ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​ជាន់​ខ្ពស់​សិទ្ធិ​មនុស្ស​អ.ស.ប​សោកស្តាយ​ដែល​សេរីភាព​នៅ​កម្ពុជា​កាន់​តែ​ធ្លាក់​ចុះ


លោកស្រី​ ហ្វ្លាវៀ ផាន់សៀរី​ (Flavia Pansieri) ​ឧត្តម​ស្នងការ​រង​ផ្នែក​សិទ្ធិមនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​​ នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ថ្ងៃ​សុក្រ​ទី ០២ ខែឧសភា ឆ្នាំ​២០១៤។
លោកស្រី​ ហ្វ្លាវៀ ផាន់សៀរី​ (Flavia Pansieri) ​ឧត្តម​ស្នងការ​រង​ផ្នែក​សិទ្ធិមនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​​ នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ថ្ងៃ​សុក្រ​ទី ០២ ខែឧសភា ឆ្នាំ​២០១៤។
ឧត្តម​ស្នងការ​រង​ផ្នែក​សិទ្ធិមនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ ​លោកស្រី​ ហ្វ្លាវៀ ផាន់សៀរី​ (Flavia Pansieri) បាន​វាយ​តម្លៃ​ថា​សេរីភាព​បញ្ចេញ​មតិ​នៅ​ប្រទេស​កម្ពុជាមាន​ការ​ធ្លាក់​ចុះ​ធ្ងន់ធ្ងរ​នៅ​ឆ្នាំ​២០១៤​នេះ ​និង​បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដក​បម្រាម​ធ្វើ​បាតុកម្ម​ចេញ​ជា​បន្ទាន់។ លោកស្រី ​បាន​សង្កត់​ធ្ងន់​យ៉ាង​ដូច្នេះ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ថ្ងៃ​សុក្រ​នេះ​ បន្ទាប់​ពី​បានបញ្ចប់​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​ប្រាំ​ថ្ងៃ​របស់​ខ្លួន​នៅ​ប្រទេស​កម្ពុជា។​

«ខ្ញុំ​មាន​ការ​សោកស្តាយនឹង​ត្រូវបាន​វាយ​តម្លៃ​ថា ​វា​មានសភាព​កាន់​តែ​ធ្ងន់ធ្ងរ​ទៅ​នៅ​ឆ្នាំ​២០១៤ ​នៅ​ក្នុង​កម្រិត​មួយ​ដែល​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ ​និង​ការ​ជួបជុំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មិនត្រូវ​បាន​ធានា។ បម្រាម​មិន​ឱ្យ​ធ្វើ​បាតុកម្ម​ ដែល​បាន​ចូល​ជា​ធរមាន​ចាប់​តាំង​ពី​ថ្ងៃ​ទី​៤​ មករា ​គឺ​ជា​បញ្ហា​ដែល​ខ្ញុំ​បាន​លើក​ឡើង​ជាមួយ​អាជ្ញាធរ​ក្នុង​ឱកាស​ជា​ច្រើន​ក្នុង​សប្តាហ៍​នេះ។ ខ្ញុំ​សូម​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ចាត់​វិធានការ​ចាំ​បាច់​ដើម្បី​ដក​បម្រាម​នេះ​ចេញ​ដោយ​គ្មាន​ការ​យឺត​យ៉ាវ​ទៀត​ឡើយ ​និង​ដើម្បី​ធានា​ថា ​ប្រជាពលរដ្ឋ​ទាំង​អស់​អាច​អនុវត្ត​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ ​និង​ការ​ជួបជុំ​របស់​គេ​បាន»។

លោកស្រី​Flavia Pansieri ​បាន​គូស​បញ្ជាក់​ថា​នា​ពេល​កន្លង​មក​រដ្ឋាភិបាល​បាន​ប្រើ​កម្លាំង​ហួសហេតុ​ដើម្បី​បង្ក្រាប​បាតុកម្ម ​និង​ចេញ​បម្រាម​ហាម​ឃាត់​ការ​ប្រមូលផ្តុំ ​និង​ការ​បិទ​ទីលាន​ប្រជាធិបតេយ្យជា​ដើម។ ការ​បង្ក្រាប​បាតុកម្ម​ដ៏​ប្រល័យ​នៅ​ចន្លោះ​ខែ​កញ្ញា ​ឆ្នាំ​២០១៣ ​និង​ខែ​មករា ​ឆ្នាំ​២០១៤ ​បានបណ្តាល​ឱ្យ​មាន​ការ​បាត់បង់​ជីវិត​មនុស្ស​យ៉ាង​ហោច​ណាស់​ចំនួន​៦​នាក់។ ក្នុង​នោះ​បួន​នាក់​ស្លាប់​ក្នុង​ការ​បង្ក្រាប​លើ​ហ្វូង​បាតុករ​ជា​កម្មករ​រោងចក្រ​នៅ​ថ្ងៃ​ទី​២​និង​ទី​៣​មករា ​ចំណែក​ឯ​៤០​នាក់​ទៀត​រង​របួស ​និង​ឃាត់​ខ្លួន​ជាង​២០​នាក់។

លោកស្រី​កត់​សម្គាល់​ឃើញ​ថា​មក​ទល់​ពេល​នេះ​ របាយការណ៍​ស៊ើប​អង្កេត​ស្តី​ពី​ ការស្លាប់​មនុស្ស​ពុំ​ទាន់​ត្រូវ​បាន​ផ្សព្វផ្សាយ ​និង​គ្មាន​នរណា​ម្នាក់​ត្រូវ​បានឱ្យ​ទទួល​ខុស​ត្រូវ​នៅ​ឡើយ។ លោកស្រី​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​ឱ្យខិតខំ​ចាប់​ជនល្មើស​មក​កាត់​ទោស​ដោយ​គ្មាន​ការ​យឺតយ៉ាវ។

លោកស្រី​Flavia Pansieri ​ក៏​បាន​រិះគន់​ចំពោះ​ចំណាត់ការ​របស់​សមត្ថកិច្ច​ទៅ​លើ​ហ្វូង​បាតុករ​និង​អ្នក​ឈរ​មើល​កាល​ពី​ថ្ងៃ​ម្សិលមិញ​ផង​ដែរ។

«ខ្ញុំ​មាន​ការ​ក្រៀមក្រំ​យ៉ាងក្រៃលែង​ដោយ​ដឹង​ថា ​កាល​ពី​ម្សិលមិញ ​មាន​ការ​វាយ​ដំ​ទៅ​លើ​បុរស​ម្នាក់​នៅ​ទីលាន​ប្រជាធិបតេយ្យ ​ពី​សំណាក់​ក្រុម​សន្តិសុខ​ខណ្ឌ។ ខ្ញុំ​ក៏​មាន​ការ​ព្រួយ​បារម្ភ​ផង​ដែរ​ ដោយ​ដឹង​ថា ​មាន​អ្នក​សារព័ត៌មាន​មួយ​ចំនួន​ត្រូវ​បាន​វាយ​ដំ​ពី​សំណាក់​ក្រុម​សន្តិសុខ​នៅ​ពេល​ពួកគេ​កំពុង​ព្យាយាម​ថត​រូប។ ការ​ប្រើ​កម្លាំង​ហួស​ហេតុ​នាំ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង​ពី​តួនាទី​របស់​ក្រុម​សន្តិសុខ​ខណ្ឌ ​ក្នុង​ការ​ដោះស្រាយ​រឿង​បាតុកម្ម ​និង​សណ្តាប់ធ្នាប់​សាធារណៈ»។

​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ​លោកស្រី ​Flavia Pansieri ​បាន​ជួប​ជាមួយ ​លោក ហោ ណាំហុង​ ឧបនាយក​រដ្ឋមន្ត្រី​និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស ​លោក ឱម យិនទៀង ​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា ​និង​ជួប​ជាមួយ​អាជ្ញាធរ​ សង្គម​ស៊ីវិល ​ជនជាប់​ចោទ​នៅ​ពន្ធនាគារ ​និង​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​ជា​ដើម។

លោក ចាន់ សូវ៉េត ​អនុ​ប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ​ថ្លែង​ក្រោយ​សន្និសីទ​កាសែត​នេះ​ថា​ការ​លើក​ឡើង​របស់​មន្ត្រី​ជាន់​ខ្ពស់​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​រូប​នេះ​ឆ្លុះ​បញ្ចាំង​ពី​ទិដ្ឋភាព​ជាក់ស្តែង​នៅ​កម្ពុជា ​និង​ជា​ការ​ដាក់​សម្ពាធ​បន្ថែម​ទៀត​ដល់​រដ្ឋាភិបាល​កម្ពុជា។ ប៉ុន្តែ​លោក ចាន់ សូវ៉េត ​យល់​ថា​លោកស្រី ​ផាន់សៀរី ​គួរ​ប្រើ​ពាក្យ​ធ្ងន់​ជាង​នេះ​ទៅ​កាន់​រដ្ឋាភិបាល​កម្ពុជា។

«អ្នកស្រី​នៅ​មិន​ទាន់​និយាយ​ឱ្យ​ត្រង់​ ឱ្យ​ចំ​ទៅ​លើ​រដ្ឋាភិបាល​កម្ពុជា​ ដែល​កំពុង​ខ្វះខាត​ដោយ​ផ្ទាល់​ តួយ៉ាង​ការ​គោរព​សិទ្ធិ​មនុស្ស។ ត្រូវ​តែ​និយាយ​ឱ្យ​ដាច់​ប៉ិត​តែ​ម្តង​ថា​ការ​បិទ​ទីលាន​ប្រជាធិបតេយ្យ​ហ្នឹង ត្រូវ​តែ​ដោះលែង​មនុស្ស​ដែល​កំពុង​តែ​ចាប់​ឃុំ​ខ្លួន​ហ្នឹង ​ឱ្យ​មាន​សេរីភាព​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​ឡើង​វិញ ​ត្រូវ​តែ​ជំរុញ​ឱ្យ​មាន​ការ​គោរព​សិទ្ធិ​ប្រជាពលរដ្ឋ ​ដក​បម្រាម​ទាំង​ឡាយ​នោះ​ត្រឡប់​មក​វិញ។ នេះ​ជា​អ្វី​ខ្ញុំ​គិត​ថា​ត្រូវ​តែ​ធ្វើ។ នេះ​គឺ​ជា​ពាក្យ«​ត្រូវ​តែ» ​មិន​មែន​គ្រាន់​តែ​ជា​«សំណូមពរ»​ឬ​ក៏​«សោកស្តាយ»​ទេ»។

លោក ផៃ ស៊ីផាន រដ្ឋ​លេខាធិការ​និង​ជា​អ្នក​នាំ​ពាក្យ​នៃ​ទីស្តីការ​គណៈរដ្ឋ​មន្ត្រី​បាន​ការពារ​ចំណាត់​ការ​របស់​រដ្ឋាភិបាល​នា​ពេល​កន្លង​មក​ថា​ដើម្បី​រក្សា​សន្តិសុខ​និង​សណ្តាប់ធ្នាប់​សាធារណៈ​ប៉ុណ្ណោះ។

លោក ផៃ ស៊ីផាន ​បន្ថែម​ថា​រដ្ឋាភិបាល​នឹង​បើក​ឱ្យ​មាន​ការ​ប្រមូល​ផ្តុំ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ឡើង​វិញ ​នៅ​ពេល​ស្ថានការណ៍​វិវត្តន៍​មក​សភាព​ធម្មតា​វិញ។

«ការ​អំពាវនាវ​នេះ​ល្អ​ហើយ។ យើង​មិន​មាន​បំណង​បិទ​ជា​អចិន្ត្រៃយ៍​ទេ ​គឺ​យើង​បើក​មក​វិញ ​នៅ​ពេល​ស្ថានភាព​ស្រួល​បួល។ អ្វី​ជា​ការ​បញ្ចេញ​មតិ ​យើង​នៅ​តែ​គោរព ​យន្តការ​នៃ​ការ​បញ្ចេញ​មតិ​ និង​ស្មារតី​នៃ​គំនិត​នៃ​ការ​បញ្ចេញ​មតិ ​គេ​អាច​ធ្វើ​គ្រប់​កន្លែង​បាន ​នៅ​ទីស្នាក់ការ​របស់​គេ ​ក៏​ដូចជា​កន្លែង​ផ្សេង​ទៀត»។

ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​ឧត្តម​ស្នងការ​រង​ផ្នែក​សិទ្ធិមនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ ​ហ្វ្លាវៀ ផាន់សៀរី ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​វិបត្តិ​នយោបាយ​កម្ពុជា​បាន​អូស​បន្លាយ​ចំនួន​ជាង​ប្រាំបួន​ខែ​មក​ហើយ ​ហើយ​ស្រប​ពេល​ដែល​មាន​អំពើ​ហិង្សា​ជាច្រើន​កើត​ឡើង​ក្រោយ​ពី​ការ​បោះឆ្នោត៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG