ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បេក្ខជន​ប្រធានាធិបតី​អាមេរិក​អ្នកស្រី Clinton ​និង​លោក Trump ​នឹង​ជួប​ជាមួយ​នាយក​រដ្ឋមន្រ្តី​អ៊ីស្រាអែល


នាយក​រដ្ឋមន្រ្តី​អ៊ីស្រាអែល​លោក Benjamin Netanyahu ថ្លែង​សុន្ទរកថា​នៅក្នុង​ពិធី​ប្រគល់​រង្វាន់ Herman Kahn របស់​​​វិទ្យាស្ថាន Hudson នៅ​សណ្ឋាគារ​ Plaza ក្នុង​ទីក្រុង​ Manhattan បុរីញូវយ៉កកាល​ពី​ថ្ងៃទី ២២ កញ្ញា ២០១៦។

លោកស្រី​ Hillary Clinton និង​លោក Donald Trump នឹងផ្អាកការ​រៀបចំ​ត្រៀមខ្លួន​ចុង​សប្តាហ៏​នេះ​សម្រាប់ការ​ជជែក​ដេញ​ដោលគ្នា​រវាង​បេក្ខជន​ប្រធានាធិបតី​នៃគណបក្ស​ធំៗទាំង​ពីរ​នៅ​ថ្ងៃ​ចន្ទ​នៅ​ពេល​ពួក​គេ​ទាំង​ពី នឹង​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ Benjamin Netanyahu ដាច់ដោយឡែក​ពី​គ្នានៅ​ថ្ងៃ​អាទិត្យនេះ​ដែល​ជា​សម្ព័ន្ធមិត្ត​សំខាន់មួយ​របស់​ស.រ.អា.​ក្នុង​ភូមិ​ភាគ​មជ្ឈឹម​បូព៌ា។

ការិយាល័យ​របស់លោក Netanyahu បានប្រកែក​មិន​ព្រមនិយាយ​ថា​តើ​ជំនួបជាមួយ​បេក្ខជន​ប្រធានាធិបតី​អាមេរិកាំង​ទាំង​ពីរ​នាក់នេះ​នឹង​ធ្វើនៅ​ទី​ណាទេ។​ ជំនួប​ជា​មួយ​លោក Trump ដែល​ជា​បេក្ខជន​ប្រធានាធិបតី​អាមេរិកាំង​ខាង​គណបក្ស​សាធារណរដ្ឋ បានត្រូវ​រៀបចំក្រោយ​ពួក​បុគ្គលិក​ឃោសនា​បោះឆ្នោត​របស់​លោក​បាន​ទូរសព្ទ​ទៅ​កាន់​ការិយាល័យ​លោក Netanyahu បន្ទាប់​ពី​ដឹង​ថា​មេដឹកនាំ​អ៊ីស្រាអែល​ រូបនេះ​បាន​រៀប​ចំជួបជាមួយ​លោកស្រី​Clinton ដែល​ជា​គូ​ប្រជែង​របស់​លោក​ខាង​គណបក្ស​ប្រជាធិបតេយ្យ។​

លោក Netanyahu បានមកទីក្រុង ញូវយ៉ក​ កាល​ពី​សប្តាហ៍​មុន​ដើម្បីចូលរួមក្នុង​មហាសន្និបាត​អ.ស.ប.ប្រចាំ​ឆ្នាំ។

លោក Netanyahu បាន​ជួបជាមួយ​លោកប្រធានាធិបតី​ស.រ.អា .បារ៉ាក់អូបាម៉ា​នៅឯអ.ស.ប.កាលពីថ្ងៃ​ពុធ​ដែល​ទំនង​ជា​ពេលចុង​ក្រោយ​បង្អស់​របស់​អស់​លោក​ក្នុង​ឋានៈជា​មេដឹកនាំ​នៃ​ប្រទេសរបស់​ខ្លួន។​ លោក Netanyahu និង​លោកអូបាម៉ា​បានបញ្ចប់ជំនួប​របស់​ពួក​គេជាមួយ​កំណត់​សម្គាល់មួយ​ប្រកប​ដោយ​មិត្តភាពនៅ​ក្រោយ​ទំនាក់ទំនង​រវាង​អស់លោកមាន​ភាព​តានតឹង​៧​ឆ្នាំ​បណ្តាល​មក​ពី​ការ​ខ្វែងគំនិត​គ្នា​អំពី​បញ្ហា​នា​នា​ដូចជា​បញ្ហា​កិច្ច​ព្រម​ព្រៀង​បរមាណូអ៊ីរ៉ង់និង​ដំណើរ​ការ​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្នុង​ភូមិភាគមជ្ឈឹមបូព៌ា​ជា​ដើម​ដែល​ជា​បញ្ហា​ដែល​អ្នកឈ្នះ​ក្នុងការបោះឆ្នោត​ប្រធានាធិបតីអាមេរិកាំង​នៅឆ្នាំ​នេះ​នឹង​រកមធ្យោបាយ​ដោះស្រាយ។​

នៅមុន​មានការកំណត់​ជំនួប​នៅ​ថ្ងៃ​អាទិត្យ​នេះ​របស់លោកស្រី​ Clinton ជាមួយ​លោក Netanyahu លោកស្រី​មានបំណង​ទៅ​ទស្សនា​ក្រុង​ Charlotte ក្នុង​រដ្ឋ​ North Carolina ប៉ែកអាគ្នេយ៍​ប្រទេស ដែល​មានបាតុកម្មច្រើន​យប់​បន្ត​បន្ទាប់​គ្នា​នៅ​ក្រោយ​មានការ​បាញ់​សម្លា​ប់បុរស​អាមេរិកាំង​ដើមកំណើត​អាហ្រ្វិក​ដោយ​ប៉ូលិសប្រកប​ដោយ​ការ​ចម្រូង​ចម្រាស់​កាល​ពី​ថ្ងៃ​អង្គារ។ ​ក៏​ប៉ុន្តែ​ទោះ ជាយ៉ាង​ណាក៏​ដោយ​ក៏​លោកស្រី​បានពន្យា​ពេល​លើកទស្សនកិច្ច​ទៅ​ថ្ងៃ​ក្រោយ​តាម​សំណើ​សុំរបស់​លោកស្រី​ Jennifer Roberts អភិបាល​ក្រុង​ Charlotte ដែល​បានសម្តែង​បំណង​ប្រើប្រាស់​ប្រភព​ធនធាន​ទាំង​អស់របស់ក្រុង​នេះដើម្បី​ធ្វើឲ្យ​មានភាព​ធម្មតា​ប្រក្រតី​វិញ។

គេ​រាយការណ៍​ថា​លោក Trump ក៏​បានពិចារណា​ទៅ​មើលក្រុង​នេះ​នៅ​ថ្ងៃ​អង្គារ​ដែរ​តែ​លោក​បាន​សម្រេច​ពន្យា​ពេល​ទស្សនកិច្ច​នេះដែរ៕

XS
SM
MD
LG