ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

បណ្ដា​ប្រទេស​អឺរ៉ុប​អំពាវនាវ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​នៅ​ប្រទេស​វ៉េណេស៊ុយអេឡា


លោក Juan Guaido បក់​ដៃ​ទៅ​កាន់​អ្នក​គាំទ្រ​នៅ​ក្នុង​ពេល​ប្រមូលផ្តុំ​មួយ​ នៅ​ក្នុង​ក្រុង Caracas ប្រទេស​វ៉េណេស៊ុយអេឡា កាលពី​ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៩។

នៅ​ថ្ងៃ​ចន្ទ​នេះ ចក្រភព​អង់គ្លេស ប្រទេស​អេស្ប៉ាញ បារាំង ស៊ុយអែត និង​ដាណឺម៉ាក បាន​ទទួល​ស្គាល់​មេដឹកនាំ​គណបក្ស​ប្រឆាំង​ប្រទេស​វ៉េណេស៊ុយអេឡា​លោក Juan Guaido ជា​ប្រធានាធិបតី​ស្ដីទី​នៃ​ប្រទេស​នេះ។

បណ្ដា​ប្រទេស​អឺរ៉ុប​ទាំង​នេះ​ចង់​ឲ្យ​ប្រទេស​វ៉េណេស៊ុយអេឡា​រៀបចំ​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ឲ្យ​បាន​កាន់តែ​ឆាប់​កាន់តែ​ល្អ​ដើម្បី​បញ្ចប់​វិបត្តិ​នយោបាយ និង​មនុស្សធម៌​នៃ​ប្រទេស​នេះ។

រដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស​លោក Jeremy Hunt បាន​សរសេរ​នៅ​លើ Twitter ថា៖ «លោក Nicolas Maduro មិន​បាន​អំពាវនាវ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ក្នុង​អំឡុង​ពេល ៨ ថ្ងៃ ដែល​ពួក​យើង​បាន​កំណត់​នោះ​ទេ។ ដូច្នេះ​ហើយ ឥឡូវ​នេះ ចក្រភព​អង់គ្លេស​រួម​ជាមួយ​នឹង​បណ្ដា​ប្រទេស​ជា​សម្ព័ន្ធមិត្ត​ដទៃ​ទៀត​នៅ​ទ្វីប​អឺរ៉ុប ទទួល​ស្គាល់​លោក Juan Guaido ជា​ប្រធានាធិបតី​ស្ដីទី​រហូត​ទាល់តែ​មាន​ការ​បោះ​ឆ្នោត​ដ៏​គួរ​ឲ្យ​ជឿ​ទុកចិត្ត​ត្រូវ​បាន​ធ្វើ​ឡើង។ ពួក​យើង​សង្ឃឹម​ថា ករណី​នេះ​អាច​ធ្វើ​ឲ្យ​យើង​ឈាន​កាន់តែ​ជិត​ទៅ​រក​ការ​បញ្ចប់​វិបត្តិ​មនុស្សធម៌​ក្នុង​ប្រទេស​វ៉េណេស៊ុយអេឡា‍»។

ចំណែក​ឯ នាយករដ្ឋមន្ត្រី​អេស្ប៉ាញ​លោក Pedro Sanchez បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា «...ពួក​យើង​កំពុង​ប្រឹងប្រែង​ដើម្បី​ឲ្យ​មាន​លទ្ធិ​ប្រជាធិបតេយ្យ​ពេញលេញ​ឡើង​វិញ​នៅ​ក្នុង​ប្រទេស​វ៉េណេស៊ុយអេឡា‍»។

រី​ឯ​រដ្ឋមន្ត្រី​ការបរទេស​បារាំង​លោក Jean Yves Le Drian វិញ បាន​ប្រាប់​វិទ្យុ​បារាំង France Inter Radio ថា វិបត្តិ​ក្នុង​ប្រទេស​វ៉េណេស៊ុយអេឡា​នឹង​បញ្ចប់ «ដោយ​សន្តិវិធី‍» ដោយ​មាន​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​មុន​កាល​កំណត់។

ផ្ទុយ​មក​វិញ លោក Dmitry Peskov អ្នក​នាំ​ពាក្យ​របស់​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​រិះគន់​ការ​ប្រកាស​របស់​បណ្ដា​ប្រទេស​អឺរ៉ុប​ទាំង​នេះ​ថា​ជា «ការ​ប៉ុនប៉ង​ដើម្បី​ផ្ដល់​ភាព​ស្រប​ច្បាប់​ដល់​អំណាច​ដែល​ដណ្ដើម​បាន​ដោយ​ខុស​ច្បាប់‍» និង​ជា «ការ​ជ្រៀតជ្រែក​ចូល​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​នៃ​ប្រទេស​វ៉េណេស៊ុយអេឡា‍»៕

XS
SM
MD
LG