តួលេខអ្នកបោះឆ្នោតដែលបានត្រូវបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះបង្ហាញថាពលរដ្ឋអាមេរិកាំង៣៣លាននាក់បានបោះឆ្នោតរួចហើយសម្រាប់បេក្ខភាពប្រធានាធិបតីនៅពេលខាងមុខនេះ។ ការណ៍នេះបានធ្វើជាអ្នកវិភាគថានរណាដែលមានប្រៀបជាងនៅក្នុងការប្រកួតប្រជែងគ្នាយ៉ាងប្រកិតៗនេះ។
នេះមានន័យថាសន្លឹកឆ្នោតមួយភាគបួននៃសន្លឹកឆ្នោតទាំងអស់បានត្រូវបោះរួចហើយ ទោះណាជាបេក្ខជនប្រធានាធិបតីស.រ.អា.ទាំងពីររូបនិងអ្នកគាំទ្រដែលល្បីឈ្មោះទាំងប៉ុន្មានបានធ្វើដំណើរពេញប្រទេសដើម្បីថ្លែងសុន្ទរកថានៅនាទីចុងក្រោយបង្អស់នៅមុនថ្ងៃបោះឆ្នោតជាផ្លូវការនៅថ្ងៃអង្គារខាងមុខនេះក៏ដោយ។
ក្រុមអ្នកវិភាគនយោបាយនិយាយថាកំណើននៃអ្នកបោះឆ្នោតមុនពេលកំណត់នៅក្នុងរដ្ឋ Colorado រដ្ឋNevada និងរដ្ឋ Virginia គាំទ្រច្រើនដល់លោកស្រី Hillary Clinton បេក្ខជនប្រធានាធិបតីអាមេរិកាំងខាងគណបក្សប្រជាធិបតេយ្យដែលលោកស្រីបានដាក់ក្រុមអ្នកធ្វើការឃោសនាបោះឆ្នោតច្រើនថែមទៀតនៅនឹងកន្លែងដើម្បីបញ្ចុះបញ្ចូលពលរដ្ឋឱ្យទៅបោះឆ្នោត។ ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោកស្រីមានបញ្ហានៅកន្លែងឯទៀតៗក្នុងផ្នែកកណ្តាលប្រទេស ដោយមានរួមបញ្ចូលរដ្ឋ Ohio ដែលនៅទីនោះមានពលរដ្ឋទៅបោះឆ្នោតមុនកាលកំណត់តិចជាងកាលពីការបោះឆ្នោតប្រធានាធិបតីលើកមុន។
រដ្ឋនីមួយៗក្នុងបណ្តារដ្ឋទាំង៥០នៃប្រទេសអាមេរិកកំណត់បទបញ្ញតផ្ទាល់របស់ពួកគេសម្រាប់ការបោះឆ្នោតមុនពេលកំណត់និងពេលដែលអាចចាប់ផ្តើមបាន។
ដោយនៅសល់តែបីថ្ងៃទៀតនៃការឃោសនាបោះឆ្នោតនៅមុនពេលពលរដ្ឋអាមេរិកាំងភាគច្រើនទៅបោះឆ្នោត ការស្ទង់មតិបង្ហាញថាមានការប្រកួតប្រជែងគ្នាដ៏ប្រកិតៗរវាងលោកស្រី Clintonនិងលោក Donald Trump នៃគណបក្សសាធារណរដ្ឋ។ការស្ទង់មតិរបស់អង្គការ Real Clear Politics បង្ហាញថាលោកស្រី Clinton នាំមុខបន្តិចដោយលោកស្រីមានការគាំទ្រ ៤៦.៦ភាគរយ ធៀបទៅនឹងលោក Trump ដែលមានតែ៤៤.៨ភាគរយ។ ការនាំមុខរបស់លោកស្រីនៅក្នុងរដ្ឋមួយចំនួនដែលមានការប្រកួតខ្លាំងក្លាក៏បានចុះថយដែរ៕