ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក Trump ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ម៉ិកស៊ិក​មុន​នឹង​លោក​លាតត្រដាង​ពី​គម្រោង​អន្តោប្រវេសន៍​របស់​លោក


លោក Donald Trump​ និង​លោក​ប្រធានាធិបតី Enrique Pena Nieto ស្ថិត​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្នុង​វិមាន Los Pinos ក្នុង​រដ្ឋធានី​ម៉ិកស៊ីកូ ប្រទេស​ម៉ិកស៊ិក កាលពី​ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦។

បេក្ខជន​ប្រធានាធិបតី​តំណាង​ឲ្យ​គណបក្ស​សាធារណរដ្ឋ​របស់​អាមេរិក​លោក Donald Trump និង​ប្រធានាធិបតី​ប្រទេស​ម៉ិកស៊ិក​លោក Enrique Pena Nieto បាន​ជួប​ពិភាក្សា​គ្នា​នៅ​ក្នុង​រដ្ឋធានី​ម៉ិកស៊ីកូ​ដែល​ប្រធានាធិបតី​ម៉ិកស៊ិក​ថ្លែង​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក Trump គឺជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ថា អាមេរិក​និង​ប្រទេស​ម៉ិកស៊ិក​មាន​សារៈសំខាន់​ចំពោះ​គ្នា។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​បន្ទាប់​ពី​កិច្ចប្រជុំនោះ​ លោក​ប្រធានាធិបតី Pena Nieto បាន​ថ្លែង​ថា ទំនាក់ទំនង​ទ្វេ​ភាគី​រវាង​ប្រទេស​ទាំង​ពីរ​គួរ​តែ​ផ្តោតលើ​ការ​គោរព​ចំពោះ​គ្នា​ទៅវិញ​ទៅមក។​

លោក​បាន​និយាយ​ចំអក​ដល់​ប្រទេស​ម៉ិកស៊ិក​ថា បាន​បញ្ជូន​ជន​អន្តោប្រវេសន៍​ដែល​ជា​ឧក្រិដ្ឋជន​ និង​ជន​រំលោភ​ផ្លូវ​ភេទ​ចូល​ដែនដី​អាមេរិក ហើយ​កេង​ចំណេញ​ផល​ប្រយោជន៍​ពី​អ្នក​ធ្វើ​ការ​ជនជាតិ​អាមេរិកាំង​តាមរយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដែល​មាន​អាយុកាល​ពីរ​ទសវត្សរ៍​មក​ហើយ​នោះ។​ លោក​ Trump បានទទួលការ​គាំទ្រ​ពី​សំណាក់​អ្នក​គាំទ្រ​គណបក្ស​សាធារណៈរដ្ឋ​រាប់​លាន​នាក់​ តាមរយៈ​ការ​ប្រកាស​សាងសង់​ជញ្ជាំង​នៅ​តាម​ព្រំដែន​អាមេរិក​ជាមួយ​នឹង​ប្រទេស​ម៉ិកស៊ិក ដើម្បី​រារាំង​ការ​ធ្វើ​អន្តោប្រវេសន៍​ខុស​ច្បាប់​ ហើយ​លោក​ក៏​បាន​បង្ខំ​ឲ្យ​ប្រទេស​ម៉ិកស៊ិក​បង់​ថ្លៃ​សាងសង់​ជញ្ជាំង​នេះ​ផង​ដែរ​ ដែល​គំនិត​នេះ​ត្រូវ​បាន​លោក​ប្រធានាធិបតី​ប្រទេស​ម៉ិកស៊ិក Pena Nieto ច្រាន​ចោល​ភា្លមៗ​ផង​ដែរ។

លោក​ប្រធានាធីបតី Pena Nieto បាន​ថ្លែង​ថា​ លោក​ និង​លោក Trump បាន​ពិភាក្សាគ្នា​ដោយ​បើក​ចំហរ ​និង​ប្រកប​ដោយ​ការ​ស្ថាបនា។ លោក​បាន​ថ្លែង​ថា លោក​ឆ្លៀត​ឱកាស​នោះ​ប្រាប់​ទៅ​លោក Trump ថា​ ពលរដ្ឋ​ម៉ិកស៊ិក​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​បាន​ជួយ​ដល់​អាមេរិក​យ៉ាង​ច្រើន​ ហើយ​ថា​ពួក​គេ​ជា​មនុស្ស​ឧស្សាហ៍​ និង​មាន​ភាព​ស្មោះត្រង់។​

ចំណែក​ឯ​លោក Trump វិញ លោក​បាន​ថ្លែង​នៅ​ឯ​សន្និសីទ​សារព័ត៌មាន​ថា លោក​មាន​អារម្មណ៍​ថា​ ពលរដ្ឋ​ម៉ិកស៊ិក​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ពិត​ជា​អស្ចារ្យ ហើយ​លោក​បាន​ហៅ​ពួកគេ​ថា អ្នក​ទាំង​នោះ​ជា​មនុស្ស​អស្ចារ្យ​ និង​ឧស្សាហ៍​ព្យាយាម​ផង​ដែរ។​
ប៉ុន្តែ​លោក​បាន​អំពាវ​នាវ​ឲ្យ​បញ្ចប់​ការធ្វើ​អន្តោប្រវេសន៍​ខុសច្បាប់​ពី​ប្រទេស​ម៉ិកស៊ិក​ ឬ​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​ ចូល​មក​ក្នុង​សហរដ្ឋ​អាមេរិក។ លោក​បាន​ថ្លែង​ថា ភាគី​ណា​មួយ​ មាន​សិទ្ធិ​ក្នុង​ការ​សាងសង់​ជញ្ជាំង​នៅ​តាម​ព្រំដែន​ដើម្បី​រារាំង​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ទាំង​នោះ៕

XS
SM
MD
LG