ពួកគេថ្លែងថា ព្រះជាម្ចាស់បានឮអ្វីដែលពួកគេបន់ស្រន់ ហើយក្បួនដង្ហែនេះគឺជាការបន់ស្រន់ដើម្បីស្វែងរកយុត្តិធម៌។ ពួកគេមិនបានលុតជង្គង់បន់ស្រន់នោះទេ ប៉ុន្តែដោយប្រើប្រាស់ជើងរបស់ពួកគេដើរដង្ហែ ដើម្បីសុំឲ្យបញ្ចប់ការរើសអើសពណ៌សម្បុរ និងការប្រកាន់ពូជសាសន៍និងការរើសអើងនានា។
អ្នកស្រី Catherine Lynch ដែលជាស្ត្រីជនជាតិជ្វីពស្រឡាញ់ភេទដូចគ្នាបានថ្លែងថា៖
«វាមិនមែនជាបញ្ហារបស់អ្នកដែលមានស្បែកខ្មៅប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាបញ្ហាសម្រាប់ពួកជ្វីពផងដែរ។ វាគឺជាបញ្ហាសម្រាប់មនុស្សគ្រប់គ្នា ដោយសារតែពួកយើងទាំងអស់គ្នាមានផ្នែកខ្លះដែលត្រូវបានចាត់ទុកជាគោលដៅរបស់ក្រុមទាំងនោះ»។
ដោយប្រើប្រាស់ពាក្យថា «ក្រុមទាំងនោះ» អ្នកស្រី Lynch សំដៅទៅលើឧប្បទ្ទវហេតុស្លាប់រស់មួយដែលបានកើតឡើងកាលពី២សប្តាហ៍មុននៅក្នុងទីក្រុង Charlottesville រដ្ឋ Virginia។ ក្រុមស្បែកស ដែលគិតថា ខ្លួនអស្ចារ្យជាងគេឬ «white supremacist» និងក្រុមជ្រុលនិយមផ្សេងទៀតបានធ្វើប្រមូលផ្តុំគ្នារយៈពេល២ថ្ងៃ ហើយបានថ្លែងសុន្ទរកថាដែលប្រកបដោយភាពស្អប់ខ្ពើម។ សមាជិកនៃក្រុមស្បែកស ដែលគិតថាខ្លួនល្អអស្ចារ្យជាងគេមួយរូប បានបើករថយន្តមួយបុកហ្វូងបាតុករដែលប្រឆាំងនឹងខ្លួន ដោយបានសម្លាប់ស្ត្រីម្នាក់និងធ្វើឲ្យមនុស្ស១៩នាក់ទៀតរងរបួស។
ចាប់តាំងពីពេលនោះមក មនុស្សជាច្រើនបានថ្លែងថា ប្រទេសនេះបានដើរថយក្រោយមួយជំហាន ហើយប្រទេសនេះកំពុងស្ថិតក្នុងស្ថានភាពបែកបាក់ដ៏គ្រោះថ្នាក់មួយ។
អ្នកស្រីបព្វជិត Joann Hilton បានសរសេរនិក្ខេបទថ្នាក់បណ្ឌិតរបស់អ្នកស្រីអំពីសារៈសំខាន់នៃយុត្តិធម៌សង្គមនៅក្នុងពិធីសក្ការៈបូជា។ អ្នកស្រីបានថ្លែងថា វាអាស្រ័យទៅលើមេដឹកនាំសាសនា ដើម្បីបង្រៀននិងប្រៀនប្រដៅពីវា។
«មនុស្សម្នាបាននាំគ្នាភ្លេចអស់ហើយ។ ពួកគេគិតថា ពួកយើងស្ថិតក្នុងសង្គមមួយក្នុងសម័យមួយដែលលែងមានការរើសអើងទៀត ប៉ុន្តែវាមិនពិតនោះទេ។ វាគ្រាន់តែត្រូវបានបិទបាំង។ ការរើសអើងជាតិសាសន៍ត្រូវបានលាក់ខ្លួន ប៉ុន្តែឥឡូវនេះ ជាមួយនឹងប្រធានាធិបតីថ្មី បញ្ហារើសអើងនេះបានលេចឡើងវិញ»។
លោក Aaron Shingler គ្រូបង្រៀនសាលា Sunday បានថ្លែងថា៖
«ខ្ញុំមិនដឹងថា របៀបវារៈរបស់លោកជាអ្វីនោះទេ ប៉ុន្តែវាជារបៀបវារៈដែលមិនបានលើកតម្កើងភាពយុត្តិធម៌នោះទេ»។
អ្នកបន់ស្រន់ម្នាក់បានឈប់នៅខាងមុខសណ្ឋាគារអន្តរជាតិរបស់លោក Trump នៅតាមដងវិថី Pennsylvania ដោយឥតគ្រោងទុក។
មនុស្សជាច្រើនបានដើរតាមមាគ៌ានេះពីមុន ក្នុងអំឡុងពេលសម័យសិទ្ធិស៊ីវិលកាលពីទសវត្សរ៍១៩៦០។ ឥឡូវនេះពួកគេនៅជាមួយនឹងអ្នកជំនាន់ថ្មី។
អ្នកស្រី Tiffany Rose រស់នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនបានថ្លែងថា៖
«នៅពេលដែលយើងឃើញមានភាពអយុត្តិធម៌កើតមានឡើងនៅក្នុងប្រទេសជាតិយើង យើងត្រូវតែក្រោកឈរឡើងហើយត្រូវធ្វើឲ្យគេបានដឹងឮពីសំឡេងរបស់យើង»។
ក្បួនដង្ហែនេះបានបញ្ចប់នៅក្រសួងយត្តិធម៌របស់អាមេរិក។ មិនមានអាត្ថាធិប្បាយភ្លាមៗពីរដ្ឋបាលលោក Trump នោះទេ ប៉ុន្តែមិនយូរប៉ុន្មានក្រោយពីអំពើហិង្សានៅក្នុងទីក្រុង Charlottesville លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ Jeff Sessions បានថ្លែងថា លោកយល់ស្របជាមួយនឹងមតិយោបល់ដល់លោកប្រធានាធិបតី។
«ការរើសអើងពូជសាសន៍ ក្រុមស្បែកស ដែលគិតថាខ្លួនអស្ចារ្យជាងគេទាំងនោះ ពិតជាមិនអាចទទួលយកបាននោះទេ»។
ការលើកឡើងនេះប្រហែលជាមិនគ្រប់គ្រាន់សម្រាប់ក្រុមទាំងនេះនោះទេ៕
ប្រែសម្រួលដោយ ស្រេង លក្ខិណា