ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​អាមេរិកាំង​ជិត​ ៤​ លាន​នាក់​បាន​បោះ​ឆ្នោត​រួច​ហើយដែល​​ជា​ចំនួន​មួយ​ខ្ពស់​មិន​ធ្លាប់​មាន​ពី​មុន


រូបឯកសារ៖ ស្ត្រីម្នាក់បានទម្លាក់សន្លឹកឆ្នោតរបស់ខ្លួនចូលក្នុងធុងបោះឆ្នោតតាមប្រៃសណីយ៍ នៅទីក្រុង Omaha រដ្ឋ Nebraska កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០។

ពលរដ្ឋ​អាមេរិកាំង​បាន​រួស​រាន់ចេញ​ទៅ​បោះ​ឆ្នោត​មុន​ថ្ងៃ​បោះឆ្នោតនៅ​ខែ​វិច្ឆិកា​ចូល​មក​ដល់ ​ក្នុង​ចំនួន​មួយ​ខ្ពស់ ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​។ នេះ​បើ​តាម​ស្ថិតិ​អំពី​ចំនួន​អ្នក​បោះ​ឆ្នោតមុន​ថ្ងៃ​បោះឆ្នោត។​

នេះ​បង្ហាញ​ថា អាច​នឹង​មាន​ចំនួន​អ្នក​បោះឆ្នោត​ច្រើន​បំផុត​មិន​ធ្លាប់​មាន​ពី​មុន​មក​ នៅ​ក្នុង​ការ​ប្រកួតប្រជែង​យក​តំណែង​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ថ្មី រវាង​បេក្ខជន​ខាង​គណបក្ស​សាធារណរដ្ឋលោក Donald Trump ​និង​គូ​ប្រជែង​របស់​លោក​គឺ​លោក​ Joe Biden មក​ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នោះ។

ដោយ​នៅ​សល់​រយៈពេលមិន​ដល់ ៤ សប្តាហ៍​ទៀត​ផង ​មុន​ពេល​ថ្ងៃ​បោះ​ឆ្នោត​ប្រធានាធិបតី​នៅ​ថ្ងៃ​ទី​ ៣​ ខែ​វិច្ឆិកា​ខាង​មុខ​នេះ​មក​ដល់ ពលរដ្ឋ​អាមេរិកាំងជាង​ ៣ ​លាន ៨ សែន​នាក់​ បានបោះ​ឆ្នោត​រួច​រាល់​ហើយ ដោយ​ចំនួន​នេះ គឺ​លើសចំនួន​អ្នក​បោះ​ឆ្នោត​ក្នុង​ឆ្នាំ​ ២០១៦ ​ចំនួន​ ៧៥.០០០ ​នាក់ ​ក្នុង​រយៈពេល​ដូច​គ្នា​នេះ​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពីអង្គការ​នៃ​គម្រោង​បោះ​ឆ្នោត​អាមេរិក ​U.S. Elections Project ដែល​បាន​ចង​ក្រង​ទិន្នន័យអ្នក​បោះ​ឆ្នោត​ មុន​ថ្ងៃ​បោះឆ្នោត​មកដល់។

ចំនួន​អ្នកបោះ​ឆ្នោត​ដ៏​ច្រើន​នេះ​ ត្រូវ​បានគេ​មើល​ឃើញ​ថា ដោយ​សារការពង្រីកឲ្យ​មាន​ការ​បោះ​ឆ្នោត​បាន​លឿន​មុន​កាល​កំណត់ ​និង​ការបោះ​ឆ្នោត​តាមប្រៃសណីយ៍​ នៅ​ក្នុង​រដ្ឋ​ជា​ច្រើន ​ដែល​ជា​វិធី​មួយ​ដែល​មាន​សុវត្ថិភាព ​ក្នុង​ការ​បោះ​ឆ្នោត​ក្នុង​អំឡុង​ពេល​ដែល​មាន​ការ​រាតត្បាត​នៃវីរុស​កូរ៉ូណា ​និង​ការ​ចង់​ដឹង​ពី​អនាគត​នយោបាយ​របស់​លោក​ Trump ផង​ដែរ។ ​នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​ Michael McDonald នៃ​សាកល​វិទ្យាល័យ ​Florida និង​ជា​អ្នក​គ្រប់​គ្រង​គម្រោង​នេះ។​

លោក​ McDonald បាន​ថ្លែងថា៖ «យើង​មិនដែលឃើញ​ពលរដ្ឋ​ក្នុង​ចំនួន​ដ៏ច្រើនយ៉ាង​នេះ​ទេ ​ដែល​បាន​បោះ​ឆ្នោត​រួចហើយ នៅ​មុន​ថ្ងៃបោះ​ឆ្នោត​មកដល់ ដែល​នៅ​សល់​ច្រើន​ថ្ងៃ​ទៀត»៕​

ដោយ​សារ​ចំនួន​អ្នក​បោះ​ឆ្នោត​មុន​ថ្ងៃ​បោះឆ្នោត​មកដល់​ មាន​សន្ទុះ​ហក់​ឡើង​ខ្ពស់​នោះ បាន​ធ្វើ​ឲ្យ​លោក McDonald ប៉ាន់​ស្មាន​ថា ​អាច​មាន​ចំនួន​អ្នក​បោះ​ឆ្នោត​សរុប​ប្រមាណ​ ១៥០ ​លាន​នាក់ ឬ​អាច​ស្មើនឹង​ប្រមាណ​ ៦៥% ដែល​ជា​ចំនួន​ខ្ពស់​បំផុត​នៃ​អ្នក​ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត ចាប់​តាំង​ពី​ឆ្នាំ ១៩០៨មក។

តាម​ការ​ស្ទង់​មតិ​ថ្នាក់​ជាតិ​បង្ហាញ​ថា​ លោក Biden នាំមុខ​លោក​ Trump តែ​ទោះ​យ៉ាង​ណាក៏​ដោយ​ ក៏​រដ្ឋ​គន្លឹះ​ដែល​អាច​កំណត់​លទ្ធផល​នៃ​ការ​បោះឆ្នោត​នោះ​ បង្ហាញថា​ បេក្ខជន​ទាំង​ពីរ​មាន​សំឡេង​ឆ្នោត​គាំទ្រ​ប្រហាក់​ប្រហែល​គ្នា៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG