ព្រឹទ្ធសភាសហរដ្ឋអាមេរិកនៅថ្ងៃព្រហស្បតិ៍នេះត្រូវគេរំពឹងថានឹងអនុម័តថវិកាចំណាយអាសន្នដើម្បីចាត់វិធានការដោះស្រាយចំពោះបញ្ហាការរីករាលដាលនៃមេរោគកូរ៉ូណាប្រភេទថ្មី ហើយលោកប្រធានាធិបតី Donald Trump ត្រូវគេរំពឹងថានឹងចុះហត្ថលេខាចំពោះថវិកាបន្ទាន់នេះ។
សភាសហរដ្ឋអាមេរិកបានអនុម័តកញ្ចប់ថវិកាបន្ទាន់នេះកាលពីថ្ងៃពុធ។
ការអនុម័តថវិកាបន្ទាន់នេះកើតមានឡើងខណៈដែលសហរដ្ឋអាមេរិកទើបបានរាយការណ៍ពីអ្នកស្លាប់ទី១១របស់ខ្លួនដែលបានស្លាប់ពីមេរោគកូរ៉ូណាដែលហៅជាផ្លូវការថា Covid-19 ដែលបានកើតឡើងលើបុរសចំណាស់ម្នាក់នៅជិតទីក្រុង Sacramento រដ្ឋ California។
ការស្លាប់ដំបូងនៅក្នុងរដ្ឋកាលីហ្វ័រញ៉ានេះ បាននាំឲ្យអភិបាលរដ្ឋ លោក Gavin Newsom ដាក់រដ្ឋកាលីហ្វ័រញ៉ាក្នុងស្ថានភាពប្រកាសអាសន្ន ដោយសារក្តីបារម្ភអំពីលទ្ធភាពនៃការរីករាលដាលបន្តនៃជំងឺ Covid-19។
នៅរដ្ឋកាលីហ្វ័រញ៉ានេះដែរ អាជ្ញាធរបានហាមឃាត់មិនឲ្យនាវាកម្សាន្តមួយឈ្មោះ Princess Cruises ចូលសំចតនៅឆ្នេរទេរហូតទាល់តែអ្នកដំណើរនិងបុគ្គលិកទាំងអស់សរុបជាង១០០នាក់ត្រូវបានគេធ្វើតេស្តសិន ដោយមានករណីអ្នកឆ្លងពីមុនធ្លាប់បានជិះនាវានេះ។ កងឆ្មាំសមុទ្រអាមេរិកនៅថ្ងៃព្រហស្បតិ៍នេះនឹងប្រើឧទ្ធម្ភាគចក្រដើម្បី ទម្លាក់ឧបករណ៍ធ្វើតេស្តមេរោគកូរ៉ូណាទៅលើនាវានេះ។
ការប្រកាសអំពីការស្លាប់របស់បុរសចំណាស់នៅរដ្ឋកាលីហ្វ័រញ៉ា កើតមានតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពីសហរដ្ឋអាមេរិកបានប្រកាសពីអ្នកស្លាប់ទី១០របស់ខ្លួននៅក្នុងរដ្ឋវ៉ាស៊ីនតោនដែលជាកន្លែងនៃអ្នកស្លាប់ពីមេរោគកូរ៉ូណាមុនៗទាំងអស់។
ក្រៅពីរដ្ឋកាលីហ្វ័រញ៉ា មកទល់ពេលនេះរដ្ឋផ្សេងទៀតដែលបានប្រកាសអាសន្នរួមមានរដ្ឋវ៉ាស៊ីនតោន ផ្លរីដា និងហាវ៉ៃ៕