ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចំណុច​សំខាន់ៗ​ពី​ការ​ជជែក​ដេញដោល​លើកទី១ រវាង​លោក Trump និង​លោក Biden


ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋ និងលោក Joe Biden អតីតអនុប្រធានាធិបតីនិងបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ ជជែកដេញដោលគ្នាលើកទី១ នៅទីក្រុង Cleveland រដ្ឋ​ Ohio ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump ដែល​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​និង​អតីត​អនុប្រធានាធិបតី​លោក Joe Biden ​ដែល​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ បាន​និយាយ​តទល់​គ្នា​នៅ​ក្នុង​ការ​ជជែក​ដេញដោល​គ្នា​លើក​ដំបូង​នា​យប់​ថ្ងៃ​អង្គារ​ ទី​២៩ ខែ​កញ្ញា។

ក្នុង​ដំណាក់​កាល​ដំបូង​នៃ​ការ​ជជែក​ដេញដោល​រយៈពេល ៩០ នាទី​នេះ លោក Trump បាន​ប្រើប្រាស់​យុទ្ធសាស្ត្រ​វាយប្រហារ​ជា​ពាក្យ​សម្តី​និង​និយាយ​រំខាន​ ពេល​លោក Biden កំពុងឆ្លើយ​នឹង​សំណួរ​ពី​អ្នក​សម្រប​សម្រួល​កម្មវិធី​ជជែក​ដេញដោល​គ្នា​នេះ។​នេះ​គឺជា​យុទ្ធសាស្ត្រ​ស្រដៀង​គ្នា​ដែល​លោក Trump បាន​ធ្វើ​រាល់​ពេល​លោក​ឆ្លើយ​នឹង​សំណួរ​ពី​អ្នក​សារព័ត៌មាន និង​ក្នុង​សន្និសីទ​សារព័ត៌មាន​ទូទៅ។ នេះបើយោងតាមសារព័ត៌មាន Reuters។

លោក Trump បាននិយាយ​កាត់​លោក Biden និង​អ្នក​សម្រប​សម្រួល​លោក Chris Wallace ដែល​ជា​អ្នក​យក​ព័ត៌មាន​ឲ្យ​សារព័ត៌មាន Fox News ម្ដង​ហើយ​ម្ដង​ទៀត នៅ​ក្នុង​ដំណាក់កាល​ពិភាក្សា​ដំបូង ដែល​ផ្តោត​លើ​ការ​តែងតាំង​បេក្ខជន​ចៅក្រម​តុលាការ​កំពូល​ថ្មី និង​អំពី​ច្បាប់​ថែទាំ​សុខភាព Affordable Care Act។

ពន្ធ​លើ​ប្រាក់​ចំណូល

នៅ​ពេល​ត្រូវ​បាន​សួរ​អំពី​ការ​បង់​ពន្ធ​លើ​ប្រាក់​ចំណូល​ជូន​រដ្ឋាភិបាល​លោក Trump មិន​បាន​ឆ្លើយ​ថា តើ​នៅ​ពេល​ណា​ឯកសារ​បង់​ពន្ធ​លើ​ប្រាក់​ចំណូល​ផ្ទាល់​ខ្លួន​របស់​លោក នឹង​ត្រូវបាន​បង្ហាញ​ជា​សាធារណៈ​ដូច​ដែល​លោកធ្លាប់​បាន​សន្យាថា​នឹង​បង្ហាញ​នោះ​ទេ។

លោក​ត្រូវ​បាន​អ្នក​សម្របសម្រួល​សួរ​ពាក់ព័ន្ធ​នឹង​ការ​បង់​ពន្ធ​លើ​ប្រាក់​ចំណូល​នេះ បន្ទាប់​ពី​កាសែត​ The New York Times បាន​រកឃើញ​ថា លោក​ Trump បាន​បង់​ពន្ធ​លើ​ប្រាក់​ចំណូល​ត្រឹម​តែ​៧៥០ដុល្លារ​ប៉ុណ្ណោះ​ក្នុង​ឆ្នាំ​២០១៦ និង​ឆ្នាំ ២០១៧។

សារព័ត៌មាន AP បានឲ្យដឹង​ថា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ទាំង​អស់ លើក​លែង​តែ​លោក Trump បាន​បង្ហាញ​ឯកសារ​បង់​ពន្ធ​លើ​ប្រាក់​ចំណូល​ផ្ទាល់​ខ្លួន​ជា​សាធារណៈ ចាប់តាំង​ពី​រដ្ឋបាល​លោក​ប្រធានាធិបតី Richard Nixon មក។


កម្មវិធីធានារ៉ាប់រងសុខភាព

លោក Trump បាន​ចោទ​លោក Biden ថា​គាំទ្រ​ឲ្យ​មាន​ការ​លុប​បំបាត់​កម្មវិធី​ធានា​រ៉ាប់រង​សុខភាព​ឯកជន។ លោក​ Trump ថ្លែង​ថា គណបក្ស​ប្រជាធិបតេយ្យ​នៅ​តែ​ចង់​លុប​បំបាត់​គម្រោង​ធានា​រ៉ាប់រង​សុខភាព​ឯកជន ហើយ​បាន​អះអាង​ថា គណបក្ស​ប្រជាធិបតេយ្យ​បាន​បង្ខំ​លោក Biden ឲ្យ​ធ្វើ​តាម​ការ​ចង់​បាន​របស់​បក្ស។ នេះបើយោងតាមសារព័ត៌មាន AP។

លោក Biden បាន​ឆ្លើយ​តប​វិញ​ថា៖ «គណបក្ស​ខ្ញុំ​គឺ​ខ្ញុំ​ជា​អ្នក​ដឹកនាំ។ ក្នុង​ពេល​នេះ ខ្ញុំ​គឺជា​គណបក្ស​ប្រជាធិបតេយ្យ»។​


បញ្ហាជាតិសាសន៍

នៅ​ពេល​លោក Chris Wallace សួរលោក Trump ​ថា តើ​លោក​មាន​ឆន្ទៈ​ក្នុង​ការ​ថ្កោលទោស​ក្រុម​ប្រកាន់​ស្បែកស​ជ្រុល​និយម និង​ក្រុម​យោធា​ដែរ​ឬ​ទេ លោក Trump បាន​ឆ្លើយ​ដោយ​បង្វែរ​សំណួរ​នេះ​ថា៖

«ខ្ញុំ​សូម​និយាយ​ថា អ្វី​គ្រប់​យ៉ាង​ដែល​ខ្ញុំ​មើល​ឃើញ គឺ​កើត​ឡើង​ពី​ក្រុម​សេរី​និយម (ឆ្វេង​និយម) មិនមែន​ក្រុម​អភិរក្ស​និយម (ស្តាំ​និយម) ទេ។ ខ្ញុំ​មាន​ឆន្ទៈ​នឹង​ធ្វើ​អ្វី​គ្រប់​យ៉ាង។ ខ្ញុំ​ចង់​ឃើញ​សន្តិភាព»។


ការតែងតាំងបេក្ខជនតុលាការកំពូលថ្មី

ទាក់​ទិន​នឹង​ការ​តែងតាំង​អ្នកស្រី Amy Convey Barrett ជា​បេក្ខជន​ចៅក្រម​តុលាការ​កំពូល​ថ្មី លោក Trump បាន​ថ្លែង​នៅ​ក្នុង​ការ​ជជែក​ដេញដោល​លើក​ទី១​នេះ​ថា គណបក្ស​សាធារណរដ្ឋ «បាន​ឈ្នះ​ការ​បោះឆ្នោត ដូច្នេះ​យើង​មាន​សិទ្ធិ​ក្នុង​ការ​ជ្រើសរើស» អ្នកស្រី Barrett ជា​ចៅក្រម​ជំនួស​អាសនៈ​អ្នកស្រី Ruth Bader Ginsburg។

លោក​ Trump បាន​បន្ថែម​ថា លោក​យល់​ថា អ្នក​នយោបាយ​គណបក្ស​ប្រជាធិបតេយ្យ​«ទំនង​ជា​មិន​គិតគូរ​តែងតាំង​បេក្ខជន​ថ្មី​ទេ​» បើសិន​ជា​ពួកគេ​មាន​ឱកាស​តែងតាំង​បេក្ខជន​ចៅក្រម​តុលាការ​កំពូល ក្នុង​រយៈពេល​តែ​ប៉ុន្មាន​សប្តាហ៍​មុន​ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក។

បើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន AP លោក Biden និង​អ្នក​នយោបាយ​គណបក្ស​ប្រជាធិបតេយ្យ​ផ្សេង​ទៀត បាន​ប្រឆាំង​នឹង​ការ​តែងតាំង​បេក្ខជន​ចៅក្រម​តុលាការ​កំពូល​ថ្មី ដោយសារ​តែ​ការ​បដិសេធ​របស់​អ្នក​នយោបាយ​គណបក្ស​សាធារណរដ្ឋ​កាលពី​ឆ្នាំ ២០១៦ ដោយ​មិន​ព្រម​ពិចារណា​ជម្រើស​របស់​លោក​ប្រធានាធិបតី Barack Obama ក្នុង​ការ​តែងតាំង​បេក្ខជន​ចៅក្រម​តុលាការ​កំពូល​ថ្មី ជំនួស​អាសនៈ​លោក Antonin Scalia។ ក៏​ប៉ុន្តែ លោក Biden មិន​បាន​លើកឡើងអំពី​ចំណុច​នេះ​នៅ​ក្នុង​ការ​ជជែក​ដេញដោល​គ្នា​ជាមួយ​លោក Trump នោះ​ទេ។

លោក Biden បាន​ថ្លែង​ថា អ្នកស្រី Barrett ទំនង​ជា​«មនុស្ស​មាន​បុគ្គលិកលក្ខណៈ​ល្អ» ប៉ុន្តែ ការ​តែងតាំង​បេក្ខភាព​របស់​អ្នកស្រី បន្ទាប់​ពី​«ពលរដ្ឋ​រាប់​ពាន់​នាក់​បាន​បោះឆ្នោត​នោះ» គឺជា​បញ្ហា។


សុចរិតភាពនៃដំណើរការបោះឆ្នោត

លោក Trump និង​លោក Biden មាន​ទស្សនៈ​ខុស​គ្នា​ស្រឡះ ទាក់​ទិន​នឹង​សុចរិតភាព​នៃ​ដំណើរការ​បោះឆ្នោត​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ។

នៅ​ក្នុង​ការ​ជជែក​ដេញដោល​គ្នា​លើក​ទី ១ ​នេះ លោក Biden បាន​ជំរុញ​ឲ្យ​អ្នក​បោះឆ្នោត​ចេញ​ទៅ​បោះ​ឆ្នោត ហើយ​កុំ​ភិតភ័យ​ដោយសារ​តែ​ការ​លើកឡើង​របស់​លោក Trump ដែល​ថា លោក​នឹង​មិន​ទទួល​យក​លទ្ធផលឆ្នោត។ លោក Trump បាន​បន្ត​បង្ហាញ​ភាព​មន្ទិល​សង្ស័យ​របស់​លោក​លើ​សុចរិតភាព​នៃ​ការ​បោះឆ្នោត​ផ្ញើ​តាម​ប្រៃសណីយ៍​សម្រាប់​ការ​បោះឆ្នោត​ប្រធានាធិបតី​ខាង​មុខ​នេះ។ នេះបើយោងតាមសារព័ត៌មាន AP។

លោក Biden បាន​ថ្លែង​ថា៖ «សូម​បោះឆ្នោត​តាម​មធ្យោបាយ​ណា ដែល​ល្អ​ប្រសើរ​សម្រាប់​អ្នក ពីព្រោះ​គាត់ [លោក Trump] នឹង​មិន​អាច​រារាំង​អ្នក​មិន​ឲ្យ​កំណត់​លទ្ធផល​នៃ​ការ​បោះឆ្នោត​នេះ​បានទេ»។

លោក Biden បាន​យល់​ព្រម​ថា លោក​នឹង​មិន​ប្រកាស​អំពី​ជ័យជម្នះ​របស់​លោក មុន​នឹង​សន្លឹកឆ្នោត​ត្រូវបាន​រាប់​អស់​ទេ ហើយ​ថា​លោក​នឹង​ទទួល​យក​សេចក្តី​សម្រេច​ចុងក្រោយ​របស់​អ្នក​បោះឆ្នោត។

សារព័ត៌មាន AP បានរាយការណ៍ថា លោក Trump បាន​បន្ត​លើកឡើង​អំពី​ការ​បំផ្លៃ​ទាក់ទិន​នឹង​ការ​បោះឆ្នោត​ផ្ញើ​តាម​ប្រៃសណីយ៍ ដោយ​លោក​បាន​លើក​ឡើង​ថា អ្នក​អង្កេតការណ៍នៅ​តាម​មណ្ឌល​បោះឆ្នោតរបស់​លោក ត្រូវបាន​រារាំង​មិន​ឲ្យ​ចូល​ក្នុង​មណ្ឌល​បោះឆ្នោត​មុន​ថ្ងៃ​បោះឆ្នោត​នៅ​រដ្ឋ Philadelphia កាលពី​ថ្ងៃ​អង្គារ។ អ្នកអង្កេតការណ៍​នៅ​តាម​មណ្ឌល​បោះឆ្នោត​មិន​ទាន់​បាន​ទទួល​ការ​អនុញ្ញាត​ឲ្យ​តាមដាន​ដំណើរការ​បោះឆ្នោត​ជា​ផ្លូវការ​នៅ​ឡើយ​ទេ៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG