ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ត្រាំ​ យល់​ព្រម​ផ្តល់​ប្រាក់​៨​ពាន់​លាន​ដុល្លារ​សម្រាប់​ប្រយុទ្ធ​នឹង​មេរោគ​វីរុស​ COVID-19


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ជម្ឈមណ្ឌល​ប្រយុទ្ធ​ប្រឆាំង​ជំងឺឆ្លង​ បន្ទាប់​ពី​បាន​ថ្លែង​អំពី​ជំងឺ​កូរ៉ូណា នៅ​ទីក្រុងអាត្លង់តា រដ្ឋ Georgia សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​០៦ មីនា ២០២០។
ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ជម្ឈមណ្ឌល​ប្រយុទ្ធ​ប្រឆាំង​ជំងឺឆ្លង​ បន្ទាប់​ពី​បាន​ថ្លែង​អំពី​ជំងឺ​កូរ៉ូណា នៅ​ទីក្រុងអាត្លង់តា រដ្ឋ Georgia សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​០៦ មីនា ២០២០។

លោក​ប្រធានាធិបតី​ស.រ.អា.​ ដូណាល់ ត្រាំ​ បាន​ចុះ​ហត្ថលេខា​លើ​សចក្តី​ព្រាង​ច្បាប់​មួយ​សម្រាប់​បញ្ចេញ​ប្រាក់​៨,៣០០​លាន​ដុល្លារ​ដើម្បី​ចំណាយ​គ្រា​មាន​អាសន្ន​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រាលដាល​មេរោគ​វីរុស​កូរ៉ូណា​ មួយ​ថ្ងៃ​ក្រោយ​ពី​មាន​ការ​បញ្ជាក់​ថា​ មេរោគ​នេះ​បាន​រាល​ដាល​ដល់​តំបន់​ជាយ​ក្រុង​មួយ​ដែល​បើក​ឡាន​តែ​ប៉ុន្មាន​នាទី​ពី​សេតវិមាន។​

វិធានការ​នេះ​ផ្តល់​ប្រាក់​កាស​សម្រាប់​លទ្ធភាព​នៃ​ការព្យាបាល​និង​ការអភិវឌ្ឍ​ថ្នាំ​វ៉ាក់សាំង​ដើម្បី​ជួយ​រដ្ឋាភិបាល​រដ្ឋ​និង​រដ្ឋាភិបាល​មូលដ្ឋាន​ឆ្លើយ​តប​នឹង​ការ​គំរាម​កំហែង​នេះ។​

រដ្ឋាភិបាល​មូលដ្ឋាន​មួយគឺ​ស្រុក ​Montgomery ​រដ្ឋ​ Maryland ដែល​ជា​តំបន់​ជាយ​ក្រុង​មួយ​នៅ​ខាង​ក្រៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ ដែល​បាន​បញ្ជាក់​អំពី​ករណី​អ្នក​មាន​ជំងឺ​នេះ​ដំបូង​របស់​ផង​ខ្លួន​កាល​ពី​ថ្ងៃព្រហស្បតិ៍។ លោក​ Larry ​Hogan ​អភិបាល​រដ្ឋ​ Maryland ​បាន​ប្រកាស​ភាព​មាន​អាសន្ន​នៅ​ក្រោយ​អ្នកស្រុក​បី​នាក់​នៃ​ស្រុកនោះបានត្រូវ​រក​ឃើញថា​មានជំងឺនេះនៅក្រោយវិល​ត្រឡប់មកពី​ប្រទេស​ក្រៅ​ដែល​គេ​មិន​ប្រាប់​ឱ្យ​ដឹង។​

ទឹក​ប្រាក់​នេះ​មាន​រួម​បញ្ចូល​៣​ពាន់​លាន​ដុល្លារ​សម្រាប់​ការ​អភិវឌ្ឍ​ថ្នាំ​វ៉ាក់សាំង, ប្រដាប់​ធ្វើ​តេស្ត​ និង​ការ​ព្យាបាល​និង​១,២៥០​លាន​ដុល្លារ​សម្រាប់​វិធានការ​ទប់​មិន​ឱ្យ​រាល​ដាល​សាកល។

ការ​ផ្តល់​ប្រាក់​កាស​នេះ​មាន​ឡើង​នៅ​ពេល​ពួក​មន្ត្រី​ស.រ.អា.​បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​ថា​ មាន​ករណី​មនុស្ស​ផ្ទុក​មេរោគ​នេះ​២៣៣​នាក់​ហើយ​ មាន​ស្លាប់​១៤​នាក់​ដែល​បាន​ត្រូវ​រាយការណ៍​រហូត​មក​ដល់​ពេល​នេះ។ កាល​ពី​ថ្ងៃ​សុក្រ​ នៅ​ទូទាំង​ពិភព​លោក​មាន​មនុស្ស​ផ្ទុក​មេរោគ​នេះ​ឡើង​ដល់​១​សែន​នាក់​ហើយ ហើយ​ចំនួន​អ្នក​ជំងឺ​ស្លាប់​កើន​ដល់​៣,៤០០​នាក់៕

XS
SM
MD
LG