី​ជា​លោក​ផ្តល់​ការ​គាំទ្រ​សិទ្ធិ​ស៊ីវិល​របស់​មនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា​ក្តី។ តាម​ពិត​ទៅ​ លោក​បាន​ធ្វើការ​ផ្លាស់ប្តូរ​គោលជំហរ​របស់​លោក​ មុន​ពេល​ធ្វើការ​ប្រកាស​ថា លោក​ជា​អ្នកគាំទ្រ​ការ​រៀបការ​មនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា​នៅ​ក្នុង​ឆ្នាំ ១៩៩៦ ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​បន្ទាប់​មក​លោក​បាន​និយាយ​ថា លោក​ប្រឆាំង​នឹង​ការ​រៀបការ​មនុស្ស​ស្រឡាញ់​ភេទដូចគ្នា​ដោយ​ផ្អែក​លើ​ហេតុផល​សាសនា។ លោក​ប្រធានាធិបតី​អូបាម៉ា​បាន​ធ្វើការ​ផ្លាស់ប្តូរ​គោលជំហរ​សារជាថ្មី​នៅ​ក្នុង​ឆ្នាំ ២០១២ នៅ​ពេល​ដែល​លោក​បាន​ប្រាប់​ទៅ​ប្រទេសជាតិ​ទាំង​មូល​ថា​ លោក​បាន​ឆ្លងកាត់ «ការ​វិវត្ត» មួយ​ទៅ​លើ​បញ្ហា​នេះ ហើយ​ឥឡូវ​នេះ​បាន​គាំទ្រ​សិទ្ធិ​រៀបការ​សម្រាប់​មនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា។

យុទ្ធសាស្រ្ត​នោះ​ គឺ​មាន​ប្រសិទ្ធភាព​សម្រាប់​លោក​អូបាម៉ា​នា​គ្រា​នោះ នៅ​ស្រប​ពេល​ដែល​លោក​បាន​បន្ត​យក​ឈ្នះ​ដាច់​លើ​លោកស្រី​គ្លីនតុន​ មុនពេល​សន្និបាត​របស់​គណបក្ស។ លោកស្រី​បាន​ប្រកាស​ថា ​បេក្ខភាព​ប្រធានាធិបតី​របស់​លោកស្រី​សម្រាប់​ឆ្នាំ ២០០៨ ត្រូវ​បាន​បញ្ចប់​ នៅ​ក្នុង​រយៈពេល​ជិត​ប្រាំបី​ឆ្នាំ​គត់​ មក​ទល់​នឹង​ថ្ងៃ​ដែល​គ្រឹះស្ថាន​នយោបាយ​អាមេរិក​បាន​បញ្ជាក់​ពី​ជ័យជម្នះ​របស់​លោកស្រី​ពី​លើ​លោក Bernie Sanders ដែល​ជា​សមាជិក​ព្រឹទ្ធសភា​មក​ពី​រដ្ឋ Vermont ជាង​មួយ​ខែ​មុន​នេះ មុន​ពេល​សន្និបាត​តែងតាំង​របស់​គណបក្ស​នៅ​ក្រុង Philadelphia។

ឥឡូវ​នេះ ហាក់​ដូចជា​យុទ្ធសាស្រ្ត​ឆ្នាំ ២០០៨ របស់​លោក​អូបាម៉ា​ប្រឆាំង​នឹង​លោកស្រី​គ្លីនតុន​ត្រូវ​បាន​យក​ទៅ​ធ្វើតាម​ដោយ​គូប្រជែង​មក​ពី​គណបក្ស​សាធារណរដ្ឋ​ ដែល​ត្រូវ​បាន​រំពឹងទុក​នៅ​ក្នុង​ការ​បោះឆ្នោត​សាកល​ នោះ​គឺ​លោក Donald Trump។

លោក Trump បាន​ធ្វើការ​បង្ហោះ​វីដេអូ​កាល​ពី​ថ្ងៃ​ទី១០ ខែ​មិថុនា​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ ដែល​ភ្ជាប់​ទៅ នឹង​ការ​ផ្សព្វផ្សាយ​ឃោសនា​តាម​វិទ្យុ​របស់​លោក​អូបាម៉ា​នៅ​ក្នុង​ឆ្នាំ ២០០៨ ជាមួយ​នឹង​ឃ្លា​ដែល​សរសេរ​ថា «ខ្ញុំ​កម្រ​នឹង​យល់ស្រប​ជាមួយ​នឹង​លោកប្រធានាធិបតី​បារ៉ាក់ អូបាម៉ា​ណាស់ ប៉ុន្តែ​លោក​ពិត​ជា​ត្រឹមត្រូវ​១០០ភាគរយ អំពី​លោក​ស្រី Hillary Clinton ដ៏​អុតត្បាត។ ពិតជា​ការ​ផ្សព្វផ្សាយ​ឃោសនា​ដ៏​អស្ចារ្យ​មែន!»។

ការ​ផ្សព្វផ្សាយ​ឃោសនា​វាយប្រហារ​នា​គ្រា​មុន​ទៅ​លើ​លោកស្រី​គ្លីនតុន​ចំពោះ​ការ​គាំទ្រ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាមេរិក​ខាង​ជើង ដែល​ជា​កិច្ចព្រមព្រៀង​មួយ​ចុះ​ហត្ថលេខា​ដោយ សហរដ្ឋ​អាមេរិក ម៉ិកស៊ិក និង​កាណាដា ដែល​អតីត​សមាជិក​ព្រឹទ្ធសភា​លោក​អូបាម៉ា​បាន​អះអាង​ថា «បាន​ធ្វើ​ឲ្យ​បាត់បង់​ការងារ​រាប់​ពាន់​នៅ​រដ្ឋ South Carolina»។ លោកស្រី​គ្លីនតុន​ក៏​រង​ការ​រិះគន់​ពី​ការ​បោះឆ្នោត​គាំទ្រ​របស់​លោកស្រី​នៅ ក្នុង​ការ​បញ្ជូន​កងទ័ព​អាមេរិក​ទៅ​ធ្វើ​សង្រ្គាម​នៅ​អ៊ីរ៉ាក់​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​នោះ។ សារ​ពី​ក្រុម​ការងារ​របស់​លោក​អូបាម៉ា​ គឺ​ថា​លោកស្រី​គ្លីនតុន​ គឺ​ជា «អ្វី​មួយ​ដែល​ខុស​នៅ​ក្នុង​ឆាក​នយោបាយ​នា​ពេល​បច្ចុប្បន្ន»។

ទោះ​បី​ជា​មាន​ការ​ប្រើ​ពាក្យ​សម្តី​ខ្លាំងក្លា​នៅ​អំឡុងពេល​យុទ្ធនាការ​ឃោសនា​ក្តី លោក​ស្រីគ្លីនតុន​បាន​ដកខ្លួន​ចេញ​ពី​ការ​ប្រកួត​ប្រជែង​ប្រកប​ដោយ​ភាព​ថ្លៃថ្នូរ នៅ​ពេល​ដែល​ដំណើរ​ឆ្ពោះ​ទៅ​កាន់​សេតវិមាន​របស់​លោកស្រី​ត្រូវ​បាន​រកឃើញ​ថា មិន​អាច​ទៅ​រួច។ ហើយ​បន្ទាប់​ពី​ជំនួប​លក្ខណៈ​ឯកជន​ជាមួយ​នឹង​លោក​អូបាម៉ា​ លោកស្រី​បាន​បន្ត​ក្លាយ​ជា​អ្នកគាំទ្រ​ដ៏​ខ្លាំងក្លា​មួយ​របស់​លោក​នៅ​អំឡុងពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​សាកល៕

ប្រែសម្រួល​ដោយ ស៊ូ រ៉ូហ្សានិច

XS
SM
MD
LG