រដ្ឋចំនួន៤បានប្រឆាំងនឹងបទបញ្ជានីតិប្រតិបត្តិថ្មីរបស់លោកប្រធានាធិបតី Donald Trump ដែលហាមប្រាមការធ្វើដំណើររបស់ពលរដ្ឋមកពីប្រទេសចំនួន៦ដែលកាន់សាសនាឥស្លាមភាគច្រើន។ រដ្ឋមន្ត្រីយុត្តិធម៌សម្រាប់រដ្ឋ Hawaii ដែលជារដ្ឋដែនកោះនៅមហាសមុទ្រប៉ាស៊ីហ្វិកបានដាក់ពាក្យបណ្តឹងកាលពីថ្ងៃពុធនៅតុលាការសហព័ន្ធនៅទីក្រុង Honolulu ដោយលោកលើកឡើងថា បទបញ្ជាថ្មីនេះនឹងប៉ះពាល់ប្រជាជនមូស្លីមនៅរដ្ឋនេះ ប៉ះពាល់ទេសចរណ៍ និងនិស្សិតបរទេស។
ក្នុងពេលជាមួយគ្នានោះដែរ រដ្ឋ Washington បានសុំឲ្យចៅក្រមសហព័ន្ធនៅទីក្រុង Seattle បញ្ជាក់ថា បទបញ្ជាមានស្រាប់របស់ចៅក្រមដែលរារាំងបទបញ្ជាពីមុនរបស់លោក Trump នោះ អាចប្រើប្រាស់សម្រាប់រារាំងបទបញ្ជាថ្មីរបស់លោកប្រធានាធិបតី។ លោក Bob Ferguson រដ្ឋមន្ត្រីយុត្តិធម៌ប្រចាំរដ្ឋ Washington និយាយថា រដ្ឋ Oregon និង New York ចូលរួមជាមួយលោកក្នុងការប្រឹងប្រែងនេះ៕