ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រឹទ្ធសភា​អាមេរិក​បរាជ័យ​ក្នុង​ការ​លុប​ចោល​កម្មវិធី​ថែទាំ​សុខភាព​ Obamacare


សមាជិក​ព្រឹទ្ធសភា​៣​រូប ដែល​រួម​មាន​លោក​ John McCain នៅ​ខាង​ស្តាំ បាន​ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​ក្រោយ​ពេល​មាន​ការ​ប្រជុំ​នៅ​វិមាន Capitol កាល​ពី​ថ្ងៃទី​២៧ ខែ​កក្កដា អំពី​ច្បាប់ Obamacare។
សមាជិក​ព្រឹទ្ធសភា​៣​រូប ដែល​រួម​មាន​លោក​ John McCain នៅ​ខាង​ស្តាំ បាន​ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​ក្រោយ​ពេល​មាន​ការ​ប្រជុំ​នៅ​វិមាន Capitol កាល​ពី​ថ្ងៃទី​២៧ ខែ​កក្កដា អំពី​ច្បាប់ Obamacare។

ព្រឹទ្ធសភា​អាមេរិក​ ​នៅថ្ងៃ​សុក្រ​នេះ​បាន​បរាជ័យ​ក្នុង​ការ​សម្រេច​លុប​ចោល​ច្បាប់​ថែទាំ​សុខភាព Obamacare ​ដែល​មាន​អាយុកាល​៧​ឆ្នាំ​មក​ហើយ។

សមាជិក​ព្រឹទ្ធសភា​ចំនួន​៣​រូប​ខាង​គណបក្ស​សាធារណរដ្ឋ ដែល​រួម​មាន​ លោក​ John McCain​ មក​ពី​រដ្ឋ​អារីហ្សូណា​ លោកស្រី ​Lisa Murkowski មក​ពី​រដ្ឋ​អាឡាស្កា និង​លោកស្រី ​Susan Collins ​មក​ពី​រដ្ឋ​ ម៉េន ​បាន​បោះឆ្នោត​គាំទ្រ​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ដោយ​ទទួល​បាន​សំឡេង​៥១ ​ទល់​នឹង​៤៩ ​ដើម្បី​យក​ឈ្នះ​កិច្ច​ប្រឹង​ប្រែង​របស់​គណបក្ស​សាធារណរដ្ឋ​ដែល​ចង់​លុប​ចោល​ច្បាប់​ថែទាំ​សុខភាព​ Obamacare ​នោះ។

លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ ​បាន​ថ្លែង​តាម​បណ្ដាញ​ Twitter ​របស់​លោក​ក្រោយ​ពី​ការ​បោះឆ្នោត​នោះ​ភ្លាម ​ដើម្បី​ព្រមាន​ដាស់​តឿនសមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ ដែល​បាន​គាំទ្រ​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​យ៉ាង​ដូច្នេះ​ថា៖ «សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​៣​រូប​និងសមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​៤៨​រូប បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​អាមេរិកាំង​ខកចិត្ត។ ដូច​ខ្ញុំ​បាន​និយាយ​តាំង​ពី​ដើម​មក​ថា ឲ្យ​កម្មវិធី​ ObamaCare​ ហ្នឹង​ផ្ទុះ​ទៅ​វា​ចប់​ហើយ។ ឥឡូវ​មើល​ចុះ!»

សេចក្ដី​ស្នើ​ច្បាប់​លុប​ចោល​ច្បាប់​គាំពារ​សុខភាព ​Obamacare ​នេះ ប្រសិន​បើ​ត្រូវ​បាន​អនុម័ត នឹង​បញ្ចប់​លក្ខខណ្ឌ​ហើយ​តម្រូវ​ឲ្យ​ពលរដ្ឋ​អាមេរិកាំង​ភាគច្រើន​ទិញ​ធានា​រ៉ាប់រង​សុខភាព។ បើ​មិន​ដូច្នោះ​ទេ ពួកគេ​នឹង​ទទួល​ការ​ពិន័យ។ ច្បាប់​ Obamacare ​នោះ ក៏​តម្រូវ​ឲ្យ​ក្រុម​ហ៊ុន​ដែល​មាន​បុគ្គលិក​ចាប់​ពី​៥០​នាក់​ឡើង​ទៅ ត្រូវ​ផ្តល់​ការ​ធានារ៉ាប់រង​សុខភាព​ដល់​បុគ្គលិក​របស់​ខ្លួន​ដែរ។

អស់​រយៈពេល​៧​ឆ្នាំ​មក​ហើយ សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ ចង់​លុបចោល​ច្បាប់​Obamacare នេះ ដែល​ជា​សមិទ្ធផល​ដ៏​គួរឲ្យ​កត់សម្គាល់​ក្រោម​ការ​គ្រប់គ្រង​របស់​អតីត​ប្រធានាធិបតី​អាមេរិក លោក បារ៉ាក់ អូបាម៉ា។

ក្រោម​ច្បាប់ ​Obamacare ​នេះ ពលរដ្ឋ​អាមេរិកាំង​ប្រមាណ​២០​លាន​នាក់​បាន​ទទួល​ការ​ធានារ៉ាប់រង​សុខភាព។

ការិយាល័យ​ចាត់ចែង​ថវិកា​របស់​សភា​អាមេរិក ដែល​មិន​ពាក់ព័ន្ធ​នឹង​គណបក្ស​នយោបាយ​ណាមួយ បាន​ប៉ាន់​ប្រមាណ​នៅ​ក្នុង​ការ​សិក្សា​មួយ​អំពី​វិធានការ​លុប​ចោល​ច្បាប់​ Obamacare​ នេះ​ថា ពលរដ្ឋ​អាមេរិកាំង​ចំនួន​១៦​លាន់​នាក់ នឹង​បាត់​បង់​ការធានា​រ៉ាប់រង​សុខភាព​របស់​ពួកគេ ហើយ​ការ​ចំណាយ​លើ​ការ​ថែទាំ​សុខភាព​នឹង​កើន​ឡើង​២០​ភាគរយ៕

XS
SM
MD
LG