ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​ស្រី​ Jill Stein នៃ​​គណបក្ស​​បៃតង​មើល​ឃើញ​ពី​​វិធី​យក​ឈ្នះ​លើ​លោក​ស្រី​ Clinton ​និង​លោក Trump


លោក​ស្រីបណ្ឌិត​ Jill Stein បេក្ខជន​ប្រធានាធិបតី​សម្រាប់​គណបក្ស​បៃបង​ ថ្លែង​នៅ​ក្នុង​ការ​ជួប​ជុំ​គ្នា​មួយ​នៅ​​ក្រុង Philadelphia កាល​ពី​ថ្ងៃទី២៧ ខែ​កក្កដា។

លោក​ស្រី​ Jill Stein ​បេក្ខជន​គណបក្ស​បៃតង​ បាន​​មាន​ប្រសាសន៍​ថា​ លោក​ស្រី​មាន​​​ឱកាស​នឹង​ក្លាយ​ជា​ប្រធានា​ធិបតី​បន្ទាប់​របស់​អាមេរិក ​ទោះ​បី​ជា​លោក​ស្រី​ត្រូវ​ពុះពារ​ខ្លាំង​ដើម្បី​យក​ឈ្នះ​អ្វី​ដែល​ជា​ប្រព័ន្ធ​មួយ​​មាន​គណបក្ស​ធំ​បំផុត​ពីរ​ នៅ​ក្នុងការ​បោះឆ្នោត​ជាតិ​ក៏​ដោយ។

នៅ​ក្នុង​កម្ម​វិធី​សាលា​ក្រុង​របស់​ទូរទស្សន៍​ CNN ​ដែល​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​១៧​ខែ​សីហា ​លោក​ស្រី​ Stein បានហៅ​កំណត់​ត្រា​របស់​អ្នកប្រជាធិបតេយ្យ​លោក​ស្រី​ Hillary ​Clinton ​ថា​ជា​កំណត់ត្រាដែល«គួរ​ឲ្យ​រំខាន​ខ្លាំង​ណាស់»​ និង​បានពិពណ៌នា​បេក្ខជន​ពី​គណបក្ស​សាធារណរដ្ឋ​លោក​ Donald Trump ថា​ជា​មនុស្ស​ម្នាក់​ដែល​ «វាយ​ប្រហារលើជនភៀស​ខ្លួន ជា​អ្នក​ក្រអឺតក្រទម​ភ័យ​ខ្លាចជន​បរទេស​ និង​ជា​អ្នករើសអើង​ពូជ​សាសន៍»។

លោក​ស្រី​បាន​និយាយ​ថា៖ «ខ្ញុំ​នឹង​មាន​បញ្ហា​គេង​មិន​លក់​នៅ​ពេល​យប់​ ប្រសិន​បើ​ Donald Trump ​ជាប់​ឆ្នោត ហើយ​ខ្ញុំ​ក៏​នឹង​មាន​បញ្ហាគេងមិន​លក់​នៅពេលយប់​ដូចគ្នាដែរ​ ប្រសិនបើ Hillary Clinton ​ជាប់​ឆ្នោត​នោះ»។

នៅ​ក្នុង​ការ​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ​២០០០​ បេក្ខជន​គណបក្ស​បៃតង​ លោក​ Ralph Nader ​ទទួល​បាន​ការ​គាំទ្រ​ជិត​៣​ភាគរយ​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ដែល​មនុស្ស​ជា​ច្រើន​ជឿ​ថា​ លោក​ Al Gore ​ខាង​គណបក្ស​ប្រជា​ធិបតេយ្យ​ បាន​ចាញ់​គណបក្សសាធារណរដ្ឋ​របស់​លោក​ George Bush​ ដោយសារ​អ្នក​បោះ​ឆ្នោតទាំងនោះ​ជ្រើសរើស​បោះ​ឆ្នោត​ឲ្យ​លោក​ Nader។​ នៅ​ពេល​សួរថា​ តើ​លោក​ស្រីរំពឹង​ថា​បេក្ខភាព​របស់​លោក​ស្រី​នឹង​មាន​ឥទ្ធិពល​ដូច​កាលនោះ​ឬ​អត់ ​លោក​ស្រី​ Stein ​មិន​បាន​យល់​ថា ​បេក្ខភាព​របស់​លោក​ស្រី​នឹង​ដើរ​ទៅ​រក​ផ្លូវ​នោះ​ទេ។

«មិនមែន​ជា​ការ​បំបែក​សំឡេង​ឆ្នោតទេ​ ប៉ុន្តែ​ជា​ការ​ជំរុញ​ការ​បោះឆ្នោត​ដោយ​សក្តានុពល​ ដើម្បី​ឲ្យ​គណបក្ស​តូច​តាច​ដូច​ពួក​យើង​ ទទួល​បាន​ភាព​ជាអ្នកនាំ​មុខ​ ហើយ​ជាក់​ស្តែង​ យើង​អាច​នឹង​លេច​ធ្លោ​បាន​ ប្រសិនបើ​យើង​ក្រោក​ឈរ​ឡើង​ដោយ​ទឹកចិត្ត​ក្លាហាន​ជាមួយ​ការ​តាំង​ចិត្ត​របស់​យើង»។

ការ​ជឿជាក់​មួយ​ភាគ​ធំ​របស់​លោក​ស្រី​ដែល​ជឿ​ថា​នឹង​មានឱកាស​ឈ្នះ​ការ​បោះ​ឆ្នោត​នេះ​ ​គឺ​ផែន​ការ​ទាក់​ទាញ​អ្វី​ដែល​លោក​ស្រី​បាន​ហៅ​ថា​ «ពហុភាព​នៃ​ជ័យ​ជម្នះ» ពី​ប្រជា​ពលរដ្ឋ​វ័យ​ក្មេង​ចំនួន​៤៣​លាន​នាក់​ ដែល​កំពុង​ជាប់​ជំពាក់បំណុល​សេដ្ឋកិច្ច​ដោយ​សារ​កម្ចី​សម្រាប់​បង់​ថ្លៃ​ការ​សិក្សា។​ លោក​ស្រី ​Stein ​ចង់​លុប​បំបាត់​បំណុល​នេះ​ តាម​រយៈ​ប្រតិបត្តិការ​របស់​ធនាគារ​កណ្តាល​សហព័ន្ធ​អាមេរិក​ ដែល​នឹង​អនុញ្ញាត​ឲ្យ​ប្រជា​ពលរដ្ឋ​ចំណាយ​ថវិកា​ដែល​ជា​បំណុល​ទាំង​នោះ​ទៅ​លើ​ផ្នែក​ផ្សេង​ទៀត​នៃ​សេដ្ឋកិច្ច ជាជាង​ចំណាយ​សម្រាប់​បង់​ប្រាក់​កម្ចី​សិក្សា​នេះ។

«វា​ជា​រឿង​អាក្រក់​សម្រាប់​ពួក​គេ​ វា​មិន​ល្អ​សម្រាប់​សង្គមយើង​ទាំង​មូល​ ដោយសារ​ក្មេងៗ​ជំនាន់​ក្រោយ​តែងតែ​ជា​អ្នក​ដឹកនាំ​យើង​ទៅមុខ​ ដើម្បី​បង្កើត​សេដ្ឋកិច្ច​នៅ​ពេល​អនាគត​ និង​ដឹកនាំ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​សង្គម​ដែល​យើង​ត្រូវ​ការ​ចាំបាច់​នៅ​ពេល​ឥឡូវ​នេះ»។

លោក​ស្រី​ក៏​ចង់​បង្កើត​ការងារ​តាម​រយៈ​ការ​ផ្លាស់​ប្តូរ​ឧស្សាហកម្ម​ថាមពល​របស់​ប្រទេស ​ទៅ​ប្រើ​ប្រាស់​ប្រភព​ថាមពល​កើត​ឡើង​វិញ​ទាំងស្រុង​នៅ​ឆ្នាំ​២០៣០។ ចំណែក​បញ្ហា​កងទ័ព​ លោក​ស្រី​ Stein ​ចង់​កាត់​បន្ថយ​ការ​ចំណាយ​រហូត​ដល់​៥០​ភាគរយ បញ្ចប់​ការ​វាយ​ប្រហារ​ដោយ​យន្ត​ហោះ drone ​និង​បិទ​ទីតាំង​មូលដ្ឋាន​ទ័ព​សហរដ្ឋ​អាមេរិក​ទាំងអស់​ដែល​មាន​នៅ​ក្រៅ​ប្រទេស។

លោក​ស្រី​បាន​និយាយអំពី​គោល​នយោបាយ​របស់​លោក​ស្រី​ថា៖ «ធ្វើ​ឲ្យ​ការ​អប់រំ​ថ្នាក់​ឧត្តមសិក្សា​មិន​ចាំ​បាច់​បង់​ថ្លៃ ​ធ្វើ​ឲ្យ​ការ​ថែទាំ​សុខភាព​ជា​តម្រូវ​ការ​សិទ្ធិ​មនុស្ស បើក​ផ្លូវ​ទទួល​អ្នក​ចូល​សញ្ជាតិ​ បញ្ចប់​អំពើ​ហិង្សា​របស់​ពួក​ប៉ូលិស និង​មាន​គោល​នយោបាយ​ការ​បរទេស​ដែល​ផ្អែក​លើ​ច្បាប់​អន្តរជាតិ​ សិទ្ធិ​មនុស្ស​ និង​យុត្តិធម៌​ផ្នែក​សេដ្ឋកិច្ច​ មិនមែនជា​ការ​គ្រប់​គ្រង​ដោយ​ទាហាន ​និង​សេដ្ឋកិច្ច​ដែល​វាយ​បក​មក​លើ​យើង​វិញ​យ៉ាង​ធ្ងន់ធ្ងរ​នោះ​ទេ»។

ឧបសគ្គ​មួយ​ដែល​លោក​ស្រី ​Stein​ ត្រូវ​ជម្នះ​នោះ​គឺ​ភាព​ល្បីល្បាញ​របស់​លោក​ Trump ​ និង​លោក​ស្រី​ Clinton ​ដែល​គេ​ស្គាល់​ជា​សាធារណៈ ​និង​ជា​បេក្ខជន​ឈរ​ឈ្មោះ​តំណាង​ឲ្យ​គណបក្ស​ធំៗ​ដែល​ពួក​គេ​បាន​ចេញ​មុខ​ជា​សាធារណៈ​ច្រើន​លើ​មក​ហើយ។ លោក​ស្រី​ Stein ​បាន​ចេញ​លិខិត​ចំហរ​មួយ ដោយ​អំពាវនាវ​ឲ្យ​បេក្ខជន​ទាំងពីរ​រូប​នេះ​ ចូល​រួម​ក្នុង​ការ​ជជែក​ដេញ​ដោល​ជាមួយ​លោក​ស្រី​ និង​ជាមួយ​បេក្ខជន​គណបក្ស​សេរី​និយម​លោក​ Gary Johnson។

មាន​គម្រោងពិភាក្សា​ថ្នាក់​ជាតិ​ចំនួន​បួន​ដង​ក្នុង​ឆ្នាំ​នេះ ​រវាង​បេក្ខជន​ឈរ​ឈ្មោះ​សម្រាប់​តំណែង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​ដែល​នឹង​ផ្សាយ​តាម​ទូរទស្សន៍។ ប៉ុន្តែ​ គណៈកម្មការ​ដែល​រៀបចំការពិក្សា​នេះ តម្រូវ​ឲ្យ​បេក្ខ​ជន​តំណាង​ម្នាក់ៗ ​មាន​ការ​គាំ​ទ្រ​១៥​ភាគរយ​ នៅ​ក្នុង​ការិយាល័យ​បោះឆ្នោត​ជាតិ​ចំនួន​ប្រាំ​កន្លែង​ ដើម្បី​គ្រប់​លក្ខខណ្ឌ​ចូលរួម​ក្នុង​ការ​ពិភាក្សា​នេះ។ ការ​ស្ទង់​មតិ​នា​ពេល​ចុង​ក្រោយ​ថ្មីៗ​នេះ​បង្ហាញ​ថា​ លោក​ Johnson​ ទទួល​បាន​៨​ភាគរយ​ ហើយ​លោក​ស្រី​ Stein ទទួល​បាន​ប្រហែល​៣​ភាគ​រយ។ ដូច្នេះ​ នា​ពេល​នេះ​ អ្នក​ទាំង​ពីរ​មិន​ទាន់​មាន​អ្នក​ណា​គ្រប់​លក្ខខណ្ឌ​ចូលរួម​ក្នុង​កិច្ច​ពិភាក្សា​នោះ​ឡើយ។

លិខិត​របស់​លោក​ស្រី​សរសេរ​ថា៖ «ការ​ពិភាក្សា​ដេញ​ដោល​សម្រាប់​តំណែង​ប្រធានាធិបតី​ គឺ​ជា​កម្មវិធី​ដ៏​សំខាន់​បំផុត​នៅ​ក្នុង​យុទ្ធការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី។ កម្មវិធី​ទាំង​នេះ​ គួរតែ​ផ្តល់​ឱកាស​ឲ្យ​បាន​ច្រើន​សម្រាប់​ឲ្យអ្នក​បោះឆ្នោត​បាន​ឃើញ​បេក្ខជន​ឈរ​ឈ្មោះ​ទាំង​អស់​នៅ​ទូទាំង​ប្រទេស​ ដែលពិភាក្សា​អំពី​បញ្ហា​សំខាន់ៗ​ក្នុង​លក្ខណៈ​មួយ​ដែល​មិន​សរសេរ​ព្រៀង​ទុក​មុន​ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​អាច​ធ្វើ​ការ​សម្រេច​ចិត្ត​ដោយ​ការ​ទទួល​បាន​ព័ត៌មាន​គ្រប់គ្រាន់»។

លោក​ស្រី​ Stein ​បាន​និយាយ​នៅ​លើ​វេទិកា​ CNN ​ថា​ ការ​ផ្លាស់​ប្តូរ​ប្រព័ន្ធ​ដើម្បី​អនុញ្ញាត​ឲ្យ​លោក​ស្រី​ និង​លោក​ Johnson ​ចូល​រួម​ក្នុង​កិច្ច​ពិភាក្សា​សួរ​ដេញ​ដោល​នោះ​ នឹង​ត្រូវ​សម្រេច​ដោយ​មតិសាធារណៈ។

លោក​ស្រី​និយាយ​ថា​៖ «យើង​មាន​សិទ្ធិ​ដឹង​ថា​ អ្នក​ណា​ជា​ជម្រើស​របស់​យើង»។

កាល​ពី​ថ្ងៃ​ទី​១៧​ ខែ​សីហា​ នៅ​ក្នុង​វេទិកា ​Fusion ​មួយ​ លោក​ Johnson ក៏​បាន​បង្ហាញ​នូវ​ភាព​ជឿជាក់​ថា​ លោកមិន​ត្រូវការ​ការ​ផ្លាស់​ប្តូរ​អ្វី​ទេ​ដើម្បី​ឲ្យ​លោក​បាន​ចូល​ក្នុង​កិច្ច​ពិភាក្សា​ទាំង​នោះ។ ​លោក​យល់​ថា​ លោក​មាន​ឱកាស​៥០​ភាគរយ​ដើម្បី​ទទួល​បាន​ការ​គាំទ្រ​១៥​ភាគរយ​ និង​ចូល​រួម​ក្នុង​កិច្ច​ពិភាក្សា​សួរ​ដេញ​ដោល ដែល​នឹង​ធ្វើ​ឡើង​លើក​ទី​មួយ​នៅ​ថ្ងៃ​ទី​២៦ ខែ​កញ្ញា​នេះ៕

ប្រែ​សម្រួល​ដោយ​ សើ​ សាយ្យាណា

XS
SM
MD
LG