កាលពីថ្ងៃសៅរ៍ លោក Donald Trump បេក្ខជនប្រធានាធិបតីស.រ.អា.ខាងគណបក្សសាធារណរដ្ឋ បាននិយាយនៅក្នុងព្រះវិហារគ្រឹស្តសាសនាមួយដែលមានគ្រឹស្តសាសនិកជនភាគច្រើនជាជនស្បែកខ្មៅនៅក្នុងក្រុង Detroit ថា លោកចង់ជួយកសាងក្រុងនេះជាថ្មីឡើងវិញហើយថា «មានការធ្វើខុសច្រើនដែលគួរត្រូវធ្វើឱ្យត្រូវឡើងវិញ»នៅក្នុងស.រ.អា.។
ក្នុងពេលពីរខែមុនការបោះឆ្នោតប្រធានាធិបតី លោក Trump ព្យាយាមទាក់ទាញសន្លឹកឆ្នោតគាំទ្រពីសហគមន៍ជនជាតិអាមេរិកាំងដើមកំណើតអាហ្វ្រិក ជាពិសេសនៅក្នុងក្រុង Detroit ដែលមានជនជាតិអាមេរិកាំងដើមកំណើតអាហ្វ្រិកចំនួន៨៣ភាគរយនៃចំនួនប្រជារាស្ត្រទាំងអស់នៅទីនោះ។ តាមប្រពៃណី សហគមន៍នោះបានបោះឆ្នោតច្រើនលើសលប់ឱ្យពួកបេក្ខជនខាងគណបក្សប្រជាធិបតេយ្យ។
លោក Trump បាននិយាយប្រាប់ពួកគ្រឹស្តបរិស័ទនៅឯព្រះវិហារគ្រឹស្តសាសនា Great Faith Ministries International ថា៖ «ខ្ញុំមកទីនេះដើម្បីស្តាប់លោកអ្នក។ នៅពេលដែលខ្ញុំប្រុងប្រៀបធ្វើការឃោសនាបោះឆ្នោតនៅទូទាំងប្រទេសជាតិ ខ្ញុំនឹងមានឱកាសលាតត្រដាងផែនការសេដ្ឋកិច្ចរបស់ខ្ញុំដែលនឹងល្អប្រសើរសម្រាប់ក្រុង Detroit»។
លោក Trump បាននិយាយថា ប្រទេសជាតិត្រូវការឱ្យមាន«របៀបវារៈមួយខាងសិទ្ធិពលរដ្ឋនៃសម័យរបស់យើង» ដោយមានការសិក្សាអប់រំល្អប្រសើរជាងមុននិងមានការងារល្អផងដែរ។
ការស្ទង់មតិសាធារណៈបង្ហាញថា លោកស្រី Hillary Clinton ដែលជាគូប្រជែងរបស់លោក Trump ខាងគណបក្សប្រជាធិបតេយ្យ មានការគាំទ្រច្រើនលើសលោក Trump ពីសំណាក់ក្រុមអ្នកបោះឆ្នោតជាក្រុមជនអំបូរភាគតិចក្នុងប្រទេសអាមេរិក៕