នៅពេលដែលពួកមន្រ្តីនៅរដ្ឋធានីវ៉ាស៊ីនតោនសហរដ្ឋអាមេរិកហើយនឹងរដ្ឋ Virginia ដែលជារដ្ឋជិតខាងប្រុងប្រៀបទប់ទល់ខួបលើកទី១នៃការប្រមូលផ្តុំពួកជាតិនិយមស្បែកសដែលបានផ្ទុះអំពើហិង្សាដ៏ប្រល័យនោះ ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានចេញការអង្វករមួយឲ្យមានសាមគ្គីភាពកាលពីថ្ងៃសៅរ៍។
ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានសរសេរសារតាមប្រព័ន្ធ Twitter មកពីក្លឹបវាយកូនហ្គោលរបស់លោកនៅរដ្ឋ New Jersey ថា «យើងត្រូវតែរួបរួមគ្នាជាប្រទេសជាតិតែមួយ។ ខ្ញុំថ្កោលទោសគ្រប់ទម្រង់នៃការប្រកាន់ពូជសាសន៍ទាំងអស់ហើយនឹងសកម្មភាពហិង្សា។ សន្តិភាពស្ថិតនៅជាមួយពលរដ្ឋអាមេរិកាំងទាំងអស់»។
លោកប្រធានាធិបតីត្រាំបានមានប្រសាសន៍បន្ថែមទៀតថា លោកបានប្រយុទ្ធដើម្បីធ្វើឲ្យប្រសើរឡើងនូវជីវិតរបស់ជនជាតិភាគតិចហើយបានសន្យាថា «ខ្ញុំនឹងមិនបញ្ឈប់ការប្រយុទ្ធដើម្បីជនជាតិអាមេរិកាំងទាំងអស់ទេ»។
ការឆ្លើយតបរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដល់បាតុកម្មកាលពីឆ្នាំទៅក្នុងទីក្រុង Charlottesville រដ្ឋ Virginia បានធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំងនៅពេលដែលលោកបានប្រកាសនៅឯសន្និសីទកាសែតនៅវិមាន Trump Tower ថាមានមនុស្សល្អនៅភាគីទាំងសងខាងនោះ។
លោកស្រី Muriel Bowser អភិបាលរដ្ឋធានីវ៉ាស៊ីនតោន បាននិយាយកាលពីថ្ងៃព្រហស្បត៍ថា លោកស្រីបានចុះហត្ថលេខាលើបទបញ្ជាមួយដើម្បីពង្រីកកិច្ចប្រតិបត្តិ ការគ្រាអាស័ន្នក្នុងការប្រុងប្រៀបសម្រាប់បាតុកម្មដែលត្រូវបានគេគ្រោងធ្វើឡើងនៅថ្ងៃអាទិត្យនៅទីលាន Lafayette ជាឧទ្យាននៅម្ខាងទៀតនៃសេតវិមាន។ ពួកបាតុករប្រឆាំងក៏មានការអនុញ្ញាតឲ្យប្រមូលផ្តុំគ្នានៅឯឧទ្យាននិងទីកន្លែងផ្សេងៗទៀតនៅក្បែរនោះដែរ៕