ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នៅ​ទីក្រុង​មួយ​ចំនួន សកម្មជន​អាមេរិកាំង​អំបូរ​ដើម​ច្រាន​ចោល​ទិវា Columbus


រូប​របស់​បុរស​ម្នាក់​ដែល​គេ​ជឿ​ថា ជា​រូប​របស់​លោកChristopher Columbu គូរ​ដោយ​វិចិត្រករ Sebastiano del Piombo នៅ​ក្នុង​ឆ្នាំ១៥១៩។
រូប​របស់​បុរស​ម្នាក់​ដែល​គេ​ជឿ​ថា ជា​រូប​របស់​លោកChristopher Columbu គូរ​ដោយ​វិចិត្រករ Sebastiano del Piombo នៅ​ក្នុង​ឆ្នាំ១៥១៩។

ក្មេងៗ​សិស្ស​សាលា​នៅ​សហរដ្ឋ​អាមេរិក​ជា​ច្រើន​ជំនាន់​បាន​សូត្រ​កំណាព្យ​ដែល​មាន​ខ្លឹមសារ​ដើម​ថា «កាលពី​ឆ្នាំ​១៤៩២ លោក Columbus បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​មហា​សមុទ្រ‍​ខៀវ‍» ដើម្បី​ប្រារព្ធ​ទិវា Colombus។ ទិវា​ Columbusដែល​តែង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ទី២ ក្នុង​ខែ​តុលា គឺ​ជា​ថ្ងៃ​ឈប់​សម្រាក​របស់​សហព័ន្ធ ដើម្បី​អបអរ​ការ​រក​ឃើញ​អាមេរិក ដោយ​លោក Christopher Columbus ដែល​ជា​អ្នក​រុករក​កាលពី​សតវត្សរ៍​ទី១៥។

ទិវា Columbus បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​អាមេរិក​អំបូរ​ដើម​មាន​ភាព​សោកសៅ​និង​ខឹង​សម្បារ ដោយ​និយាយ​ថា ទិវា​នេះ​បាន​មើល​រំលង​ការ​សម្លាប់​រង្គាល​និង​ការ​លុកលុយ​ទៅ​លើ​ម្ចាស់​ស្រុក​ដើម​នៅ​អឌ្ឍគោល​ខាង​លិច ដោយ​ក្រុម​អ្នក​ស្វែង​រក​ទ្រព្យ​សម្បត្តិ​របស់​អេស្ប៉ាញ។

ជា​ច្រើន​សតវត្សរ៍​មក​នេះ​ មាន​រឿង​និទាន​ជា​ច្រើន​អំពី​លោក Columbus ប៉ុន្តែ​ភាគ​ច្រើន​មិន​ពិត​នោះ​ទេ។ ក្រុម​ប្រវត្តិវិទូ​បាន​បង្ហាញ​ថា លោក​ទំនង​ជា​មក​ពី​ភាគ​ឥសាន​ប្រទេស​អេស្ប៉ាញ មិន​មែន​អ៊ីតាលី​នោះ​ទេ។ លោក​ត្រូវ​បាន​គេ​លើក​ឡើង​ថា ជា​អ្នក​ដែល​បាន​បង្ហាញ​ទៅ​កាន់​អឺរ៉ុប​ថា ផែន​ដី​មាន​រាង​មូល មិន​មែន​រាប​នោះ​ទេ។ ដូច​ដែល​បាន​រក​ឃើញ​កាលពី​ប៉ុន្មាន​សតវត្សរ៍​មុន​ដោយ​ក្រិក រ៉ូម៉ាំង អារ៉ាប់ ​និង​ពលរដ្ឋ​អឺរ៉ុប​ដែល​មាន​ការ​អប់រំ​បាន​ដឹង​រួច​ទៅ​ហើយ​ថា​ផែន​ដី​មាន​រាង​មូល។

ហើយ​រឿង​និទាន​ដែល​គេ​ដឹង​ឮ​ខ្លាំង​ជាង​គេ​គឺ​លោក Columbus បាន​រក​ឃើញ​ទ្វីប​អាមេរិក​ ដែល​ជា​ទ្វីប​មួយ​មាន​មនុស្ស​ចូល​មក​រស់​នៅ​តាំង​ពី​រាប់​ពាន់​ឆ្នាំ​មុន។ ហើយ​លោក​ Columbus ក៏​មិន​មែន​ជា​អ្នក​មក​ពី​អឺរ៉ុប​ដំបូង​គេ​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទ្វីប​អាមេរិកទេ។ លោក Leif Erikson ដែល​ជា​អ្នក​រុករក​មក​ពី​តំបន់ Norse ទំនង​ជា​អ្នក​ដែល​បាន​មក​ជាន់​លើ​ទ្វីប​អាមេរិក​មុន​លោក Columbus ជិត​៥០០ឆ្នាំ។

​លោក Vincent Schilling ដែល​ជា​អ្នក​កាសែត​និង​ជា​និពន្ធ​កាសែត Mohawk បាន​សរសេរ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​តាម​អ៊ីម៉ែល​មក​ថា៖ «វា​មាន​សារៈ​សំខាន់​ក្នុង​ការ​កំណត់​ចំណាំ​ថា លោក Columbus មិន​បាន​ធ្វើ​ដំណើរ​ទៅ​រដ្ឋ​ទាំង​៤៨ ដែល​នៅ​ផ្នែក​ខាង​លើ​នោះ​ទេ។ លោក Columbus បាន​ទៅ​ដល់​តែ​ប្រជុំកោះ Bahamas និង​កោះ Hispaniola ដែល​បច្ចុប្បន្ន​ជា​ប្រទេស​ហៃទី និង​ជា​សាធារណៈរដ្ឋ​ដូមីនីក (Dominican)»។

លោក Schilling បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ថា​លោក Columbus ​ជា​ឃាតករ ជា​អ្នក​ចាប់​រំលោភ និង​អ្នក​បំពាន​ផ្លូវ​ភេទ​លើ​កុមារ‍» ដោយ​ផ្អែក​លើ​កំណត់ត្រា​នានា​របស់​លោក Columbus និង​សាក្សី​នៅ​ជំនាន់​នោះ។

លោក Schilling ក៏​បាន​ច្រាន​ចោល​ការ​លើក​ឡើង​ដែល​ថា «លោក Columbus និង​គ្នីគ្នា​របស់​លោក​បាន​សម្លាប់​ពលរដ្ឋ​អាមេរិកាំង​អំបូរ​ដើម​ដើម្បី​យក​មាស ដោយ​កាត់​ដៃ​របស់​ពួកគេ​ ប្រសិន​បើ​ពួកគេ​រក​មាស​ក្នុង​អណ្តូង​រ៉ែ​មិន​បាន រក​ក្មេងស្រី​អំបូរ​ដើម​អាយុ៩ឆ្នាំ​ឲ្យ​គ្នីគ្នា​របស់​លោក​ ឬ​យក​ទារក​ឲ្យ​ទាហាន​បរិភោគ‍នោះ។ និង​ច្រាន​ចោល​ការ​លើក​ឡើង​ដែល​ថា លោក​បាន​ត្រឡប់​ទៅ​កាន់​ប្រទេស​អេស្ប៉ាញ​វិញ​ដោយ​ជាប់​ខ្នោះ ហើយ​ត្រូវ​បាន​លើក​លែង​ទោស‍»។

សព្វថ្ងៃ ទីក្រុង​កាន់​តែ​ច្រើន​ឡើង​នៅ​សហរដ្ឋ​អាមេរិក​បាន​ព្យាយាម​លុប​ចោល​ទិវា Columbus ហើយ​ជំនួស​វិញ​ដោយ​ថ្ងៃ​ឈប់​សម្រាក​ដើម្បី​រំឭក​ដល់​ជន​ជាតិ​អាមេរិកាំង​អំបូរ​ដើម។ ទីក្រុង Los Angeles រដ្ឋ California បាន​ឈាន​មុខ​គេ ដោយ​កាល​ពី​ខែ​សីហា​បាន​បោះឆ្នោត​ដើម្បី​ព្យាយាម​ដក​ខ្លួន​ចេញ​ពី​ការ​ប្រារព្ធ​អបអរ​ការ​ប្រល័យ​ពូជសាសន៍​ជន​អំបូរដើម‍»។

រដ្ឋ​ជា​ច្រើន​បាន​ច្រាន​ចោល​ទិវា Columbus ជំនួស​ដោយ​ការ​ប្រារព្ធ «ទិវា​អាមេរិកាំង​អំបូរ​ដើម‍» ដែល​ក្រុម​សកម្មជន​អាមេរិកាំង​អំបូរ​ដើម​បាន​លើក​ឡើង​នៅ​ក្នុង​សន្និសីទ​អន្តរជាតិ​ប្រឆាំង​នឹង​ការ​រើសអើង​ពលរដ្ឋ​អំបូរ​ដើមនៅ​ក្នុង​ទ្វីប​អាមេរិក​ឆ្នាំ១៩៧៧ ដែល​ឧបត្ថម្ភ​ដោយ​អង្គការ​សហប្រជាជាតិ​នៅ​ក្នុង​ទីក្រុង ហ្សឺណែវ។

ក្រុម​បាតុករ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ទិវា Columbus។
ក្រុម​បាតុករ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ទិវា Columbus។

​៤០ក្រោយ​មក ចលនា​នេះ​បាន​កើន​ឡើង ប៉ុន្តែ​មិន​មែន​កើន​ឡើង​ដោយ​ពុំមាន​ភាព​ចម្រូង​ចម្រាស​នោះ​ទេ។

លោក Justin Haskins សមាជិក​មួយ​រូប​នៅ​ឯ​វិទ្យាស្ថាន​ Heartland ដែល​ជា​អង្គការ​អភិរក្ស​ខាង​ស្រាវជ្រាវ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង Chicago បាន​ថ្លែង​ថា៖ «លោក Christopher Columbus មិន​មែន​ជា​ព្រះ​នោះ​ទេ‍»។

«លោក​បាន​ចូលរួម​ក្នុង​សកម្មភាព​គួរ​ឲ្យ​រន្ធត់​មួយ​ចំនួន ក្នុង​អំឡុង​ពេល​នៃ​ការ​ធ្វើ​ដំណើរ​ជា​ច្រើន​លើក​ទៅ​កាន់​ពិភពលោក​ថ្មី។​ ប៉ុន្តែ​វា​ជា​ការ​ពិត​មិន​អាច​ប្រកែក​បាន​នោះ​ទេ​ដែល​ថា ការ​ខិត​ខំ​ប្រឹងប្រែង​របស់​លោក​បានផ្លាស់ប្តូរ​អរិយធម៌​លោក​ខាង​លិច​បាន​រហូត​នោះ ហើយ​អាច​នាំ​ឲ្យ​មាន​ការ​បង្កើត​អាណានិគម​របស់​អឺរ៉ុប​ជា​រៀង​រហូត​នៅ​អាមេរិក​ខាង​ជើង កណ្តាល​និង​ខាង​ត្បូង ដែល​ប្រទេស​ដែល​ស្ថិត​ក្រោម​អាណានិគម​ទាំង​នោះ​ទី​បំផុត​បាន​ក្លាយ​ជា​ប្រទេស​មហា​អំណាច​និង​មាន​ឥទ្ធិពល​បំផុត​នៅ​លើ​ពិភពលោក​ ហើយ​មាន​ឥទ្ធិពល​ទៅ​លើ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ជុំវិញ​ពិភពលោក‍»។

លោក​បាន​ថ្លែង​តបនឹង​មតិ​ដែល​ត្រូវ​បាន​លើក​ឡើង​ក្នុង​អំឡុង​ពេល​នៃ​ការ​តវ៉ា​នៅ​ក្នុង​ទីក្រុង Charlottesville ​រដ្ឋ Virginia និង​កន្លែង​ដទៃ​ទៀត​ថា៖ «ប្រសិន​បើ​យើង​ជ្រើសរើស​ចងចាំ​តែ​អ្នក​ដែល​រស់នៅ​ក្នុង​ជីវិត​ដែល​ឥត​ខ្ចោះ​នោះ នោះ​យើង​នឹង​មិន​អាច​រក​បាន​នរណា​ម្នាក់​ដែល​យើង​អាច​ផ្តល់​កិត្តិយស​ឲ្យ​នោះ​ទេ‍»។

ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អ៊ីតាលី​ជា​ច្រើន​នាក់​ក៏​មាន​ភាព​ស្ទាក់​ស្ទើរ​មិនចង់​ឲ្យ​គេ​លុប​ចោល​ទិវា​នេះ​ជា​ថ្ងៃ​ឈប់​សម្រាក​ផង​ដែរ។ ដូនតា​របស់​ពួកគេ​ភាគ​ច្រើន​ជា​អ្នក​ចំណូលស្រុក​ដែល​មក​នៅ​អាមេរិក​កាលពី​ចុង​សតវត្សរ៍​ទី១៩ និង​ដើម​សតវត្សរ៍​ទី២០ បាន​ប្រឈម​នឹង​ការ​រើស​អើស​និង​ការ​កេង​ប្រវ័ញ្ច​ជា​ច្រើន ហើយ​ពួកគេ​បាន​ចាត់​ទុក​លោក Columbus ជា​និមិត្តរូប​ដ៏​មាន​អំណាច​របស់​កេរដំណែល​សម្រាប់​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អ៊ីតាលី​ផង​ដែរ។

លោក Angelo Vivolo ប្រធាន​មូលនិធិ Columbus Citizens បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​នា​ពេល​ថ្មីៗ​ថា៖ «លោក Columbus គឺ​ជា​អ្នក​រុករក ជា​អ្នក​ធ្វើ​ដំណើរ​តាម​ទូក​ដ៏​ល្បីល្បាញ ហើយ​ក្រោយ​មក​ជា​អភិបាល​ដែល​ចូល​រួម​ក្នុង​សកម្មភាព​ជា​ច្រើន​ក្នុង​អាជីព​របស់​លោក​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ អយុត្តិធម៌‍។ មូលនិធិ​នេះ​ជឿ​ថា សកម្មភាព​ទាំង​នេះ និង​លទ្ធផល​នៅ​រយៈ​ពេល​យូរ​របស់​ពួកគេ​សាកសម​នឹង​ទទួល​បាន​លទ្ធផល​ដែល​ល្អ​និង​ត្រូវ​បាន​ទទួល​ស្គាល់ ប៉ុន្តែ​យើង​មិន​អាច ហើយ​នឹង​មិន​អាច​បដិសេធ​តួនាទី​អ្នក​ដំណើរ​តាម​ទូក​មក​ពី​ទីក្រុង Genoa រូប​នេះ​ ក្នុង​ការ​កែប្រែ​មុខ​មាត់​សហរដ្ឋ​អាមេរិក​នោះ​ទេ‍»។

អង្គការ​កាតូលិក​ The Knights of Columbus ដែល​ដាក់​សម្ពាធ​ទៅ​លើ​រដ្ឋាភិបាល​ដើម្បី​ដាក់ទិវា​ Columbus ជា​ថ្ងៃ​ឈប់​សម្រាក​ពី​ដំបូង​ឡើយ​នោះ បាន​ឲ្យ​ដឹង​ថា លោក Columbusត្រូវ​បាន​គេ​មួល​បង្កាច់​ ហើយ​ត្រូវ​បាន​ស្តី​បន្ទោស​យ៉ាង​អយុត្តិធម៌​ចំពោះ​អ្វីៗ​គ្រប់​យ៉ាង​ដែល​បាន​កើត​ឡើង​ បន្ទាប់​ពី​លោក​បាន​មក​ដល់​ទ្វីប​អាមេរិក​នេះ ដោយ​ហៅ​លោក​ថា​ ជា‍ «បុរស​ដែល​គិត​បាន​វែង​ឆ្ងាយ​ជាង​មនុស្ស​ជំនាន់​លោក‍»៕

​ប្រែ​សម្រួល​ដោយ ​ស្រេង លក្ខិណា

XS
SM
MD
LG