ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ប្រធានាធិបតី ដូណាល់​ ត្រាំ ចុះ​ហត្ថលេខា​លើ​បទបញ្ជា​ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​ដំណើរ​ថ្មី


លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ ចុះ​ហត្ថលេខា​លើ​បទ​បញ្ជា​ហាម​ឃាត់​លើ​ការ​ធ្វើ​ដំណើរ​ថ្មី​កាល​ពី​ថ្ងៃ​ចន្ទ ដោយ​ដក​ប្រទេស​អ៊ីរ៉ាក់​ចេញ​ពី​បញ្ជី​ប្រទេស​ដែល​ត្រូវ​​ហាម​ឃាត់។
លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ ចុះ​ហត្ថលេខា​លើ​បទ​បញ្ជា​ហាម​ឃាត់​លើ​ការ​ធ្វើ​ដំណើរ​ថ្មី​កាល​ពី​ថ្ងៃ​ចន្ទ ដោយ​ដក​ប្រទេស​អ៊ីរ៉ាក់​ចេញ​ពី​បញ្ជី​ប្រទេស​ដែល​ត្រូវ​​ហាម​ឃាត់។

ប្រធានាធិបតី​អាមេរិក លោក ដូណាល់​ ត្រាំ​ បាន​ចុះ​ហត្ថលេខា​លើ​បទបញ្ជា​ប្រធានាធិបតី​ថ្មី​មួយ​កាល​ពី​ថ្ងៃ​ចន្ទ ដែល​ហាម​ឃាត់​មិន​ឲ្យ​អ្នក​ដំណើរ​មក​ពី​ប្រទេស​ចំនួន​៦​ចូល​មក​កាន់​សហរដ្ឋអាមេរិកក្នុង​រយៈពេល​ ៣ ​ខែ ហើយ​ហាម​ឃាត់​ជន​ភៀស​ខ្លួន​ទាំង​អស់​រយៈពេល​៤​ខែ។

បទបញ្ជា​ប្រធានាធិបតី​ថ្មី​នេះ​ត្រូវ​បាន​ចុះ​ហត្ថលេខា ក្រោយ​ពី​ចៅក្រម​សាលាឧទ្ធរណ៍​សហព័ន្ធ​បាន​ហាម​ឃាត់​មិន​ឲ្យ​អនុវត្ត​បទបញ្ជា​ប្រធានាធិបតី​ស្រដៀង​គ្នា​នេះ​កាល​ពី​ខែ​មុន។​

លោក ​Rex Tillerson ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ដែល​ប្រកាស​អំពី​ការហាម​ឃាត់​ថ្មី​នេះ​ថា៖ «បទបញ្ជា​ប្រធានាធិបតី​ថ្មី​នេះ​គឺ​ជា​វិធានការ​ដ៏​សំខាន់​មួយ​សម្រាប់​ពង្រឹង​សន្តិសុខ​ប្រទេសជាតិ​របស់​យើង។ វា​គឺ​ជា​ភារកិច្ច​ដ៏​មធ្យ័ត​របស់​លោក​ប្រធានាធិបតី​ក្នុង​ការ​ការពារ​ប្រជា​ពលរដ្ឋ​អាមេរិកាំង»។ ​

ការ​បង្ហាញ​នូវ​វិធានការ​សន្តិសុខ​ថ្មី​នេះ​គឺ​ដោយសារ​តែ​ការទទួល​ស្គាល់​របស់​រដ្ឋបាល​លោក ត្រាំ​ ដែល​ថា បទ​បញ្ជា​ប្រធានាធិបតី​ដែល​ហាម​ឃាត់​ការធ្វើ​ដំណើរ​កាល​ពី​មុន ដែល​ត្រូវ​បាន​អនុម័ត​កាល​ពី​ថ្ងៃ​២៧​ ខែ​មករា គឺ​នៅ​មាន​ចន្លោះ​ខ្វះខាត។ ប៉ុន្តែ​គេ​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ថា ​បទ​បញ្ជា​ប្រធានាធិបតី​ថ្មី​នេះ​នឹង​ធ្វើ​ឲ្យ​អ្នក​រិះគន់​ពេញ​ចិត្ត​ឬ​យ៉ាង​ណា ដោយ​សារតែ​ពួកគេ​នៅ​តែ​យល់​ឃើញ​ថា វិធានការ​នេះ​គឺ​នៅ​តែ​ជា​ការ​ហាម​ឃាត់​ចំពោះ​អ្នក​កាន់​សាសនា​ឥស្លាម។ ​

នៅ​ក្នុង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​ធានា​ថា ការ​បង្ហាញ​បទ​បញ្ជា​ថ្មី​នេះ​អាច​ប្រព្រឹត្ត​ទៅ​បាន​ដោយ​រលូន​និង​មាន​ការ​ការពារ​ពី​ការ​ពិនិត្យ​ផ្លូវ​ច្បាប់ បទ​បញ្ជា​ប្រធានាធិបតី​ថ្មី​នេះ​ខុស​ពី​បទបញ្ជា​ចាស់​ទៅ​លើ​ទិដ្ឋភាព​សំខាន់ៗ​មួយ​ចំនួន។

ក្នុង​ចំណោម​ការផ្លាស់​ប្ដូរ​ដ៏​គួរ​ឲ្យ​កត់​សម្គាល់​បំផុត​មួយ​ចំនួន​គឺ​មាន​ការ​ដក​ចេញ​ប្រជាពល​រដ្ឋ​អ៊ីរ៉ាក់​ពី​បញ្ជី​ឈ្មោះ​ប្រទេស​ដែល​ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​ដំណើរ​ចូល​មក​កាន់​អាមេរិក។ បទ​បញ្ជា​ប្រធានាធិបតី​ថ្មី​ហាម​ឃាត់​ប្រជាពលរដ្ឋ​មក​ពី​ប្រទេស​អ៊ីរ៉ង់ លីប៊ី សូម៉ាលី ស៊ូដង់ ស៊ីរី និង​យេមែន។

បទ​បញ្ជា​ថ្មី​នេះ​នឹង​មាន​ប្រសិទ្ធភាព​នៅ​ថ្ងៃ​ទី​១៦​ ខែ​មិនា។ បទ​បញ្ជា​នេះ​នឹង​មិន​ប៉ះ​ពាល់​ដល់​អ្នក​មាន​សិទ្ធិ​រស់​នៅ​អចិន្ត្រៃយ៍ ឬ​អ្នក​ដំណើរ​ដែល​មាន​ទិដ្ឋាការ​នៅ​មាន​សុពលភាព​ចាប់​ពី​ថ្ងៃ​ទី​២៧ ​ខែ​មករា​ឆ្នាំ​២០១៧​មក​នោះ​ទេ៕​

អត្ថបទ​ទាក់ទង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG