លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ នៅសប្តាហ៍នេះនឹងបង្ហាញជាសាធារណៈនូវគម្រោងថវិកាដែលគេរំពឹងថានឹងបង្កើនការចាយវាយយ៉ាងច្រើនទៅលើវិស័យយោធា ខណៈដែលលោកគ្រោងនឹងកាត់បន្ថយថវិកាចំណាយសម្រាប់កម្មវិធីនានារបស់រដ្ឋាភិបាលសហព័ន្ធ។
សំណើដែលគ្រោងនឹងចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ នឹងបង្ហាញឲ្យឃើញយ៉ាងលម្អិតបំផុតថាតើលោក ត្រាំ មានបំណងបន្តគោលនយោបាយដែលលោកហៅថា «ដាក់អាមេរិកទីមួយ» ដោយរបៀបណា។
គម្រោងថវិកានេះទំនងនឹងប្រឈមការប្រឆាំងយ៉ាងខ្លាំងក្លានៅក្នុងសភា ដែលក្រុមតំណាងរាស្ត្រកំពុងតែមានទំនាស់ជាមួយនឹងគ្នាស្រាប់ទៅហើយ ពាក់ព័ន្ធនឹងគម្រោងជំនួសច្បាប់ធានារ៉ាប់រងសុខភាពជាតិ ដែលបង្កើតឡើងដោយលោកអតីតប្រធានាធិបតី អូបាម៉ា នោះ។
សមាជិកគណបក្សសាធារណរដ្ឋរបស់លោក ត្រាំ ជាច្រើនគាំទ្រគម្រោងរបស់លោកក្នុងការបង្កើនថវិកាសម្រាប់វិស័យយោធា ប៉ុន្តែខុសពីលោក ត្រាំ ពួកគេមួយចំនួនចង់ឲ្យយកថវិកាដែលបានមកពីពន្ធសន្តិសុខសង្គម (Social Security) និង ពន្ធលើសុខុមាភាព (Medicare) ដែលជាកម្មវិធីធំបំផុតពីររបស់រដ្ឋាភិបាលសហព័ន្ធ ជាជាងកាត់បន្ថយថវិកាពីក្រសួងនានារបស់រដ្ឋាភិបាលសហព័ន្ធ។
ក្រុមសមាជិកគណបក្សប្រជាធិបតេយ្យមានការភ្ញាក់ផ្អើលចំពោះគម្រោងថវិកានេះទាំងមូល គឺផែនការរបស់លោកក្នុងការកាត់បន្ថយកម្មវិធីរបស់រដ្ឋាភិបាលដែលមានគោលបំណងក្នុងការការពារបរិស្ថាន និងជួយដល់ជនក្រីក្រ។
ក្រុមតំណាងរាស្ត្រនៅក្នុងគណបក្សទាំងពីរក៏បានបង្ហាញការព្រួយបារម្ភអំពីសំណើរបស់លោក ត្រាំ ក្នុងការកាត់បន្ថយថវិការបស់ក្រសួងការបរទេស និងថវិកាសម្រាប់ផ្តល់ជំនួយទៅបរទេស។ ពួកគេថ្លែងថា វិធានការនេះនឹងកាត់បន្ថយឥទ្ធិពលរបស់អាមេរិកនៅក្រៅប្រទេស៕