ការឃោសនាបោះឆ្នោតប្រធានាធិបតីស.រ.អា.ក្នុងឆ្នាំ២០១៦នេះជិតចប់ហើយ។ ប៉ុន្តែមុននឹងចប់ លោក Donald Trump បេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋ និងលោកស្រី Hillary Clinton បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យធ្វើការប្រជុំជាមួយមហាជនថ្ងៃចុងក្រោយ មុនការបោះឆ្នោតជាតិនៅថ្ងៃអង្គារ តាមពេលវេលាស.រ.អា.។
លោក Trump ដែលជាមហាសេដ្ឋីអចលនទ្រព្យបញ្ចប់ការឃោសនាបោះឆ្នោតរបស់លោកដើម្បីតំណែងសាធារណៈបានធ្វើដំណើរទៅកាន់រដ្ឋប្រាំនៅក្នុងកិច្ចខិតខំប្រឹងប្រែងមួយដើម្បីឱ្យបានឈ្នះលោកស្រីអតីតរដ្ឋមន្ត្រីការបរទេស Hillary Clinton ដែលការស្ទង់មតិនយោបាយបង្ហាញថា លោកស្រីអាចក្លាយទៅជាប្រធានាធិបតីស្ត្រីទីមួយនៃប្រទេសអាមេរិក។
លោកស្រី Clinton បានធ្វើដំណើរទៅឃោសនាបោះឆ្នោតនៅកន្លែងបួនក្នុងរដ្ឋបីគឺរដ្ឋ Pennsylvania រដ្ឋ Michigan និងរដ្ឋ North Carolina ជារដ្ឋដែលលោក Trump ក៏ទៅទីនោះដែរ បូករួមទាំងរដ្ឋ Florida និងរដ្ឋ New Hampshire។
រដ្ឋទាំងប្រាំនេះឋិតក្នុងចំណោមរដ្ឋនានាដែលមានការប្រកួតប្រជែងប្រកិតៗគ្នាបំផុត ដោយលទ្ធផលនៅក្នុងរដ្ឋនីមួយៗទំនងជានឹងមានមុខនាទីសំខាន់មួយក្នុងការកំណត់អំពីអ្នកដែលនឹងក្លាយទៅជាប្រធានាធិបតីទី៤៥របស់ប្រទេសអាមេរិក ដោយជំនួសលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ដែលនឹងចាកចេញពីតំណែងនៅថ្ងៃទី២០ ខែមករា ឆ្នាំក្រោយ។
លោក Nathan Gonzales អ្នកវិភាគនយោបាយបាននិយាយប្រាប់វីអូអេ នៅពេលប៉ុន្មានម៉ោងចុងក្រោយបង្អស់នៃការឃោសនាបោះឆ្នោតនេះថា៖ «នេះជាការប្រកួតប្រជែងប្រកិតៗខ្លាំងមួយ ក៏ប៉ុន្តែមិនមែនជាការបោះកាក់លើបាតដៃហើយទាយថាផ្កាប់ឬផ្ងារនោះទេ។ លោកស្រី Clinton ទំនងជាអាចទទួលបានជ័យជម្នះ»។ការស្ទង់មតិយោបាយក្នុងស.រ.អា.នៅតែបង្ហាញថា លោកស្រី Clinton មានប្រៀបបន្តិចដោយលោកស្រីមានការគាំទ្រប្រមាណ២ឬ៣ភាគរយ លើសលោក Trump នៅក្នុងការបោះឆ្នោតជាតិដោយផ្ទាល់៕