កាលពីថ្ងៃចន្ទ បេក្ខជនប្រធានាធិបតីស.រ.អា.នាំមុខគេគឺលោកស្រី Hillary Clinton ខាងគណបក្សប្រជាធិបតេយ្យ និងលោក Donald Trump ខាងគណបក្សសាធារណរដ្ឋបានប្រើពាក្យស៊កសៀតដាក់គ្នាអំពីការផ្ទុះគ្រាប់បែកកាលពីដំណាច់សប្តាហ៍នៅក្នុងបូរីញូវយ៉ក ដោយលោកស្រី Clinton បានអំពាវនាវឱ្យមានការឃ្លាំមើលថ្មីៗតាមបណ្តាញអ៊ីនធឺណិត ដើម្បីបង្អាក់ការលបធ្វើអំពើអាក្រក់ដោយពួកភេរវជន ហើយលោក Trump បានអំពាវនាវជាថ្មីឱ្យមានការបង្ក្រាបលើអន្តោប្រវេសន៍។
លោកស្រី Clinton ដែលជាអតីតរដ្ឋមន្ត្រីការបរទេសស.រ.អា.ស្វះស្វែងឱ្យក្លាយទៅជាប្រធានាធិបតីស្ត្រីទីមួយនៃប្រទេសអាមេរិក បានមានប្រសាសន៍ថាលោកស្រីចង់ឱ្យមានការបង្កើនការស៊ើបការសម្ងាត់ថ្មីមួយ។ លោកស្រីបានមានប្រសាសន៍ថា លោកស្រីសង្ឃឹមថានឹងជ្រើសរើសពួកអ្នកជំនាញការនៅក្នុងមជ្ឈមណ្ឌលបច្ចេកវិជ្ជារបស់ប្រទេសនៅឯ Silicon Valley ក្នុងរដ្ឋ California ដើម្បីជួយរកវិធីតាមឃ្លាំមើលការនិយាយគ្នាតាមអ៊ីនធឺណិត ក្នុងចំណោមពួកជនដែលមានផែនការធ្វើអំពើអាក្រក់ ដើម្បីទប់ទល់នឹងការវាយប្រហារភេរវកម្មនៅមុនពេលវាកើតមាន។
លោកស្រី Clinton បានមានប្រសាសន៍ប្រាប់ពួកអ្នកកាសែតនៅក្នុងបូរីញូវយ៉កថា «ចូរយើងប្រុងប្រយ័ត្ន ហើយកុំខ្លាច។ យើងជ្រើសរើសយកការប្តេជ្ញា កុំយកការភ័យខ្លាច»។
នៅក្នុងបទសម្ភាសន៍មួយជាមួយបណ្តាញទូរទស្សន៍ Fox លោក Trump បានអំពាវនាវទៀតឱ្យមានការពង្រឹងស្តង់ដារអន្តោប្រវេសន៍សម្រាប់ពួកអ្នកដែលចូលមកក្នុងស.រ.អា.។ ការថ្លែងដូច្នេះ ធ្វើឡើងនៅពេលដែលអាជ្ញាធរបាននិយាយថាពលរដ្ឋស.រ.អា.ម្នាក់មានដើមកំណើតអាហ្វហ្គានីស្ថាន មានទាក់ទិនជាមួយការបំផ្ទុះគ្រាប់បែកក្នុងបូរី ញូវយ៉កកាលពីថ្ងៃសៅរ៍ ដែលបានបណ្តាលឱ្យមនុស្ស២៩នាក់ត្រូវរបួស ហើយប៉ូលិសក៏បានថ្លែងថា ពលរដ្ឋអាមេរិកាំងម្នាក់ដើមកំណើតសូម៉ាលី គឺជាបុរសដែលបានចាក់មនុស្ស៩នាក់នៅក្នុងអាគារមួយមានហាងលក់ទំនិញច្រើននៅក្នុងផ្នែកកណ្តាលប្រទេស នៅមុនពេលពួកប៉ូលិសបាញ់សម្លាប់បុរសរូបនេះ។
លោក Trump បានថ្លែងថា៖ «Hillary Clinton ចង់អនុញ្ញាតឱ្យពួកមនុស្សដូចនេះរាប់សែននាក់ចូលមកក្នុងស.រ.អា.»៕