សភាតំណាងរាស្ត្រសហរដ្ឋអាមេរិកបានបិទកិច្ចប្រជុំរបស់ខ្លួនប្រកបដោយជោគជ័យក្នុងការតាក់តែងច្បាប់ដ៏សំខាន់មួយកាលពីថ្ងៃសុក្រ ដែលរួមបញ្ចូលទាំងកាដូមួយសម្រាប់លោកប្រធានាធិបតីសហរដ្ឋអាមេរិក។
សមាជិកសភាខាងគណបក្សសាធារណរដ្ឋបានរួមបញ្ចូលថវិកា ១ពាន់៦រយលានដុល្លារដែលត្រូវបានស្នើដើម្បីសាងសង់ជញ្ជាំងនៅព្រំប្រទល់រវាងអាមេរិកនិងប្រទេសម៉ិកស៊ិកតាមការសន្យារបស់លោក។
លោក Paul Ryan ប្រធានសភាបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ដើម្បីសាទរចំពោះការសម្រេចរបស់សភាក្នុងការសាងសង់ជញ្ជាំងនេះថា៖ «យើងត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការការពារទឹកដីរបស់យើង។ នេះគឺជាអាទិភាពមួយរបស់យើង។ ថវិកាទាំងនេះត្រូវបានផ្តល់សម្រាប់មុខងារដ៏សំខាន់បំផុតរបស់រដ្ឋាភិបាល។ វានឹងជួយការពារព្រំដែនរបស់យើង ដោយផ្តល់ថវិកាសម្រាប់សាងសង់ជញ្ជាំងនៅព្រំដែនភាគខាងត្បូងរបស់យើង»។
ប៉ុន្តែការស្នើសាងសង់ជញ្ជាំងនេះនឹងប្រឈមការលំបាកនៅក្នុងព្រឹទ្ធសភាអាមេរិក ខណៈដែលបរិយាកាសនយោបាយនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនកំពុងមានភាពតានតឹង ក្រោយគណបក្សសាធារណរដ្ឋបរាជ័យនៅក្នុងព្រឹទ្ធសភាក្នុងការលុបចោលច្បាប់ធានារ៉ាប់រងសុខភាព Obamacare៕