ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​ Trump បាន​បញ្ចប់​សុន្ទរកថា​ដែល​មាន​លក្ខណៈ​ទន់ភ្លន់​ជាង​មុន​​របស់​លោក​ពាក់ព័ន្ធ​នឹង​គោល​នយោបាយ​អន្តោប្រវេសន៍


លោក Donald Trump ថ្លែង​ក្នុង​យុទ្ធនាការ​មួយ​នៅ​មជ្ឈមណ្ឌល​សន្និសីទ Phoenix កាលពី​ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ នៅ​ក្នុង​ក្រុង Phoenix រដ្ឋ Arizona។

បេក្ខជន​ប្រធានាធិបតី​តំណាង​ឲ្យ​គណបក្ស​សាធារណរដ្ឋ​របស់​អាមេរិក​លោក​ Donald​ Trump​ បាន​បញ្ចប់​សុន្ទរកថា​ដែល​មាន​លក្ខណៈ​ទន់ភ្លន់​ជាង​មុនរបស់​លោក​ពាក់​ព័ន្ធ​នឹង​គោលនយោបាយ​អន្តោប្រវេសន៍​ ដោយ​ប្រកាស​ថា​លោក​នឹង​បញ្ជូន​ជន​អន្តោប្រវេសន៍​រាប់​លាន​នាក់​ដែល​គ្មាន​សំណុំ​ឯកសារ​ត្រឹម​ត្រូវ​រស់​នៅ​ក្នុង​សហរដ្ឋអាមេរិក​ ហើយ​បន្ត​ការ​ប្តេជ្ញា​របស់​លោក​ក្នុង​ការ​សាងសង់​ជញ្ជាំង​នៅ​តាម​ព្រំ​ប្រទល់​ភាគ​ខាង​ត្បូង​ហើយ​ឲ្យ​ប្រទេស​ម៉ិកស៊ិក​បង់​ថ្លៃ​សាងសង់។​

«មិន​មាន​ការ​លើកលែង​ ដែល​អាច​ឈាន​ដល់​ការ​ផ្តល់​សញ្ជាតិ​ដល់​ជន​អន្តោប្រវេសន៍​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​នោះ​ទេ‍។​ ប្រទេស​ម៉ិកស៊ិក​ត្រូវ​បង់​ថ្លៃ​សាង​សង់​ជញ្ជាំង​នោះ​១០០ភាគរយ​» នេះ​គឺ​ជា​សារ​ដែល​លោក​ Trump បាន​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​ Twitter​ របស់​លោក​កាល​ពី​ថ្ងៃព្រហស្បតិ៍។ លោក​ Trump​ បាន​លើក​ឡើង​ពី​គម្រោង​អន្តោប្រវេសន៍​ដ៏​តឹងរ៉ឹង​របស់​លោក​នៅ​ក្នុង​សុន្ទរកថា​នៅ​ឯ​រដ្ឋ Arizona ដែល​ជា​រដ្ឋព្រំ​ប្រទល់​ភាគ​និរតី​របស់​អាមេរិក​ជាប់​នឹង​ប្រទេស​ម៉ិកស៊ិក ​កាល​ពី​ល្ងាច​ថ្ងៃពុធ​កន្លង​ទៅ​នេះ​ថា​ ប្រសិន​បើ​លោក​ឈ្នះ​លោកស្រី​ Hillary​ Clinton​ នៅ​ក្នុង​ការ​បោះឆ្នោត​ខែវិច្ឆិកា​ខាង​មុខ​នេះ​ ដែល​គម្រោង​នេះ​គឺជា​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ការ​បន្ថយ​ភាព​តានតឹង​នៃ​បញ្ហា​អន្តោប្រវេសន៍​ខុស​ច្បាប់​ពី​ប្រទេស​ម៉ិកស៊ិក​និង​បណ្តា​ប្រទេស​នៅ​អាមេរិក​កណ្តាល​ចូល​មក​កាន់​សហរដ្ឋអាមេរិក។ សុន្ទរកថា​នោះ​ត្រូវ​បាន​ធ្វើ​ឡើង​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​ លោក​ Trump​ បាន​ធ្វើ​ដំណើរ​រយៈ​ពេល​ខ្លីទៅ​កាន់​រដ្ឋធានី​ម៉ិកស៊ីកូ​ ដើម្បី​ពិភាក្សា​ទៅ​លើ​បញ្ហា​អន្តោប្រវេសន៍​ និង​បញ្ហា​ដទៃ​ផ្សេង​ទៀត​ជាមួយ​នឹង​ប្រធានាធិបតី​ប្រទេស​ម៉ិកស៊ិក​លោក​ Enrique​ Pena​ Nieto៕

XS
SM
MD
LG