ដោយនៅសល់រយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនពេលដែលពលរដ្ឋអាមេរិកាំងបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីរបស់ពួកគេនៅថ្ងៃអង្គារទី ៨ ខែវិច្ឆិកានេះ បេក្ខជនប្រធានាធិបតីសហរដ្ឋអាមេរិកទាំងពីរកំពុងចំណាយពេលវេលាដែលនៅសេសសល់របស់ពួកគេដើម្បីធ្វើយុទ្ធនាការឃោសនាបោះឆ្នោត។
លោក Donald Trump បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ បានធ្វើការប៉ាន់ប្រមាណអំពីបញ្ហាអាក្រក់ៗនានាដែលសហរដ្ឋអាមេរិកនឹងជួបប្រទះនៅក្រោមការដឹកនាំរបស់លោកស្រី Hillary Clinton ដែលជាគូប្រជែងរបស់លោក។ ចំណែកឯលោកស្រី Clinton វិញ បានប្រាប់អ្នកបោះឆ្នោតថា ពលរដ្ឋអាមេរិកាំងនឹងខ្លាំងក្លាទាំងអស់គ្នា។
លោក Trump បាននិយាយនៅក្នុងទីក្រុង Reno រដ្ឋ Nevada ថា៖ «ប្រសិនបើលោកស្រី Clinton នឹងឈ្នះការបោះឆ្នោតនេះ វិបត្តិរដ្ឋធម្មនុញ្ញដែលមិនដែលមានពីមុនមកនឹងកើតឡើងជាក់ជាមិនខាន។ នៅក្នុងស្ថានការណ៍ហ្នឹង យើងនឹងមានប្រធានាធិបតីសហរដ្ឋអាមេរិកកាន់តំណែង ដែលជាប់ចោទពីបទឧក្រិដ្ឋ និងការកាត់ទោសប្រធានាធិបតីពីបទឧក្រិដ្ឋនោះ។ ហើយជាការពិតណាស់ វានឹងធ្វើឲ្យរដ្ឋាភិបាលគាំងស្ទះ ដែលនេះជាអ្វីដែលយើងកំពុងជួបប្រទះនៅក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Barack Obama»។
លោក Trump លើកឡើងយ៉ាងដូច្នេះចង់សំដៅទៅលើរឿងអ៊ីម៉ែលរបស់លោកស្រី Clinton។
លោក Trump កាលពីថ្ងៃសៅរ៍ម្សិលមិញ បានបង្ហាញខ្លួននៅក្នុងយុទ្ធនាការរបស់លោកនៅក្នុងរដ្ឋ North Carolina រដ្ឋ Florida រដ្ឋColorado និងរដ្ឋ Nevada។ គណៈកម្មការយុទ្ធនាការរបស់លោកក៏បានបញ្ជាក់ផងដែរថា លោកនឹងធ្វើយុទ្ធនាការនៅក្នុងរដ្ឋ Minnesota ដែលជារដ្ឋ កន្លងមក ប្រជាពលរដ្ឋភាគច្រើនគាំទ្រគណបក្សប្រជាធិបតេយ្យ។
ចំណែកឯលោកស្រី Clinton វិញ លោកស្រីបានធ្វើយុទ្ធនាការនៅក្នុងរដ្ឋ Florida កាលពីព្រឹកថ្ងៃសៅរ៍ម្សិលមិញ ដែលរដ្ឋនេះ ជារដ្ឋសំខាន់មួយកន្លងមកក្នុងការសម្រេចការបោះឆ្នោតរើសប្រធានាធិបតីសហរដ្ឋអាមេរិក៕