រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo នឹងធ្វើដំណើរនៅថ្ងៃពុធនេះទៅកាន់ទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអ៊ូឌីតដើម្បីពិភាក្សាជាមួយនឹងមន្ត្រីរដ្ឋាភិបាលនៃប្រទេសនេះអំពីវិធីឆ្លើយតបទៅនឹងការវាយប្រហារលើតំបន់ប្រេងរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដែលសហរដ្ឋអាមេរិកគិតថា ការវាយប្រហារនេះធ្វើឡើងដោយប្រទេសអ៊ីរ៉ង់។
ទីភ្នាក់ងារព័ត៌មាន IRNA របស់រដ្ឋាភិបាលអ៊ីរ៉ង់បានរាយការណ៍នៅថ្ងៃពុធនេះថា ប្រទេសអ៊ីរ៉ង់បានបញ្ជូនកំណត់ទូតមួយទៅកាន់សហរដ្ឋអាមេរិក ដោយបញ្ជាក់ថា ខ្លួនគ្មានការពាក់ព័ន្ធនៅក្នុងការវាយប្រហារនេះ និងបានព្រមានថា ប្រសិនបើមានសកម្មភាពណាមួយធ្វើឡើងប្រឆាំងនឹងអ៊ីរ៉ង់ នោះអ៊ីរ៉ង់នឹងតបតវិញភ្លាមៗដោយមិនបង្អង់យូរ។
ពួកឧទ្ទាមដែលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសយេមែនបានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារដែលបានធ្វើឡើងកាលពីថ្ងៃសៅរ៍សប្ដាហ៍មុននេះ ដែលធ្វើឲ្យប៉ះពាល់ដល់ផលិតកម្មប្រេងអារ៉ាប៊ីសាអ៊ូឌីតចំនួនពាក់កណ្ដាល។ ប៉ុន្តែមន្ត្រីអាមេរិកាំងបាននិយាយថា ភស្តុតាងដែលមានមិនបង្ហាញដូច្នេះនោះទេ។
មន្ត្រីការពារជាតិអាមេរិកាំងម្នាក់បានប្រាប់ VOA កាលពីថ្ងៃអង្គារម្សិលមិញថា៖ «ការសន្និដ្ឋានរបស់យើងគឺថា ការវាយប្រហារនេះមិនមែនធ្វើឡើងចេញពីប្រទេសយេមែន ឬក៏ប្រទេសអ៊ីរ៉ាក់នោះទេ»។មន្ត្រីរូបនោះបានបន្ថែមថា ក្រុមអ្នកស៊ើបអង្កេតវិទ្យាសាស្ត្ររបស់សហរដ្ឋអាមេរិកកំពុងធ្វើការជាមួយនឹងរដ្ឋាភិបាលអារ៉ាប៊ីសាអ៊ូឌីតនៅកន្លែងរងការវាយប្រហារនោះដើម្បីវិភាគលើកម្ទេចមីស៊ីលដែលគេបាញ់មក។
ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani បានបញ្ជាក់នៅថ្ងៃពុធនេះថា ប្រទេសយេមែនបានធ្វើការវាយប្រហារនេះដើម្បីជា «ការព្រមាន» ចំពោះប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដោយសារតែអារ៉ាប៊ីសាអ៊ូឌីតបានដឹកនាំសម្ព័ន្ធភាពមួយដើម្បីវាយប្រហារពួក Houthi៕