ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​កំពូល​សហរដ្ឋ​អាមេរិក​អនុញ្ញាត​ការ​​ដាក់​កម្រិត​លើ​ការ​បោះ​ឆ្នោត​​តាម​ប្រៃសណីយ៍​ក្នុង​​រដ្ឋ South Carolina


រូបឯកសារ៖ អ្នកបោះឆ្នោតទម្លាក់សន្លឹកឆ្នោត នៅក្នុងធុងបោះឆ្នោតតាមប្រៃសណីយ៍ នៅទីក្រុង Seattle រដ្ឋ Washington កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០។

តុលាការ​កំពូល​សហរដ្ឋ​អាមេរិក​ កាល​ពី​ថ្ងៃ​ច័ន្ទ​ បាន​ចេញ​សាលក្រម​ឲ្យ​អនុវត្ត​នូវ​ច្បាប់​រឹត​បន្តឹង​មួយ​ ដែល​គាំ​ទ្រ​ដោយ​គណបក្ស​សាធារណរដ្ឋ​ ក្នុង​រដ្ឋ South Carolina ដែល​តម្រូវ​ឲ្យ​អ្នកបោះ​ឆ្នោត​ត្រូវ​មាន​ហត្ថលេខាសាក្សី​ម្នាក់​ លើ​សន្លឹក​ឆ្នោត​ដែល​ផ្ញើ​តាម​ប្រៃសណីយ៍ សម្រាប់​ការ​បោះ​ឆ្នោត​ប្រធានាធិបតី នៅ​ថ្ងៃ​ទី​៣ ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ។

​ចៅក្រម​តុលាការ​កំពូល ដែល​បាន​យល់​ព្រម​តាម​សំណើ​របស់​មន្ត្រី​គណបក្ស​សាធារណរដ្ឋ​ជា​ច្រើន​រូប​នោះ ​បានផ្អាក​នូវ​សេ​ចក្តី​សម្រេចរបស់​តុលាការ​ជាន់​ទាប​មួយ​ ដែល​បាន​សម្រេចរាំង​ខ្ទប់​នូវ​ការ​ហាម​ប្រាម​នោះ។ ​នៅ​ក្នុង​សាលក្រម​សង្ខេប​របស់​ខ្លួន​ តុលាការ​កំពូលបាន​លើក​ឡើង​ថា សន្លឹកឆ្នោត​ដែល​បាន​ផ្ញើ​រួច​ហើយ​ មិនតម្រូវ​ឲ្យ​បំពេញ​តាម​លក្ខខណ្ឌ​ខាង​លើ​នេះ ដែល​ត្រូវមាន​ភ្ជាប់​ជាមួយ​ហត្ថលេខា​របស់​សាក្សី​នោះ​ទេ។​

ច្បាប់​នេះ​ត្រូវ​បាន​តវ៉ា​ដោយ​ក្រុម​អ្នក​បោះ​ឆ្នោត​ ដែល​គាំ​ទ្រគណបក្ស​ប្រជាធិបតេយ្យ​ និង​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ក្នុង​រដ្ឋ​នេះ ​ដែល​បាន​អះ​អាង​ថា​ ការ​តម្រូវ​ឲ្យ​មានសាក្សីចុះ​ហត្ថលេខា​លើ​សន្លឹក​ឆ្នោត​ផ្ញើ​តាម​ប្រៃសណីយ៍​នោះ នឹង​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​ពលរដ្ឋ ក្នុង​អំឡុង​ពេល​នៃការ​រាត​ត្បាត​នៃ​វីរុស​កូរ៉ូណា ហើយ​អាច​ធ្វើ​ឲ្យ​ចំនួន​អ្នក​បោះ​ឆ្នោត​មានការថយ​ចុះ​ផង​ដែរ។

មន្ត្រី​គណបក្ស​សាធារណរដ្ឋមួយ​ចំនួន​ ដែល​រួម​មានគណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​របស់​រដ្ឋ​ South Carolina ផង​ដែរ​ បាន​ស្នើ​ដល់​តុលាការ​កំពូល​ឲ្យ​អនុញ្ញាត​ឲ្យ​ច្បាប់​នោះ​ចូល​ជា​ធរមាន​ សម្រាប់​ការ​បោះ​ឆ្នោត​ប្រធានាធិបតី ក្នុង​ខែ​វិច្ឆិកា​ខាង​មុខ​នេះ បន្ទាប់​ពី​ចៅ​ក្រម​សហព័ន្ធ​មួយ​រូប​ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កញ្ញា​ បានសម្រេច​មិន​ឲ្យ​អនុវត្ត​ច្បាប់​នោះ​ សម្រាប់​ការ​បោះ​ឆ្នោត​ ក្នុង​ខែ​វិច្ឆិកានោះទេ​។

សន្លឹកឆ្នោត​សម្រាប់​បោះ​តាម​ប្រៃសណីយ៍​ចំនួន​ប្រមាណ ១ សែន ៥ ម៉ឺន​សន្លឹក ត្រូវ​បាន​ចែក​ជូន​ដល់​ពលរដ្ឋ​នៅ​ក្នុង​រដ្ឋ South Carolina រួច​ហើយ។

ការបោះឆ្នោត​តាម​ប្រៃសណីយ៍ ​គឺ​ជា​ការ​អនុវត្ត​មួយ​ជាប្រចាំ​នៅ​ក្នុង​ការ​បោះឆ្នោត​នានា​ នៅ​សហរដ្ឋអាមេរិក ហើយ​ការ​បោះឆ្នោត​តាម​ប្រៃសណីយ៍ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ត្រូវ​បាន​អនុវត្ត​យ៉ាង​ទូលំទូលាយ ​ក្នុង​អំឡុងពេល​ដែល​មាន​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩ នេះ ដើម្បី​ចៀសវាង​កុំ​ឲ្យ​មាន​មនុស្ស​ច្រើន​កកកុញ​ នៅ​តាម​មណ្ឌល​បោះឆ្នោត​ នៅ​ថ្ងៃ​បោះឆ្នោត៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG