ការជជែកដេញដោលគ្នារវាងបេក្ខជនប្រធានាធិបតីស.រ.អានៃគណបក្សធំៗ ទាំងពីរជាពេលវេលាសំខាន់មួយដែលកំណត់លទ្ធផលនៃការឃោសនាបោះឆ្នោតប្រធានាធិបតីអាមេរិកាំងក្នុងឆ្នាំ២០១៦នេះ។
ការជជែកដេញដោលគ្នាលើកទីមួយនៅថ្ងៃចន្ទរវាងបេក្ខជនប្រធានាធិបតីអាមេរិកាំងទាំងពីរនាក់គឺលោកស្រី Hillary Clinton ខាងគណបក្សប្រជាធិបតេយ្យនិងលោក Donald Trump ខាងគណបក្សសាធារណរដ្ឋអាច តាមការស្ទង់ប្រមាណខ្លះ មានអ្នកទស្សនាតាមទូរទស្សន៍១០០លាននាក់ដែលនឹងអាចវាស់វែងអំពីសមត្ថភាព និងគុណសម្បត្តិរបស់បេក្ខជនទាំងពីរនាក់នេះដែលនឹងឋិតនៅលើឆាកជាមួយគ្នា។
លទ្ធផលនៃការជជែកដេញដោលគ្នានេះនឹងមានផលវិបាកធំធេងដល់គូប្រជែងទាំងពីរនាក់។ ពួកអ្នកមើលការជជែកដេញដោលគ្នានេះមិនមែនគ្រាន់តែយកចិត្តទុកដាក់ទៅលើអ្វីដែលនឹងត្រូវនិយាយទេ ក៏ប៉ុន្តែថែមទាំងទៅលើអ្វីដែលនឹងត្រូវនិយាយនោះមានភាពបែបណា និងអំពីថាតើបេក្ខជនទាំងពីរនាក់នេះមានប្រតិកម្មទៅកាន់គ្នាបែបណាផងដែរ។
ការជជែកដេញដោលគ្នានេះជាពេលវេលាសំខាន់មួយសម្រាប់លោក Trump ដែលបានបង្រួមភាពឃ្លាតពីគ្នានៅក្នុងការស្ទង់មតិកាលពីពេលថ្មីៗនេះឲ្យនៅតិចជាងមុនទល់នឹងលោកស្រី Hillary Clinton ជាផ្នែក ដោយសារលោកបានបង្ហាញខ្លួនលោកថា លោកមានវិន័យជាងកាលពីពេលមុនៗ។លោកបានផ្តោតការយកចិត្តទុកដាក់លើប្រធានបទសំខាន់បំផុតរបស់លោក។
លោក Trump បាននិយាយប្រាប់ពួកអ្នកគាំទ្រលោកនៅក្នុងការប្រជុំមហាជនមួយនៅ Fort Myers ក្នុងរដ្ឋ Florida ដែលជារដ្ឋមួយក្នុងបណ្តារដ្ឋសំខាន់ៗដែលមានការប្រទាញប្រទង់គ្នាខ្លាំងដែលនៅទីនោះលោកមានការគាំទ្រស្មើគ្នានឹងលោកស្រី Clinton នៅក្នុងការស្ទង់មតិកាលពីពេលថ្មីៗនេះថា «យើងនឹងធ្វើប្រទេសអាមេរិកឱ្យខ្លាំងទៀត។ យើងនឹងធ្វើប្រទេសអាមេរិកឱ្យមានសុវត្ថិភាពទៀត ហើយយើងនឹងធ្វើប្រទេសអាមេរិកឱ្យមានភាពឆ្នើមអស្ចារ្យទៀត!»
ចំណែកឯលោកស្រី Clinton វិញ លោកស្រីនឹងយកការជជែកដេញដោលគ្នានោះដើម្បីធ្វើការធានាជាថ្មីដល់ក្រុមអ្នកគាំទ្រលោកស្រីនិងជំរុញសាររបស់លោកស្រីក្នុងការកសាងសេដ្ឋកិច្ចមួយ ដែលមានការរួមបញ្ចូលច្រើនជាងមុនដូចដែលលោកស្រីបានមានប្រសាសន៍នៅក្នុងការប្រជុំមហាជនមួយកាលពីពេលថ្មីៗនេះនៅក្នុងក្រុង Orlando រដ្ឋFlorida ថា «យើងមានសេចក្តីថ្លៃថ្នូរទាំងអស់។នៅក្នុងស.រ.អាដែលជាប្រទេសឆ្នើមអស្ចារ្យជាងគេក្នុងពិភពលោក យើងមានជំនឿថាមនុស្សគ្រប់គ្នាបានត្រូវបង្កើតឡើងដោយភាពស្មើគ្នា!»៕