ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ក្រុម​មេបញ្ជាការ​យោធា​អាមេរិក​បដិសេធ​ថា មិន​មាន​​ជន​ជ្រុលនិយម​នៅ​ក្នុង​ជួរ​យោធា​ឡើយ


កងកម្លាំង​ម៉ារីន​អាមេរិកាំង​របស់​កងពលMarine Wing Support Detachment លេខ​៣១ ដើរ​លើ​ខ្សែ​ក្នុង​ពី​ហ្វឹកហាត់​មួយ​នៅ​ក្នុង​បន្ទាយ​ទាហាន Marine Corps Recruit Depot Parris Island រដ្ឋ South Carolina កាលពី​ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧។

ខណៈ​ដែល​ក្រុម​ពលរដ្ឋ​អាមេរិកាំង​ស្បែក​ស ដែល​គិត​ថា ខ្លួន​ឯង​​អស្ចារ្យ​ជាង​គេ និង​ក្រុម​អ្នក​​ជាតិ​និយម​ជ្រុល​នានា បាន​បង្ហាញ​ខ្លួន​នៅ​ទី​សាធារណៈ និង​តាម​បណ្តាញ​ព័ត៌មាន​កាន់​តែ​ញឹកញយ​ នា​ពេល​ថ្មីៗ​នេះ ក្រុម​មេបញ្ជាការ​យោធា​អាមេរិក​បាន​បញ្ជាក់​ច្បាស់​ថា ជន​ទាំង​នេះ​មិន​មាន​វត្តមាន​​នៅ​ក្នុង​ជួរ​យោធា​នោះ​ទេ។

ក្រុម​មេបញ្ជាការ​កងទ័ព​ជើង​គោក កង​ទ័ព​ជើង​អាកាស កង​ទ័ព​ជើង​ទឹក និង​កង​ទាហាន​ម៉ារីន​អាមេរិកាំង កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ចេញ​សេចក្តីថ្លែងការណ៍ ប្រកប​ដោយ​សារ​មុតមាំ​មួយ​ ​ថ្កោលទោស​ទៅ​លើ​ភាព​មិន​ចេះ​អត់ធ្មត់ និង​ការ​ប្រកាន់​ពូជសាសន៍ បន្ទាប់​ពី​ការ​ធ្វើ​បាតុកម្ម​តាម​កន្លែង​ផ្សេងៗ​នៅ​ក្រុង Charlottesville រដ្ឋ​ Virginia ​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​មក។ ក្រុម​អ្នក​រៀបចំ និងអ្នកចូលរួម​នៅ​ក្នុង​បាតុកម្ម​លើក​ដំបូង​គេ គឺ​ជា ក្រុម​ជន​ប្រកាន់​គោលជំហរ​ប្រកាន់​ពូជសាសន៍ និង​ជា​ក្រុម​ជន​ស្បែក​ស​ជាតិ​និយម។

អ្នក​ជំនាញ​ផ្នែក​យោធា និង​យោធា​ចូល​និវត្តន៍​មួយ​ចំនួន​និយាយ​ថា នេះ​ជា​សារ​ដ៏​សំខាន់​មួយ​សម្រាប់​អ្នក​បម្រើការនៅ​ក្នុង​ជួរ​យោធា។

លោក Peter Mansoor វរសេនីយ៍​ឯក​កងទ័ពជើង​គោក​អាមេរិកាំង​ ចូលនិវត្តន៍​មួយ​រូប និង​ជា​សាស្ត្រាចារ្យ​ផ្នែក​ប្រវត្តិសាស្ត្រ​យោធា​នៅ​សាកល​វិទ្យាល័យ​ Ohio State បាន​និយាយ​ថា៖

«ខ្ញុំ​គិត​ថា វា​ជា​ការ​សំខាន់​ សម្រាប់​មេបញ្ជាការ​យោធា​ក្នុង​ការ​ប្រកាស​ពី​អ្វី​ដែល​បាន​កើតឡើង និងជា​ការ​សំខាន់​សម្រាប់​ពួកគេ​ក្នុង​ការ​បង្ហាញ​ថា ករណី​ដែល​ប្រជាពលរដ្ឋ​ចេញ​មុខ​មក​គាំទ្រ​វប្បធម៌​របស់​ពួកគេ​នៅ​ក្នុង​ទីក្រុង Charlottesville គឺ​មិន​មាន​សោះ​ឡើយ​នៅ​ក្នុង​ជួរ​កងកម្លាំង​ប្រដាប់​អាវុធ​របស់​យើង។ នេះ​មិនមែន​ជា​វប្បធម៌ (យោធា) របស់​យើង​ទេ»។

លោក Steven Leonard វរសេនីយ៍​ឯក​កង​ទ័ព​ជើង​គោក​អាមេរិកាំង​ចូលនិវត្តន៍​ ដែល​នា​ពេល​បច្ចុប្បន្ន​នេះ​ជា​សាស្ត្រាចារ្យ​នៅ​មហាវិទ្យាល័យ​ពាណិជ្ជកម្មនៃ​សាកលវិទ្យាល័យ​ Kansas (University of Kansas School of Business) បាន​និយាយ​ថា សារ​ពី​សំណាក់​ក្រុម​មេបញ្ជាការ​យោធា​គឺ​ មាន​លក្ខណៈ​ច្បាស់លាស់។ លោក​បាន​មាន​ប្រសាសន៍​ថា៖

«ប្រសិន​បើ​អ្នក​មិន​អាច​គោរពតាម​តម្លៃ​របស់​អង្គភាព​របស់​យើងនោះទេ នោះអ្នកក៏មិន​អាច​មាន​តំណែង​នៅ​ក្នុង​ជួរ​យោធា​នោះ​ដែរ»។

លោក Leonard ក៏​ជា​អ្នក​គ្រប់គ្រង​ប្លុក​ដ៏​មាន​ប្រជាប្រិយភាព​មួយ​ឈ្មោះ​ថា Doctrine Man និង​វេទិកា​បណ្តាញ​សង្គម ដែល​ពិភាក្សា​ពី​បញ្ហា​យោធា និង​យោធិន​ចូល​និវត្តន៍​ផង​ដែរ។

ក្រសួង​ការពារជាតិ​អាមេរិក​បាន​ដាក់​បម្រាម​ហាម​ឃាត់​ការ​គាំទ្រ​យ៉ាង​សកម្ម​ណា​មួយ​ទៅ​លើ​បុព្វហេតុ​របស់​ក្រុម​ជន​ដែល​គិត​ថា ខ្លួន​ឯង​អស្ចារ្យ​ជាង​គេ ក្រុម​ជន​ជ្រុលនិយម និង​ក្រុម​ជន​អន្ធពាល។ ការ​ប្រព្រឹត្ត​ដូចនេះ​អាច​នាំ​ឲ្យ​មាន​ការ​ដកចេញ​ពី​ជួរ​យោធា។

ខណៈ​ដែល​យោធា​គឺ​ជា សហគមន៍​ដែល​បញ្ច្រាប​ចូល​សង្គម​ដ៏​ខ្លាំង​ក្លា​មួយ​នៅ​ក្នុង​សហរដ្ឋអាមេរិក ​បញ្ហា​នៃ​ក្រុម​ជន​ជ្រុលនិយម​ក៏​មាន​កើត​ឡើងផង​ដែរ។ មេដឹកនាំ​មួយ​ចំនួន​នៃក្រុម​ជន​ប្រកាន់​ពូជសាសន៍​នា​ពេល​បច្ចុប្បន្នធ្លាប់​បាន​បម្រើការ​នៅ​ក្នុង​ជួរ​យោធា​ពី​មុន​មក ហើយ​យោធិន​ចូលនិវត្តន៍​មួយ​ចំនួន​ធ្លាប់​បាន​ប្រព្រឹត្ត​បទល្មើស​ស្អប់​គុំគួន និង​បំភិតបំភ័យ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ។

យោធា​បាន​ទទួល​ស្គាល់​ថា ខ្លួន​ក៏​មាន​បញ្ហា​នេះ​កើត​ឡើង​ដែរ។ ជាពិសេស ​បន្ទាប់​ពី​យោធិន​ចូល​និវត្តន៍​លោក Timothy McVeigh បានបំផ្ទុះ​អគារ​រដ្ឋាភិបាល​សហព័ន្ធ​មួយ​ក្នុង​ក្រុង Oklahoma City រដ្ឋ Oklahoma ក្នុង​ឆ្នាំ ១៩៩៥ ដោយ​បាន​សម្លាប់​មនុស្ស ១៦៨​នាក់។ បន្ទាប់​ពី​នោះ​មក ក្រសួងការពារ​ជាតិ​អាមេរិក​បាន​បើកយុទ្ធនាការ​មួយបណ្តេញជន​សកម្មប្រយុទ្ធ​ចេញ​ពី​ជួរ​យោធា។

ហើយ​យុទ្ធនាការ​នេះ​ទទួល​បាន​លទ្ធផល​វិជ្ជមាន។ នេះ​បើ​យោង​ទៅ​តាម​ការ​បញ្ជាក់របស់​អង្គការ​ Southern Poverty Law Center ដែល​តាមដាន​ក្រុម​ស្អប់គុំគួន​នៅ​សហរដ្ឋ​អាមេរិក។ ប៉ុន្តែ​នៅ​ក្នុង​រយៈពេល​តិច​ជាង​មួយ​ទសវត្សរ៍​មក​នេះ ដំណើរការ​វិវត្ត​ទៅ​មុខ​នេះ​បាន​ថមថយ​ទៅ​វិញ ពីព្រោះ​យោធា​បាន​បន្ធូរបន្ថយ​លក្ខខណ្ឌ​ក្នុង​ការ​ជ្រើសរើស​ទាហាន​ថ្មី​ ដើម្បី​បំពេញ​តម្រូវការ​ ពេល​ដែល​សហរដ្ឋអាមេរិក​ធ្វើ​សង្គ្រាម​នៅ​អាហ្វហ្គានីស្ថាន និង​ប៉ាគីស្ថាន។ នេះ​បើ​យោង​ទៅ​តាម​របាយការណ៍ឆ្នាំ ២០០៦ និង​២០១២ របស់​អង្គការ​ Southern Poverty Law Center នេះ។

លោក Peter Mansoor ​បាន​និយាយ​ថា៖ «យោធា​គឺ​ជា​ ការ​ឆ្លុះបញ្ចាំង​មួយ​ពី​សង្គម​អាមេរិក» ដែល​នេះ​មាន​ន័យ​ថា យោធា​មាន​សមាជិក​ដែល​ប្រវត្តិ​ផ្សេងៗ​គ្នា និង​មាន​ជំនឿ​ខុសៗ​គ្នា។ លោក​បាន​បន្ត​ថា៖ «នៅ​ពេល​ដែល​យើង​មានបុគ្គល​ថ្មី​ម្នាក់​ចូល​មក​ បុគ្គល​នោះ​អាច​កើត​នៅ​ក្នុង​សង្គម​ជន​អន្ធពាល​ ឬ​សង្គម​ជន​ស្បែក​ស​ជាតិ​និយម​ជា​ដើម»។

​ក្រុម​ជន​អន្ធពាល​ និង​ក្រុម​ជន​ស្បែក​ស​ជាតិ​និយម​មួយ​ចំនួន​នៅ​សហរដ្ឋអាមេរិក​ បាន​ជំរុញ​ឲ្យ​សមាជិក​របស់​ខ្លួន​ចូល​បម្រើការ​ក្នុង​ជួរ​យោធា ជា​ពិសេស​នៅ​ក្នុង​កង​ទាហាន​ជើង​គោក និង​កង​ម៉ារីន។ នេះ​បើ​យោង​ទៅ​តាម​ការ​សិក្សា​របស់អង្គការ​ Southern Poverty Law Center។ ក្រុម​ជន​ជាតិ​និយម​មួយ​ចំនួន​គាំទ្រ «សង្គ្រាម​ពូជសាសន៍» ប្រឆាំង​នឹង​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើតអាហ្វ្រិក ជនជាតិ​ជ្វីព និង​ក្រុម​ជនភាគ​តិច​ដទៃ​ទៀត ហើយ​ពួកគេ​ចង់​បាន​សមាជិក​មាន​អាវុធ និង​បទពិសោធន៍​ផ្នែក​យុទ្ធសាស្ត្រ។

លោក​ Leonard បាន​និយាយ​ថា៖ «ពួកគេ​បាន​ធ្វើ​ដូចនេះ​អស់រយៈពេល​រាប់​ឆ្នាំ​មក​ហើយ។ ហើយ​ក្រុម​ជន​អន្ធពាល​ក៏​បាន​ធ្វើ​ដូចនេះ​ផង​ដែរ។​ លោក​បាន​បន្ត​ថា៖ «តើ​អ្នក​អាចទទួល​បានជំនាញ​ទាំង​នោះ​ពី​កន្លែង​ណា​ទៀត?»។

ប៉ុន្តែ​ការណ៍​នេះ​បាន​បង្ក​ជា​ បញ្ហា​ប្រឈម​មួយ។ សមាជិក​យោធា​ណា​ ដែល​មាន​ការ​ប្តូរផ្តាច់​ជាមួយ​នឹង​ក្រុម​ស្អប់​គុំគួន ឬ​ក្រុម​ជន​អន្ធពាល​គឺ​ទំនង​ជា​នឹង​រក្សា​ភាព​ស្ងៀមស្ងាត់។

លោក Leonard បាន​និយាយ​ថា៖ «ប្រសិន​បើ​ពួកគេ​មិន​បង្ហាញ​ខ្លួន តើ​អ្នក​អាច​ធ្វើ​អ្វី​បាន​ទៅ?»។

ទោះបី​ជា​ការ​ហ្វឹកហាត់​របស់​យោធាសង្កត់ធ្ងន់​ទៅ​លើ​ភាព​អត់ធ្មត់​ក៏​ដោយ ក៏​លោក​ Mansoor បាន​កត់​សម្គាល់​ថា វា​មិន​អាច​ទៅ​រួច​ក្នុង​ការ «បង្ហាត់​បង្រៀន» ឲ្យ​ពួកគេ​បោះបង់​ចោល​ជំនឿមិន​ល្អ​នោះ។ លោក​បាន​បន្ត​ថា៖ «អ្នក​ត្រូវ​តែ​រៀន​សម្រប​ជាមួយ​នឹង​វា​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ និង​បង្ហាញ​តម្លៃ​ជា​គំរូ​នៅ​ពេល​ណា​ឱកាស​ផ្តល់​ឲ្យ»។

លោក Mansoor ដែល​បាន​បម្រើការ​ជា​មេបញ្ជាការ​កងពល​មួយ​នៅ​អ៊ីរ៉ាក់ ក្នុង​ឆ្នាំ ២០០៣ បាន​និយាយ​ថា ការ​ធ្វើ​ដូចនេះ​មាន​សារៈសំខាន់។ លោក​បាន​និយាយ​ថា៖

«ប្រសិន​បើ​អ្នក​មាន​ការ​បែងចែក​នៅ​ក្នុង​ជួរ​យោធា​ ដោយ​ផ្អែក​លើ​ពណ៌​សម្បុរ​របស់​បុគ្គល​ណា​ម្នាក់ ឬ​ជំនឿ​ ឬ​ភេទ​របស់​ជន​នោះ វា​ហាក់​ដូច​ជា​ជំងឺ​មហារីកមួយ​ដែល​កំពុង​រីករាលដាល​ និង​បង្ក​ឲ្យ​មាន​ការ​បែកបាក់​ ហើយ​នៅ​ទី​បំផុត​វា​នឹង​ប៉ះពាល់​ដល់​ប្រសិទ្ធភាព​នៃ​ការ​ប្រយុទ្ធ​របស់កងទាហាន»។

អតីត​មេបញ្ជាការ​នានា​បាន​និយាយ​ថា ​ដោយសារ​តែ​ហេតុ​នេះ​ហើយ​បាន​ជា ​មេបញ្ជាការ​បង្វឹក​កងទាហាន​តាំង​ពី​ដើម​ទី​មក ដើម្បី​ឲ្យ​ក្លាយ​ជា​កងកម្លាំង​រួម​មួយ បើ​មិន​ដូច្នេះ​ទេ កង​ទាហាន​នឹង​ចុះ​ខ្សោយ។

សរុប​មក ខណៈ​ដែល​ប្រហែល​មាន​ក្រុម​ជន​ស្បែក​ស ដែល​គិត​ថា ខ្លួន​ឯង​អស្ចារ្យ​ជាង​គេ​នៅ​ក្នុង​ជួរ​យោធា យោធា​អាមេរិក​បាន​ក្លាយ​ជា​ទីប្រជុំ​ពលរដ្ឋ​ជាតិសាសន៍​លាយ​គ្នា​ច្រើន​ជាង​គេ​បង្អស់​មួយ​នៅ​ក្នុង​ប្រទេស​ចាប់​តាំង​ពី​យោធា​ត្រូវ​បាន​ធ្វើ​ការ​រួម​បញ្ចូល​កាល​ពី​ជិត ៧០ឆ្នាំ​មុន។ ទាហាន​បម្រើការ​ ដែល​មានប្រវត្តិ​ផ្សេងៗ​គ្នា​ រស់នៅ និង​ធ្វើការ​នៅ​លើនាវា និង​ក្នុង​បន្ទាយ ខណៈ​ដែល​ការ​ស្នាក់អាស្រ័យ និង​ការ​រៀន​សូត្រ​សម្រាប់​គ្រួសារ​ពួកគេ​លាតត្រដាង​ឲ្យ​ឃើញ​ពី​ពលរដ្ឋ​គ្រប់​ជាតិ​សាសន៍​ក្នុង​សហរដ្ឋអាមេរិក។

អ្នកស្រី​ Margaret Witt ដែល​ជា​នាយ​ឧត្តមសេនីយ៍​កងទ័ព​ជើង​អាកាស​ចូលនិវត្តន៍ ដែល​ត្រូវ​គេ​បញ្ឈប់​ការងារ ដោយសារ​តែ​ជម្រើស​ផ្លូវភេទ​របស់​អ្នកស្រី បាន​និយាយ​ថា «យើង​អាច​ជា​ឧបករណ៍​ល្អ​ក្នុង​ការ​ធ្វើ​ជា​ពលរដ្ឋ​ល្អ​ម្នាក់»។ ឥឡូវ​នេះ​អ្នកស្រី​បម្រើការជា​អ្នកព្យាបាល​ផ្នែក​កាយសម្បទា​ឲ្យ​ការិយាល័យ​គ្រប់គ្រង​យោធិន​ចូលនិវត្តន៍​ក្នុង​ក្រុង Portland រដ្ឋ Oregon។ ការ​ឈ្នះ​ការ​ប្តឹង​ផ្តល់​ក្នុង​រឿង​ក្តី​រើសអើង​របស់​អ្នកស្រី​ បាន​ត្រួសត្រាយ​ផ្លូវ​ឲ្យ​ក្រសួង​ការពារ​ជាតិ​អាមេរិក​អនុញ្ញាត​ឲ្យ​បុរស និង​ស្ត្រី ដែល​ស្រឡាញ់​ភេទ​ដូចគ្នា ចូល​បម្រើការ​នៅ​ក្នុង​ជួរ​យោធា​បាន។

​អ្នកស្រី​បាន​និយាយ​ថា «យោធា​ពិត​ជា​បាន​ប្រឹងប្រែង​យ៉ាង​ខ្លាំងក្លា​ ក្នុង​ការ​ជំរុញ​ទៅ​មុខ​លើ​បញ្ហា​ភាព​អត់ធ្មត់​នេះ» ដែល​រួម​មាន​ការ​ទទួល​យក​បុរស និង​ស្ត្រី​ ដែល​ស្រឡាញ់​ភេទ​ដូចគ្នា ទោះ​បី​ជា​ វា​ត្រូវ​ការ​ពេលវេលា​ដើម្បី​ផ្លាស់ប្តូរ​ឥរិយាបថនៅ​ក្នុង​ស្ថាប័ន​ដ៏​ធំ​មួយ​នេះ​ក៏ដោយ។

លោក Leonard និយាយ​ថា យោធា​ពិត​ជា​បាន​សម្រប​ទៅ​នឹង​ការ​ផ្លាស់ប្តូរ​ក្នុង​សង្គម ដោយសារ​តែ​អ្វី​ដែល​សំខាន់​នោះ គឺ​សមត្ថភាព​របស់​ទាហាន​បម្រើការ​ទៅ​វិញ​ទេ។

លោក​បាន​និយាយ​ថា៖ «តើ​អ្នក​អាច​បំពេញ​តូនាទីរបស់​អ្នក​បាន​ទេ នៅ​ពេល​មាន​ការ​បាញ់​បោះ​ទៅ​វិញ​ទៅ​មក?»។ លោក​បាន​បន្ត​ថា ប្រសិន​បើ​អ្នក​មិន​អាច​ធ្វើ​បាន​នោះទេ «អ្នក​នឹង​ធ្វើ​ឲ្យ​ជីវិត​អ្នកដទៃ​ជួប​គ្រោះថ្នាក់​ហើយ»៕

ប្រែសម្រួល​ដោយ​ណឹម សុភ័ក្ត្របញ្ញា

XS
SM
MD
LG