ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សមាជិក​ព្រឹទ្ធសភា​អាមេរិក​ធ្វើ​ការ​បោះឆ្នោត​ថា​តើ​ត្រូវ​លុបចោល​ច្បាប់​ថែទាំ​សុខភាព Obamacare ឬ​យ៉ាង​ណា


លោក Mitch McConnell មេដឹកនាំ​សំឡេង​ភាក​ច្រើន​នៃ​ព្រឹទ្ធសភា​រៀប​នឹង​ថ្លែង​ទៅ កាន់​អ្នក​សារព័ត៌មាន​នៅ​វិមាន​សភា Capitol Hill នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧។

នៅ​ពេល​តែ​ប៉ុន្មាន​ម៉ោង​ក្រោយពី​ព្រឹទ្ធសភា​ស.រ.អា.​ដឹក​នាំ​ដោយ​ពួក​សាធារណរដ្ឋ​បាន​បោះឆ្នោត​ចាប់ផ្តើម​ការ​ជជែក​ដេញ​ដោល​គ្នា​អំពី​ការ​លុបចោល​ច្បាប់ថែ​រក្សា​សុខភាព​របស់​លោកអតីត​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា ព្រឹទ្ធសភា​បាន​ច្រានចោល​សេចក្តី​ព្រាង​ច្បាប់​ទូលំទូលាយ​មួយ​ដែល​មានគោលដៅ​លុបចោល​ច្បាប់​របស់​លោកអូបាម៉ា។​

កាល​ពី​យប់​ថ្ងៃ​អង្គារពួក​សមាជិក​ព្រឹទ្ធសភា​បាន​បោះឆ្នោត​៤៣​សំឡេង​ទល់​នឹង​៥៧​សំឡេង​អំពី​វិធានការ​ព្រាង​ដោយ​លោក​ Mitch McConnell មេដឹកនាំក្រុម​ភាគ​ច្រើន​ដែល​នឹង​បញ្ចប់​ការ​ពង្រីក​កម្មវិធី​ Medicaid ដែល​ជាកម្មវិធី​ផ្តល់​ការ​ធានារ៉ាប់រង​ខាង​ការ​ថែ​រក្សា​សុខភាព​សម្រាប់​ប្រជារាស្ត្រ​អាមេរិកាំង​ក្រីក្រ កាត់​បន្ថយ​ការ​ផ្តល់​ប្រាក់ជំនួយ​បង្គ្រប់​ដើម្បី​ជួយ​ក្រុម​ជន​មាន​ប្រាក់​ចំណូល​ទាប​ឱ្យ​ទិញ​ផែនការ​ធានារ៉ាប់រង​សុខភាព​ឯកជន និង​លុប​ចោលការ​ពិន័យ​ខាង​ពន្ធដារ​ដល់​ពួកជន​ទាំង​ឡាយ​ណា​ដែល​មិន​បាន​ទិញ​ការ​ធានារ៉ាប់រង​ខាង​សុខភាព។​

វិធានការ​នេះ​ក៏​មាន​រួមបញ្ចូល​ផង​ដែរ​នូវ​វិសោធនកម្មមួយ​ដោយ​លោក​ Ted Cruz អ្នក​សាធារណរដ្ឋ​មក​ពី​រដ្ឋ​ Texas ដែលនឹង​អនុញ្ញាត​ឱ្យ​ពួក​អ្នក​ធានារ៉ាប់រង​ខាង​សុខភាព​ផ្តល់​ផែនការ​មិន​សូវ​ប្រកប​ដោយ​សប្បុរសធម៌​ជាង​ផែនការ​ដែល​បាន​តម្រូវ​តាមច្បាប់​ Affordable Care Act ហៅកាត់ថា​ ACA។​

ការ​បោះឆ្នោត​កាល​ពី​យប់ថ្ងៃ​អង្គារ​ជា​ការ​បោះឆ្នោត​ទី​មួយ​ក្នុង​បណ្តា​ការ​បោះឆ្នោត​ជាច្រើនដែល​នឹង​មាន​ធ្វើ​ក្នុង​សប្តាហ៍​នេះ​នៅ​ក្នុងការ​ខិតខំ​ប្រឹងប្រែងច្រើនឆ្នាំ​មក​ហើយ​របស់​គណបក្ស​សាធារណរដ្ឋ​ដើម្បី​លុបចោល ​និង​បង្កើត​កម្មវិធី​មួយ​ជំនួស​ច្បាប់ ACA ដែល​គេ​ស្គាល់​ថាកម្មវិធី Obamacare ផង​ដែរ៕

XS
SM
MD
LG