ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ខាងគណបក្សសាធារណរដ្ឋ និងលោក Joe Biden ដែលជាគូប្រជែងរបស់លោកខាងគណបក្សប្រជាធិបតេយ្យ បានប៉ះទង្គិចពាក្យសម្ដីគ្នានៅក្នុងការជជែកដេញដោលដ៏តានតឹងនិងវីវក់កាលពីយប់ថ្ងៃអង្គារ នៅក្នុងទីក្រុង Cleveland រដ្ឋ Ohio។ លោកទាំងពីរបានចំណាយពេល ៩០ នាទីដើម្បីព្យាយាមបញ្ចុះបញ្ចូលអ្នកបោះឆ្នោតអាមេរិកាំងថា គូប្រជែងរបស់ខ្លួនមិនសក្តិសមនឹងដឹកនាំសហរដ្ឋអាមេរិករយៈពេល ៤ ឆ្នាំខាងមុខទេ។
លោកទាំងពីរដេញដោលគ្នាលើប្រធានបទមួយចំនួនដូចជា ចំនួនអ្នកស្លាប់ជាង ២ សែន ៥ ពាន់នាក់នៅសហរដ្ឋអាមេរិកដោយសារជំងឺកូវីដ១៩ សុចរិតភាពនិងភាពស្មោះត្រង់នៃការបោះឆ្នោតថ្ងៃទី ៣ ខែវិច្ឆិកាខាងមុខ ការស្នើតែងតាំងរបស់លោក Trump ឲ្យចៅក្រមអភិរក្សនិយមអ្នកស្រី Amy Coney Barrett កាន់តំណែងជាចៅក្រមតុលាការកំពូល ការរើសអើងជាតិសាសន៍ គោលនយោបាយបរិស្ថាន និងប្រធានបទផ្សេងៗទៀត។
លោក Biden ថា៖ «លោក Trump ជាប្រធានាធិបតីដ៏អន់បំផុតមិនធ្លាប់មាននៅក្នុងសហរដ្ឋអាមេរិក»។ ចំណែកឯលោក Trump វិញបានបកតបទៅលោក Biden វិញថា៖ «ខ្ញុំសម្រេចបានការងារក្នុងរយៈពេល ៤៧ ខែ [ក្នុងនាមជាប្រធានាធិបតី] បានច្រើនជាងការងារដែលលោកសម្រេចបានក្នុងរយ:ពេល ៤៧ ឆ្នាំ» ក្នុងនាមជាសមាជិកព្រឹទ្ធសភា និងជាអនុប្រធានាធិបតីក្នុងរដ្ឋបាលរបស់លោក ប្រធានាធិបតី Barack Obama។
ទាក់ទិននឹងវិបត្តិជំងឺកូវីដ១៩ លោក Biden ថ្លែងថា៖ «លោកប្រធានាធិបតី Trump គ្មានផែនការអ្វីទេ។ លោកដឹងថាជំងឺនេះកាចសាហាវ ប៉ុន្តែលោកមិនបានប្រាប់សាធារណជនឡើយ»។ រីឯលោក Trump វិញបានបញ្ជាក់ថា៖ «យើងបំពេញការងារបានយ៉ាងល្អ។ យើងនឹងមានវ៉ាក់សាំងក្នុងពេលប៉ុន្មានសប្ដាហ៍ខាងមុខ»។
ចំពោះរឿងបោះឆ្នោតផ្ញើតាមប្រៃសណីយ៍ លោក Trump បានបញ្ជាក់ឡើងវិញដូចដែលបាននិយាយច្រើនលើកច្រើនសារកន្លងមកថា៖ «ការលួចបន្លំនឹងកើតឡើង»។ រីឯលោក Biden វិញបានជំរុញពលរដ្ឋឲ្យទៅបោះឆ្នោត និងបានបញ្ជាក់ថា «គ្មានភស្តុតាង» ណាមួយដែលថា ការបោះឆ្នោតផ្ញើតាមប្រៃសណីយ៍នឹងនាំឲ្យមានការលួចបន្លំនោះទេ។
ចំណែកឯរឿងតែងតាំងចៅក្រមតុលាការកំពូលថ្មី លោក Biden ថា ការស្នើតែងតាំងរបស់លោក Trump ឲ្យអ្នកស្រី Barrett ធ្វើជាចៅក្រមតុលាការកំពូលនឹងប៉ះពាល់ដល់ច្បាប់សុខភាពជាតិដែលត្រូវបានអនុម័តនៅពេលលោក Biden ធ្វើជាអនុប្រធានាធិបតី និងប៉ះពាល់ដល់សេចក្ដីសម្រេចជាប្រវត្តិសាស្ត្រឆ្នាំ ១៩៧៣ របស់តុលាការនៅក្នុងការចាត់ទុកសិទ្ធិរំលូតកូនថាស្របច្បាប់។ ប៉ុន្តែលោក Trump បានតបតវិញថា៖ «ខ្ញុំគិតថា អ្នកស្រី Barrett នឹងធ្វើជាចៅក្រមអស្ចារ្យម្នាក់។ យើងបានឈ្នះការបោះឆ្នោត ដូច្នេះយើងមានសិទ្ធិជ្រើសរើសអ្នកស្រី»។
ពាក់ព័ន្ធនឹងរឿងជាតិសាសន៍នៅក្នុងសហរដ្ឋអាមេរិក លោក Biden បានចោទលោក Trump ថាបាន «ប្រើប្រាស់អ្វីៗទាំងអស់ជាសារនយោបាយដ៏ឆ្លាតវៃដើម្បីបង្កឲ្យមានភាពតានតឹងជាតិសាសន៍» ដោយលោកបានរំឭកអំពីការតវ៉ារបស់ក្រុមជនស្បែកសដែលចាត់ទុកខ្លួនឯងថាអស្ចារ្យជាងគេនៅក្នុងទីក្រុង Charlottesville រដ្ឋ Virginia កាលពីឆ្នាំ ២០១៧។ ចំណែកឯលោក Trump វិញ បានវាយប្រហារលើលោក Biden ថាបានសរសេរសំណើច្បាប់ប្រឆាំងឧក្រិដ្ឋកម្មក្នុងទសវត្សរ៍ ១៩៩០ នៅពេលជាសាមជិកព្រឹទ្ធសភាដោយហៅជនឧក្រិដ្ឋសង្ស័យស្បែកខ្មៅថាជា «ជនកាចសាហាវខ្លាំង»។
ប្រធានបទសំខាន់មួយទៀតគឺទាក់ទិននឹងសេចក្ដីរាយការណ៍របស់កាសែត New York Times ដែលថា លោក Trump បានបង់ពន្ធប្រាក់ចំណូលជូនរដ្ឋាភិបាលសហព័ន្ធត្រឹមតែ ៧៥០ ដុល្លារប៉ុណ្ណោះនៅក្នុងឆ្នាំ ២០១៦ និងនៅក្នុងឆ្នាំ ២០១៧។ លោក Trump ជាថ្មីម្ដងទៀត បានច្រានចោលសេចក្ដីរាយការណ៍នេះ ដោយបាននិយាយថា លោកបានបង់ពន្ធ «រាប់លានដុល្លារ»។ ប៉ុន្តែលោក Biden បានលើកឡើងថា លោក Trump «បង់ពន្ធតិចជាងគ្រូបង្រៀនធម្មតាទៅទៀត»។
ក្រៅពីនេះ លោកទាំងពីរក៏បានជជែកដេញដោលគ្នាផងដែរទាក់ទិននឹងរឿងប្រែប្រួលអាកាសធាតុ និងរឿងមួយចំនួនទៀត៕