ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ខាងគណបក្សសាធារណរដ្ឋ និងលោក Joe Biden ដែលជាគូប្រជែងរបស់លោកខាងគណបក្សប្រជាធិបតេយ្យ នឹងធ្វើការជជែកដេញដោលគ្នាជាលើកដំបូងនៅយប់ថ្ងៃអង្គារនេះ គឺក្នុងពេល ៥ សប្ដាហ៍មុនការបោះឆ្នោតថ្ងៃទី ៣ ខែវិច្ឆិកាចូលមកដល់។ នេះជាការជជែកដេញដោលមួយទល់នឹងមួយលើកទីមួយនៃការជជែកដេញដោល ៣ លើក ដែលនឹងធ្វើឡើងក្នុងពេលមួយខែខាងមុខ។
ព្រឹត្តិការណ៍ដ៏សំខាន់នៅក្នុងទីក្រុង Cleveland រដ្ឋ Ohio នេះ ធ្វើឡើង ស្របពេលដែលលោក Biden នៅតែនាំមុខលោក Trump ៧% ក្នុងពេលជាច្រើនសប្ដាហ៍នៅក្នុងការស្ទង់មតិថ្នាក់ជាតិ។ ករណីនេះអាចធ្វើឲ្យលោក Trump ក្លាយជាប្រធានាធិបតីអាមេរិកទី ៣ ក្នុងពេល ៤ ទសវត្សរ៍ចុងក្រោយ ដែលចាញ់ការបោះឆ្នោតនៅអាណត្តិទី ២។
ប៉ុន្តែ ការប្រជែងនេះមានលក្ខណៈប្រកៀកប្រកិតគ្នានៅក្នុងរដ្ឋដែលមានការប្រជែងខ្លាំងសំខាន់ៗ មួយចំនួន ដែលអាចបង្កើនលទ្ធភាពដែលថាលោក Trump អាចចាញ់ចំនួនសន្លឹកឆ្លោតសរុបដូចករណីការបោះឆ្នោតឆ្នាំ ២០១៦ ប្រជែងនឹងអ្នកស្រី Hillary Clinton ខាងគណបក្សប្រជាធិបតេយ្យ តែនៅតែឈ្នះចំនួនអសន:នៅរដ្ឋសំខាន់ៗ និងបានក្លាយជាប្រធានាធិបតី។
មានការប៉ាន់ស្មានថា ពលរដ្ឋអាមេរិកាំងប្រមាណ ១០០ លាននាក់នឹងទស្សនាការជជែកដេញដោលរយ:ពេល ៩០ នាទី រវាងបេក្ខជនទាំងពីរនេះ ដែលនឹងត្រូវផ្សព្វផ្សាយយ៉ាងទូលំទូលាយតាមទូរទស្សន៍ និងការផ្សាយផ្ទាល់តាមអ៊ីនធឺណិត។
លោក Chris Wallace អ្នកសារព័ត៌មានមកពីទូរទស្សន៍ Fox News គឺជាអ្នកសម្របសម្រួល ហើយមនុស្សប្រហែល ១០០ នាក់ ត្រូវបានអនុញ្ញាតឲ្យមកចូលរួមទស្សនាដោយផ្ទាល់។
លោក Wallace បាននិយាយថា លោកនឹងសួរសំណួរទាក់ទងនឹងប្រធានបទចំនួន ៦ រួមមានប្រវត្តិការងាររបស់បេក្ខជនទាំងពីរ ជំងឺកូវីដ១៩ ការតែងតាំងចៅក្រមតុលាការកំពូលថ្មី សេដ្ឋកិច្ចសហរដ្ឋអាមេរិក សុចរិតភាពនៃការបោះឆ្នោត និងការរើសអើងពូជសាសន៍និងអំពើហិង្សានៅតាមទីក្រុងជាច្រើននៅសហរដ្ឋអាមេរិក។
បន្ថែមពីលើប្រធានបទទាំង ៦ ខាងលើ ប្រធានបទថ្មីមួយទៀតដែលអាចជាចំណុចសំខាន់ដែរនោះ គឺការបង់ពន្ធប្រាក់ចំណូលរបស់លោក Trump ជូនរដ្ឋាភិបាលសហព័ន្ធ ដែលកាលពីថ្ងៃអាទិត្យ កាសែត New York Times បានរាយការណ៍ថា លោក Trump បានបង់ពន្ធប្រាក់ចំណូលជូនរដ្ឋាភិបាលសហព័ន្ធត្រឹមតែ ៧៥០ ដុល្លារប៉ុណ្ណោះនៅក្នុងឆ្នាំ ២០១៦ និង ២០១៧៕