ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក Trump មិន​ពេញចិត្ត​នឹង​ការ​ផ្ដល់​ការ​ព្យាបាល និង​មេធាវី​ដល់​ជន​សង្ស័យបំ​ផ្ទុះ​គ្រាប់បែកក្នុង​ក្រុង​ញូវយ៉ក


Ahmad Khan Rahami ត្រូវ​បាន​គេ​ចាប់​ឃុំឃាំងបន្ទាប់​ពី​កាល​បាញ់​ប្រហារ​ប៉ូលិស​កាល​ពី ថ្ងៃ​ចន្ទ ទី​១៩ ខែកញ្ញា ២០១៦។

លោក Donald Trumpបេក្ខជន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​មកពី​គណបក្ស​សាធារណរដ្ឋ បាន​បង្ហាញ​ការ​មិន​ពេញចិត្ត​ចំពោះ​ការ​ផ្ដល់​នូវ​ការ​ព្យាបាល​របួស និង​ការ​ផ្ដល់​នូវ​មេធាវី​ដល់​ជន​សង្ស័យ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​ការ​ដាក់​គ្រាប់​ផ្ទុះ​នៅ​ក្នុង​ទីក្រុង​ញូវយ៉ក​កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន។

ជន​សង្ស័យ​ឈ្មោះ Ahmad Khan Rahami ត្រូវ​បាន​ទទួល​ការ​ព្យាបាល​របួស​នៅ​ក្នុង​មន្ទីរពេទ្យ បន្ទាប់ពី​ប៉ូលិស​បាន​បាញ់​ឲ្យ​រង​របួស ខណៈ​ពេល​ដែល​ជន​នេះ​ប្រឹង​រត់​គេច​ខ្លួន។

លោក Trump បាន​ប្រាប់​អ្នក​គាំទ្រ​របស់​លោក​នៅ​ក្នុង​រដ្ឋ Florida ថា៖ «ឥឡូវ​នេះ គ្រូពេទ្យ​ល្បីៗ​នៅ​ក្នុង​ពិភពលោក​មួយ​ចំនួន ជួយ​ព្យាបាល​ជន​នេះ។ ហើយ​ចំណុច​សំខាន់​ជាង​នេះ​ទៀត ជន​នេះ​នឹង​មាន​មេធាវី​ល្បីៗ​តំណាង​ឲ្យ​ទៀត។ សំណុំ​រឿង​របស់​ជន​នេះ​នឹង​ត្រូវ​ឆ្លងកាត់​ប្រព័ន្ធ​តុលាការ​ផ្សេងៗ​ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ​ទៅ​មុខ ហើយ​នៅ​ទី​បំផុត មនុស្ស​ទូទៅ​នឹង​ភ្លេច​រឿង​នេះ ហើយ​ទណ្ឌកម្ម​ដែល​ជន​នេះ​នឹង​ទទួល​នោះ ប្រាកដ​ជា​មិន​សម​នឹង​អ្វី​ដែល​ជន​នេះ​បាន​ប្រព្រឹត្តនោះ​ទេ‍»។

រដ្ឋធម្មនុញ្ញ​សហរដ្ឋ​អាមេរិក​ធានា​ឲ្យ​ជន​ជាប់​ចោទ​មាន​សិទ្ធិ​ក្នុង​ការ​មាន​មេធាវី​តំណាង​ឲ្យ​ខ្លួន។

លោក Trump បាន​បញ្ជាក់​សារ​ជា​ថ្មី​អំពី​ការ​រិះគន់​របស់​លោក​ចំពោះ​ប្រព័ន្ធ​អន្តោប្រវេសន៍​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ដែល​លោក​បាន​និយាយ​ថា ប្រព័ន្ធ​នេះ​មិន​បាន​ធ្វើ​ការ​ឲ្យ​ដិតដល់​ក្នុង​ការ​តាមដាន​ពិនិត្យ​មើល​មនុស្ស​ម្នាក់ៗ​ឲ្យ​បាន​ច្បាស់​ថា​តើ​ពួកគេ​អាច​បង្ក​គ្រោះ​ថ្នាក់​អ្វី​ខ្លះ​ដល់​សន្តិសុខ​របស់​សហរដ្ឋ​អាមេរិក​។

លោក Trump បាន​បន្ថែម​ថា៖ «អ្នក​មិន​អាច​ត្រួតពិនិត្យ​មនុស្ស​ម្នាក់ៗ​ឲ្យ​បាន​ល្អិតល្អន់​នោះ​ទេ ប្រសិនបើ​អ្នក​មិន​ក្រឡេក​មើល​លើ​មនោគមវិជ្ជា​ផ្សេងៗ​នោះ។ ហើយ​លោកស្រី Hillary Clinton បាន​បដិសេធ​ក្នុង​ការ​ពិចារណា​អំពី​ទស្សនៈ​របស់​បុគ្គល​ម្នាក់ៗ និង​ភាព​ដែល​ទំនង​ជា​អាច​ត្រូវ​បាន​ក្រុម​ភេរវករ​ជ្រើសរើស​ចូល​ក្នុង​ក្រុម​របស់​ពួកគេ​នៅ​ពេល​ណា​មួយ ដែល​ករណី​ភាគ​ច្រើន វា​នឹង​អាច​កើត​ឡើង​ទៅ​រួច‍»៕

XS
SM
MD
LG