ដោយមិននៅដល់មួយខែផង មុនការបោះឆ្នោតប្រធានាធិបតីនឹងមកដល់ ការឆ្លងជំងឺកូវីដ១៩ របស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានធ្វើឲ្យការរាតត្បាតនៃជំងឺនេះ ក្លាយជាប្រធានបទក្ដៅគគុកនៃការប្រកួតប្រជែងយកតំណែងប្រធានាធិបតី។
ខណ:ពេលដែលរដ្ឋបាលរបស់លោក Trump កំពុងព្យាយាមធ្វើយ៉ាងណាឲ្យមហាជនគិតថា លោកប្រធានាធិបតីជាសះស្បើយបានលឿន យុទ្ធនាការបោះឆ្នោតរបស់លោក កំពុងធ្វើឲ្យការឆ្លងជំងឺកូវីដ១៩ របស់លោក Trump ក្លាយជាចំណុចវិជ្ជមានដើម្បីទាក់ទាញសន្លឹកឆ្នោត។
ចាប់តាំងពីលោកចេញពីមន្ទីរពេទ្យយោធាជាតិ Walter Reed កាលពីថ្ងៃច័ន្ទមក លោក Trump បានបង្ហាញនូវរូបភាពដែលថា លោកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីត្រឡប់ទៅបំពេញការងារវិញ។ កាលពីថ្ងៃពុធ លោកបានចាកចេញពីកន្លែងស្នាក់នៅរបស់ប្រធានាធិបតី ទៅកាន់ការិយាល័យរបស់លោក ដែលទីនោះលោកទទួលបានដំណឹងពីស្ថានភាពរបស់ព្យុះ Hurricane Delta និងកិច្ចចរចាជាសមាជិកសភាខាងគណបក្សប្រជាធិបតេយ្យ អំពីកញ្ចប់ថវិកាសង្គ្រោះសេដ្ឋកិច្ចបន្ទាន់ ។
លោក Trump នៅតែសកម្មនៅលើបណ្តាញសង្គម Twitter ដោយលោកបានបង្ហោះសារជាច្រើន រួមមានសារវាយប្រហារលើគូប្រជែងនយោបាយ សេចក្ដីថ្លែងការណ៍ពីការតែងតាំងចៅក្រមតុលាការកំពូលអភិរក្សនិយមអ្នកស្រី Amy Coney Barrett ក៏ដូចជាការអះអាងពីភាពរឹងមាំនៃសុខភាពរបស់លោក ជាដើម។
នៅក្នុងវីដេអូមួយដែលបានចេញផ្សាយកាលពីល្ងាចថ្ងៃពុធម្សិលមិញ លោក Trump បាននិយាយថា ជំងឺរបស់លោកគឺ «ពរពីព្រះជាម្ចាស់»។ លោកនិយាយពីថ្នាំដែលលោកបានទទួលទានថា បានជួយលោកច្រើនណាស់ និងបានព្យាយាមកំណត់លក្ខណ:ថ្នាំនោះថាជា «ការព្យាបាល»។
នៅក្នុងរយ:ពេល ៦ ខែកន្លងមកនេះ យុទ្ធសាស្ត្រនៃយុទ្ធនាការរបស់លោក Joe Biden បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ ព្យាយាមមិនឲ្យបេក្ខជនចេញក្រៅជួបមនុស្សម្នា ដោយផ្ទាល់ឡើយ និងបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមពិធីការសុខភាពថ្នាក់រដ្ឋនិងថ្នាក់ជាតិ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ។
ក្រោយការឆ្លងជំងឺកូវីដ១៩ របស់លោក Trump យុទ្ធនាការរបស់លោក Biden រក្សាទម្លាប់ជួបជាមួយអ្នកគាំទ្រតាមអ៊ីនធឺណិត ឬជួបជាមួយក្រុមតូចៗនៅខាងក្រៅបន្ទប់ ដោយមានការពាក់ម៉ាស់ជាដាច់ខាត៕