ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​ Trump​ ​ប្រកាស​តាម​ Twitter ថា​លោក​ Pence ជា​បេក្ខជន​អនុ​ប្រធានាធិបតី​របស់​លោក


អភិបាល​រដ្ឋ Indiana លោក Mike Pence ចូល​រួម​ជាមួយ​លោក​ Trump ក្នុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត។ លោក​ត្រូវ​បាន​លោក​ Trump ជ្រើស​រើស​ជា​បេក្ខជន​អនុប្រធានាធិបតី​សម្រាប់​គណបក្ស​សាធារណ​រដ្ឋ។

លោក ​Donald Trump​ ដែល​ត្រូវ​សន្មត​ថា​នឹង​ទទួល​ការ​តែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​ស.រ.អា.​ខាង​គណបក្ស​សាធារណរដ្ឋ​បាន​ប្រកាស​ថា​ លោក Mike Pence​ អភិបាល​រដ្ឋ​ Indiana ជា​ឥស្សរជន​ដែល​លោក​ជ្រើស​រើស​ឱ្យ​ធ្វើ​ជា​បេក្ខជន​អនុប្រធានាធិបតី​របស់​លោក។ ការ​ប្រកាស​នេះ បញ្ចប់​ការ​និយាយ​ស្មានៗ​ច្រើន​សប្តាហ៍​មក​ហើយ​នោះ។

លោក ​Trump ​បាន​ប្រកាស​អំពី​ការ​ជ្រើសរើស​របស់​លោក​នៅ​ក្នុង​សារ​មួយ​តាម Twitter ​កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ។ ​Tweet ​របស់​លោក ​Trump ​បាន​និយាយ​ថា «ខ្ញុំ​រីករាយ​ដោយ​ប្រកាស​ថា ​ខ្ញុំ​ជ្រើស​រើស​លោក​អភិបាល​រដ្ឋ​ Mike Pence ​ជា​បេក្ខជន​អនុប្រធានាធិបតី​របស់​ខ្ញុំ»​ ដោយ​លោក​បាន​និយាយ​បន្ថែម​ថា​ «ខ្ញុំនឹង​ធ្វើ​សន្និសីទ​កាសែត​មួយ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ដើម្បី​ប្រកាស​ការ​ជ្រើសរើស​នេះ​ជា​ផ្លូវការ»។​

មាន​ការយល់​ឃើញ​ថា​ លោក​ Pence ​ជា​ដៃ​គូ​ល្អ​ម្នាក់​ខាង​យុទ្ធសាស្ត្រ​សម្រាប់​លោក​ Trump។ ​អភិបាល​រដ្ឋ​អភិរក្ស​និយម​រូបនេះ​មាន​ប្រជាប្រិយភាព​ជាមួយ​ពួក​អភិរក្ស​និយម​ខាង​សង្គម​ដែល​ជា​ក្រុម​អ្នកបោះឆ្នោត​សំខាន់​មួយ​សម្រាប់​លោក Trump។ លក្ខណៈ​សម្បត្តិ​មិន​ចង់​ចេញ​មុខ​មាត់​របស់​លោក​ក៏​មាន​ភាព​ផ្ទុយ​ស្រឡះ​ពី​លក្ខណៈ​សម្បត្តិ​របស់លោក​ Trump ​ដែល​ប្តូរ​ចិត្ត​ឆាប់​រហ័ស​ហើយ​ ជួន​កាល​មាន​ភាព​ឆេវឆាវ​ផងដែរ។

លោក ​Pence ​ដែល​មាន​អាយុ៥៧​ឆ្នាំ​ បាន​ឈ្នះ​បេក្ខជន​ផ្តាច់ព្រ័ត្រ​ពីរ​នាក់​ទៀត​គឺ​លោក​ Chris Christie​ អភិបាល​រដ្ឋ​ New Jersey ​និង​លោក​ Newt Gingrich ​អតីត​ប្រធាន​សភា​តំណាង​រាស្ត្រ​អាមេរិកាំង។ សេចក្តី​ប្រកាស​នេះ​បាន​បញ្ចប់​ការ​និយាយ​ស្មានៗ​ដោយ​បណ្តាញ​ផ្សាយ​ព័ត៌មាន​ជា​ច្រើន​អាទិត្យ​មក​ហើយ​នោះ៕

XS
SM
MD
LG