ទីភា្នក់ងារចារកម្មកំពូលរបស់ស.រ.អា.បាននិយាយជាសាធារណៈអំពីកង្វល់ស្តីពី ការបញ្ចេញឯកសារកាលពីពេលថ្មីៗបំផុតដោយអង្គការបើកកកាយការសម្ងាត់តាមបណ្តាញអ៊ីនធឺណិត ឈ្មោះ Wikileaks ដោយបានព្រមានប្រជារាស្ត្រអាមេរិកាំងទាំងអស់ថា ពួកគេគួរ «មានកង្វល់ខ្លាំង» អំពីផលវិបាកនៃហេតុការណ៍នេះ។
កាលពីថ្ងៃពុធ អ្នកនាំពាក្យម្នាក់របស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ CIA បានប្រកែកមិនព្រមធ្វើអត្ថាធិប្បាយអំពីភាពត្រឹមត្រូវប្រាកដប្រជានៃឯកសារចំនួន៨ពាន់៧រយ៧១ ក៏ប៉ុន្តែបាននិយាយបង្ហាញហេតុផលថាមានការសង្ស័យតែបន្តិចបន្តួចអំពីបំណងរបស់អង្គការ Wikileaks «ក្នុងការធ្វើឱ្យខូចខាតដល់សមត្ថភាពនៃសហគមន៍ស៊ើបការណ៍សម្ងាត់ក្នុងការការពារប្រទេសអាមេរិកប្រឆាំងនឹងពួកភេរវជន និងពួកសត្រូវឯទៀតៗ»។
លោក Jonathan Liu អ្នកនាំពាក្យ CIA បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ការលាតត្រដាងបែបនេះមិនមែនគ្រាន់តែធ្វើឱ្យមានគ្រោះថ្នាក់ដល់
ពួកបុគ្គលិក និងកិច្ចប្រតិបត្តិការរបស់ស.រ.អា.ប៉ុណ្ណោះទេ ក៏ប៉ុន្តែក៏ផ្តល់ឱ្យពួកសត្រូវរបស់យើងនូវប្រដាប់ប្រដា និងព័ត៌មានដើម្បីធ្វើឱ្យយើងមានគ្រោះថ្នាក់បាន»។
លោក Sean Spicer អ្នកនាំពាក្យសេតវិមានក៏បានសម្តែងការភ្ញាក់ផ្អើលកាលពីថ្ងៃពុធដែរដោយលោកបាននិយាយប្រាប់ពួកអ្នកកាសែតថាស.រ.អា. «នឹងតាមរកពួកជនដែលបានបញ្ចេញព័ត៌មានសម្ងាត់ទាំងនេះ»។
លោកបានថ្លែងប្រាប់ពួកអ្នកសារព័ត៌មានថា «នេះជាការបញ្ចេញព័ត៌មានដែលធ្វើឱ្យអន្តរាយដល់សន្តិសុខរបស់យើង ប្រទេសរបស់យើង និងសខុមាលភាពរបស់យើង» ហើយលោកបាននិយាយបន្ថែមថា លោកប្រធានាធិបតី Trump «ខ្វល់ខ្វាយខ្លាំងណាស់អំពីរឿងនេះ»៕