ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​រារាំង​មិន​ឱ្យ​បក្ស​ប្រឆាំង​ចូល​ទីលាន​ប្រជាធិបតេយ្យ


លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ (កណ្តាល) និយាយ​ទៅ​កាន់​កម្មករ​រោងចក្រ​កាត់ដេរ​នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ ដោយសមាជិកា​គណបក្សរបស់​​លោកមួយ​រូប​​កាន់​រូបថត​កម្មករ​រោងចក្រ​ម្នាក់​ដែល​ត្រូវ​បាន​បាញ់​ស្លាប់​កាលពី​ដើម​ឆ្នាំ​នេះ ក្នុង​ទីក្រុង​ភ្នំពេញ​នៃ​ប្រទេស​កម្ពុជា។ រូបថត​នេះ ថត​នៅ​ថ្ងៃទី១​ខែឧសភា ឆ្នាំ២០១៤។ (AP Photo)
លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ (កណ្តាល) និយាយ​ទៅ​កាន់​កម្មករ​រោងចក្រ​កាត់ដេរ​នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ ដោយសមាជិកា​គណបក្សរបស់​​លោកមួយ​រូប​​កាន់​រូបថត​កម្មករ​រោងចក្រ​ម្នាក់​ដែល​ត្រូវ​បាន​បាញ់​ស្លាប់​កាលពី​ដើម​ឆ្នាំ​នេះ ក្នុង​ទីក្រុង​ភ្នំពេញ​នៃ​ប្រទេស​កម្ពុជា។ រូបថត​នេះ ថត​នៅ​ថ្ងៃទី១​ខែឧសភា ឆ្នាំ២០១៤។ (AP Photo)
គណបក្ស​សង្គ្រោះ​ជាតិ​បាន​ខកខាន​ធ្វើការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ខេត្ត ក្រុង​រាជធានី ​ស្រុក-ខណ្ឌ​នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ​នៅ​ទីលាន​ប្រជាធិបតេយ្យ។​

​នៅ​ថ្ងៃ​សុក្រ​ទី​២​ខែ​ឧសភា​នេះ​គឺ​ជា​ថ្ងៃ​ឃោសនា​ទី​១​នៃ​ការ​បោះឆ្នោត​អសកល​នេះ។

​គណបក្ស​បួន​ផ្សេង​ទៀត​មាន​ដូចជា​គណបក្ស​ប្រជាជន​កម្ពុជា ​គណ​បក្ស​ហ៊្វុន​ស៊ិនប៉ិច​ គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ ​និង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​បាន​ធ្វើការ​ឃោស​នា​តាម​របៀប​ជួប​ជុំ​ជាមួយ​នឹង​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​រៀងៗ​ខ្លួន​នៅ​តាម​មណ្ឌល​បោះឆ្នោត​ដោយ​សារ​តែ​សមាជិក​ក្រុម​ប្រឹក្សា​ទាំង​នេះ​គឺជា​អ្នក​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ខេត្ត ​ក្រុង​រាជធានី​ ស្រុក ខណ្ឌ​នេះ។

​ដោយឡែក​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ធ្វើការឃោសនា​ប្លែក​ពីគេ​និង​ទ្រង់ទ្រាយ​ធំ​នៅ​ក្នុងស្រុក​ស្អាង​ខេត្តកណ្តាល​និង​ដើរ​ជាក្បួន​ដង្ហែរ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ក្រោម​ការដឹក​នាំ​របស់​លោកសម រង្ស៊ី ​និង​លោក​កឹម​សុខា​ប្រធាន​និង​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។​

​លោកសម រង្ស៊ី ​បាន​ប្រកាស​នៅ​ក្នុង​សប្តាហ៍​នេះ​ថា​លោក​នឹង​ដណ្តើម​កាន់​កាប់​ទីលាន​ប្រជាធិបតេយ្យ​ដើម្បី​ធ្វើ​ការ​ឃោសនា​បោះឆ្នោត​នេះ។​ក៏ប៉ុន្តែ​អាជ្ញាធរ​បានដាក់​ពង្រាយ​កង​កម្លាំង​ប្រដាប់​អាវុធ ​របង​លួស​ជាច្រើន​ជាន់ ​និង​រថយន្ត​កាំមីញ៉ុង​សម្រាប់​រុញ​ច្រាន​ក្រុម​បាតុករ​និង​ឡាន​ទឹក​សម្រាប់​បាញ់​បង្រ្កាប​រួច​ជាស្រេច។​

នៅទី​បំផុត​ក្រុម​អ្នកចូលរួម​រាប់ពាន់​នាក់​បានដើរ​ជាក្បួន​តាម​ដងផ្លូវពី​ទី​ស្នាក់ការ​គណបក្ស​នៅ​សង្កាត់​ចាក់​អង្រែ ​កាត់តាម​ផ្លូវ​ព្រះមុនីវង្ស​មុន​នឹង​បង្វែរ​ទៅកាន់​ទីលាន​មុខ​ព្រះបរម​រាជវាំង។

លោក​យ៉ែម បុញ្ញឫទ្ធិ ​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ប្រសាសន៍​ថា​ការបង្វែរ​ក្បួន​ដង្ហែរ​ចេញ​ពី​ទី​លាន​ប្រជាធិបតេយ្យ​ដោយ​សារ​តែ​កងសន្តិសុខ​រាជធានី​ភ្នំពេញ​វាយ​បង្រ្កាប​ក្រុម​អ្នកគាំទ្រ​បក្ស​ជំទាស់​មុន​នឹង​ក្បួនដង្ហែរ​ទៅដល់​ទីនោះ។

«យើងចេញ​ពី​ខណ្ឌ​និង​ទីស្នាក់ការ​កណ្តាល​ប្រុង​ទៅ​ជួបគ្នា​នៅទីលាន​ប្រជាធិបតេយ្យ ​ហើយ​មាន​សកម្មជន​មួយ​ចំនួន​ចេញ​ទៅរង់​ចាំ​នៅ​ទីនោះ​ត្រូវគេ​វាយ​បំបែក​របួស​បី បួន​នាក់។ ហើយ​ក្រុម​យើង​បាន​ធ្វើ​ដំណើរ​ទៅជួប​ជុំ​នៅ​ជិត​នោះ​ហើយ​បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​នរោត្តម​និង​ជួបជុំ​នៅត្រង់​រូប​សម្តេច​ជួន ណាត»។

យ៉ាងហោចណាស់​មាន​មនុស្ស​ចំនួន​បីនាក់​បានរងរបួស​ដោយ​ការ​វាយ​សំពង​ដោយ​កង​សន្តិសុខ​ដែល​ជា​ភ្នាក់ងារ​បង្រ្កាប​បាតុករ​យ៉ាង​ហិង្សា។ ​នៅ​ក្នុង​នោះ​មាន​អ្នក​កាសែតខ្មែរ​មួយរូប ​ជន​បរទេស​មួយ​រូប ​និង​ព្រះសង្ឃ​មួយ​អង្គ​ផង​ដែរ។​

​ក្រុម​អ្នកគាំទ្រ​និង​កងសន្តិសុខ​បង្រ្កាប​បាតុកម្ម​បាន​គប់​ដុំថ្ម​និង​ដំបងឈើ​ដាក់​គ្នា​ទៅវិញ​ទៅមក​និង​ក្រោយ​មក​កងសន្តិសុខ​ដែល​ពាក់មួក​ឃ្លុប​បានដេញ​វាយ​សំពង​មនុស្ស​ដែល​ទើស​មុខ​ទើស​មាត់ពួក​គេ​ដោយ​មិនរើស​មុខ។

លោកស្រី​មូរ សុខហួរ ​តំណាងរាស្ដ្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ហៅទីលាន​ប្រជាធិបតេយ្យ​ថា​មិន​មែន​ជាទីតាំង​សម្រាប់​ការតវ៉ា​ទៀត​ទេ។

«​យើង​ឃើញ​ថា​ទីលាន​ប្រជាធិបតេយ្យ​នេះ​ក្លាយ​ជាទីលាន​មួយ​ដែល​កាន់​កាប់​ដោយ​កង​ប្រដាប់​អាវុធ»។

លោកឡុង ឌីម៉ង់ ​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​មិន​អាច​ទាក់​ទង​បានទេ​នៅ​រសៀល​នេះ។

​នៅ​រសៀល​ថ្ងៃ​នេះ​ដែរ​លោកស្រី​ Flavia Pansieri ​ឧត្តម​ស្នងការ​រង​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​បានទទូច​ឲ្យ​រដ្ឋា​ភិបាល​កម្ពុជា​លើក​បម្រាម​ការ​ប្រមូល​ផ្តុំ​និង​បាតុកម្ម​នៅ​លើ​សួន​ប្រជាធិបតេយ្យ​ចេញ។

​ក្រុម​អ្នក​គាំទ្រ​គណបក្ស​ជំទាស់​បាន​បំបែក​គ្នា​ទៅវិញ​ដោយ​សន្តិវិធី​នៅមុខ​ព្រះបរម​រាជវាំង​ក្រោយ​ពី​ពួកគេ​បានជួបជុំ​គ្នា​មួយ​រយៈ​នៅ​ទីនេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG