ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យោធាអាមេរិក​នឹង​ដាក់​បង្ហាញ​ពី​ជម្រើស​ជាច្រើន​ទៅ​លោក ត្រាំ​ ពាក់​ព័ន្ធ​នឹង​បញ្ហា​ប្រទេស​អ៊ីរ៉ង់


ភ្លើង​ឆេះ​ក្រុម​ហ៊ុន​ប្រេង​របស់​ប្រទេស​អារ៉ាប៊ីសាអូឌីត ដែល​វាយ​ប្រហារ​ដោយ​ក្រុម​ឧទ្ទាម Houthi នៅ​ប្រទេស​យេម៉ែន កាល​ពី​ថ្ងៃ​ទី​១៤ កញ្ញា ២០១៩។

ទីបញ្ជាការ​ប៉ង់តាហ្គូន​នឹង​ដាក់​បង្ហាញ​ជម្រើស​នានា​របស់​យោធា​ទៅ​លោក​ប្រធានាធិបតី ​ដូណាល់ ត្រាំ​ នៅ​ថ្ងៃសុក្រុ​នេះ​ ខណៈ​លោក​ពិចារណា​អំពី​ថា​តើ​ត្រូវ​ឆ្លើយ​តប​បែប​ណា​ ទៅ​នឹង​អ្វី​ដែល​មន្រ្តី​រដ្ឋបាល​និយាយ​ថា ​ជា​ការវាយប្រហារ​របស់អ៊ីរ៉ង់​មិន​ដែល​ធា្លប់​មាន​ពី​មុនមក​ទៅ​លើ​ឧស្សាហកម្ម​ប្រេង​របស់​ប្រទេស​អារ៉ាប៊ី​សាអូឌីត។​

នៅក្នុង​កិច្ចប្រជុំ​នៅ​ឯសេត​វិមាន​ លោក​ប្រធានា​ធិបតី​នឹង​ត្រូវ​បាន​បង្ហាញ​អំពី​ជម្រើស​នានា​នៃ​ការ​វាយ​ប្រហារ​តាម​អាកាស​ទៅ​លើ​ប្រទេស​អ៊ីរ៉ង់​ ហើយក៏​នឹង​មាន​ការព្រមាន​ទៅ​កាន់​លោក​ប្រធានាធិបតី​ថា​ សកម្មភាព​របស់​យោធា​ប្រឆាំង​នឹង​សាធារណរដ្ឋ​ឥស្លាម​អាច​បង្ក​ជា​សង្គ្រាម។ នេះ​បើ​យោង​តាម​ក្រុមមន្រ្តី​សហរដ្ឋអាមេរិក​ដែល​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ។​

កិច្ចប្រជុំ​ស្តី​ពី​សន្តិ​សុខ​ជាតិ​ទំនង​ជា​នឹង​ក្លាយ​ជា​ឱកាស​លើក​ទីមួយ​ដើម្បី​ធ្វើការ​សម្រេច​លើ​យុទ្ធសាស្រ្ត​ ថាតើ​សហរដ្ឋអាមេរិក​គួរ​ឆ្លើយ​តប​យ៉ាង​ណា​ចំពោះ​ការ​វាយ

ប្រហារ​ទៅ​លើ​សម្ព័ន្ធមិត្ត​សំខាន់​របស់​ខ្លួន​នៅ​តំបន់​មជ្ឈិមបូព៌ា។ រាល់​ការសម្រេចចិត្ត​ណា​មួយ​ប្រហែល​ជា​នឹង​ត្រូវ​ពឹង​ផ្អែក​លើ​ភស្តុតាង​ដែល​សហរដ្ឋ​អាមេរិក​និង​ក្រុម​អ្នក​ស៊ើប​អង្កេត​អារ៉ាប៊ី​សាអូឌីត​រក​ឃើញ​ថា​ គា្រប់ម៉ីស៊ីល​ និង​ការ​វាយ​ប្រហារ​ដោយ​យន្ត​ហោះ​ដ្រូន​ធ្វើ​ឡើង​ដោយ​ប្រទេស​អ៊ីរ៉ង់​ ដូច​ទៅ​នឹង​អ្វី​ដែល​មន្រ្តី​មួយ​ចំនួន​រួម​ទាំង​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​លោក ​Mike Pompeo​ បាន​អះអាង​ដែរ​នោះ។

ប្រទេស​អ៊ីរ៉ង់​បាន​បដិសេធ​ថា​ខ្លួន​មិន​ជាប់​ពាក់ព័ន្ធ​នៅ​ក្នុង​ការវាយ​ប្រហារ​នេះ​ទេ​ និង​បាន​ព្រមាន​សហរដ្ឋអាមេរិក​ថា​ រាល់​ការ​វាយប្រហារ​ណា​មួយ​ដោយ​សហរដ្ឋ​អាមេរិក​មក​លើ​ប្រទេសអ៊ីរ៉ង់​ នឹង​បង្ក​ឲ្យ​មាន​សង្គ្រាម​សងសឹក​វិញ​ភ្លាមៗ​ពី​ភាគីអ៊ីរ៉ង់៕

XS
SM
MD
LG