រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ និយាយថាខ្លួននឹងដកមាត្រាមួយនៃច្បាប់ធានារ៉ាប់រងសុខភាព។ ការដកនេះនឹងផ្តល់លទ្ធភាពគ្រប់គ្រាន់ឲ្យអង្គការមិនរកប្រាក់កម្រៃ និងក្រុមហ៊ុនពាណិជ្ជកម្មសាធារណៈទាំងឡាយ បញ្ឈប់ធានា លើការពន្យារកំណើត នៅក្នុងសេវាកម្ម ដែលអង្គការនិងក្រុមហ៊ុនទាំងនោះទិញការធានារ៉ាប់រងជូនដល់បុគ្គលិករបស់គេ។
ក្រសួងសុខាភិបាលនិងសង្គមកិច្ចអាមេរិកបានចេញបទប្បញ្ញត្តិមួយឈុតកាលពីថ្ងៃសុក្រ ដែលចូលជាធរមានភ្លាមៗ ដោយបានបញ្ជាក់ថា នេះជាការពង្រីកបុព្វសិទ្ធិដែលបានផ្តល់ជូនកាលពីលើកមុនដល់ក្រុមហ៊ុនឯកជននានាដែលនិយាយថា ពួកគេមានការជំទាស់រឿងពន្យាកំណើតតាមបែបសាសនា។
បទប្បញ្ញត្តិនេះត្រូវគេផ្សព្វផ្សាយកាលពីថ្ងៃសុក្រនៅក្នុងកំណត់ត្រារបស់រដ្ឋាភិបាលសហព័ន្ធ ដែលកត់ត្រាឯកសាររដ្ឋាភិបាលសហព័ន្ធជាផ្លូវការ ដោយបានពង្រីកវិសាលភាព ដោយសម្រេចថាថៅកែក្រុមហ៊ុននានាមិនត្រូវទិញការធានារ៉ាប់រងចំពោះការពន្យារកំណើតទេ ប្រសិនបើក្រុមហ៊ុនទាំងនោះប្រកាន់ដោយចិត្តស្មោះតាមបែបសាសនាឬក៏ជំទាស់ដោយគោលការណ៍លីលធម៌។ បទប្បញ្ញតិនោះនឹងជំរុញឲ្យស្រី្តដែលធ្វើការងារឲ្យក្រុមហ៊ុនទាំងនោះចំណាយលុយទិញថ្នាំពន្យារកំណើតនិងឧបករណ៍នានាដោយខ្លួនឯង។
មន្ត្រីក្រសួងសុខាភិបាលនិងសង្គមកិច្ចអាមេរិកបានប្រាប់ក្រុមអ្នកយកព័ត៌មានថា គេរំពឹងថាមានក្រុមហ៊ុនតិចតួចណាស់ដែលឆក់ឳកាសយកចំណេញពីលើបទប្បញ្ញតិថ្មីនេះ ហើយមានក្រុមហ៊ុនប្រហែលចំនួន២០០ប៉ុណ្ណោះ ដែលដាក់ពាក្យជំទាស់ទៅនឹងតម្រូវការនៃការធានារ៉ាប់រងលើការពន្យារកំណើតក្នុងច្បាប់ធានារ៉ាបរងសុខភាពហៅថា Obamacare នោះ៕