ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ថា សហរដ្ឋ​អាមេរិក​ប្រាកដ​ជា​មិន​ចង់​មាន​សង្គ្រាម​ជាមួយ​នឹង​អ៊ីរ៉ង់​នោះ​ទេ


លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​មួយ​ជាមួយ​នឹង​ ព្រះ​អង្គ​ម្ចាស់​រជ្ជទាយាទ Salman bin Hamad bin Isa Al Khalifa នៃ​ប្រទេស​បារ៉ែន នៅ​ក្នុង​សេតវិមាន កាលពី​ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​និយាយ​ថា ការ​វាយ​ប្រហារ​របស់​យោធា​អាមេរិកាំង​ណា​មួយ​លើ​ប្រទេស​អ៊ីរ៉ង់​នឹង​ធ្វើ​ឡើង​ឲ្យ​មាន​សមាមាត្រ​គ្នា​ជាមួយ​នឹង​ការ​វាយ​ប្រហារ​ដែល​ធ្វើ​ឡើង​លើ​កន្លែង​ប្រេង​ក្នុង​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត។

កាល​ពី​រសៀល​ថ្ងៃ​ចន្ទ​ម្សិលមិញ​នៅ​ឯ​ទីធ្លា​ខាង​ត្បូង​នៃ​សេតវិមាន នៅ​ពេល​ដែល​អ្នក​កាសែត​សួរ​អំពី​ការ​រិះគន់​ដោយ​ផ្ទាល់​របស់​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo ដែល​ថា​អ៊ីរ៉ង់​ជា​អ្នក​វាយ​ប្រហារ​លើ​កន្លែង​ប្រេង​របស់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត លោក Trump បាន​ឆ្លើយ​ថា៖ «ខ្ញុំ​គិត​ថា លោក Pompeo និង​ខ្ញុំ​គឺ​ដូច​គ្នា»។

លោក Trump បាន​បន្ថែម​ទៀត​ថា យើង​នឹង​ដឹង​ថា​នរណា​ជា​អ្នក​ទទួល​ខុស​ត្រូវ «ពិត​ប្រាកដ​នៅ​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាង​មុខ​នេះ»។

កាល​ពី​រសៀល​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ​ដែរ លោក Trump បាន​ប្រាប់​អ្នក​កាសែត​នៅ​ក្នុង​ការិយាល័យ​របស់​លោក​ក្នុង​អំឡុង​ពេល​ជួប​ប្រជុំ​ជាមួយ​នឹង​ព្រះ​អង្គ​ម្ចាស់​រជ្ជទាយាទ Salman bin Hamad bin Isa Al Khalifa នៃ​ប្រទេស​បារ៉ែន ថា ទោះបីជា​លោក​មិន​ចង់​មាន​សង្គ្រាម​ជាមួយ​នឹង​ប្រទេស​អ៊ីរ៉ង់​ក៏​ដោយ ក៏ «សហរដ្ឋ​អាមេរិក​ត្រៀម​ខ្លួន​រួចរាល់» សម្រាប់​ជម្លោះ ជាង​ប្រទេស​ណាៗ​ទាំង​អស់​នៅ​ក្នុង​ប្រវត្តិសាស្ត្រ។

លោក​បាន​បន្ថែម​ថា៖ «និយាយ​ដូច្នេះ​គឺ​ចង់​មាន​ន័យ​ថា យើង​ប្រាកដ​ជា​មិន​ចង់​មាន​សង្គ្រាម​ជា​ដាច់​ខាត»។

នៅ​ពេល​ដែល​អ្នក​កាសែត​សួរ​លោក Trump ថា​តើ​លោក​មាន​បាន​សន្យា​ជាមួយ​នឹង​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ថា សហរដ្ឋ​អាមេរិក​នឹង​ការពារ​ពួកគេ​ដែរ​ឬ​ក៏​យ៉ាង​ណា​នោះ លោក​បាន​ឆ្លើយ​យ៉ាង​ដូច្នេះ​ថា៖ «ទេ ខ្ញុំ​មិន​បាន​សន្យា​ជាមួយ​នឹង​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ដូច្នេះ​ទេ។ យើង​ត្រូវតែ​អង្គុយ​ចុះ​ពិភាក្សា​ជាមួយ​នឹង​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត និង​ស្វែង​រក​ដំណោះស្រាយ»។

លោក Trump បាន​ប្រកាស​ថា លោក Pompeo និង​មន្ត្រី​អាមេរិកាំង​ផ្សេង​ទៀត​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត៕

XS
SM
MD
LG