ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​ចង់​ឲ្យ​មន្ត្រី​អ.ស.ប.​ជួយ​អន្តរាគមន៍​ដោះលែង​សកម្មជន​ជាប់​ពន្ធនាគារ


លោក​ អំ សំអាត ប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ និង​ អ្នកស្រី​ ប្រាក់ សុវណ្ណារី ភរិយា​លោក​ វន់ ពៅ ​ចូល​រួម​ក្នុង​កម្មវិធី​ហេឡូវីអូអេ ថ្ងៃ​ច័ន្ទ​ ទី​២៨ ខែ​មេសា ឆ្នាំ​២០១៤។ (លឹម សុធី/វីអូអេ)
លោក​ អំ សំអាត ប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ និង​ អ្នកស្រី​ ប្រាក់ សុវណ្ណារី ភរិយា​លោក​ វន់ ពៅ ​ចូល​រួម​ក្នុង​កម្មវិធី​ហេឡូវីអូអេ ថ្ងៃ​ច័ន្ទ​ ទី​២៨ ខែ​មេសា ឆ្នាំ​២០១៤។ (លឹម សុធី/វីអូអេ)
ទាញ​យក​ពី​តំណភ្ជាប់​ដើម
ភ្នំពេញ៖ សកម្មជន​សិទ្ធិ​មនុស្ស​និង​ភរិយា​លោក​ វន់ ពៅ រំពឹង​ថា​លោកស្រី​ឧត្តម​ស្នងការ​រង​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស Flavia Pansieri នឹង​ដោះស្រាយ​នយោបាយ​រវាង​គណបក្ស​ជាប់​ឆ្នោត​និង​ជួយ​ដោះលែង​លោក​ វន់ ពៅ និង​កម្មករ​ដែល​ត្រូវ​ចាប់​ខ្លួន​ផ្សេង​ទៀត​ឲ្យ​មាន​សេរីភាព​បាន។

លោក វន់ ពៅ ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​និង​មនុស្ស​ចំនួន​២២​នាក់​ផ្សេង​ទៀត​ត្រូវ​នាំ​ខ្លួន​មក​កាត់​ទោស​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ដោយ​សាលា​ដំបូង​រាជធានី​ភ្នំពេញ។ ប៉ុន្តែ​សកម្មជន​សិទ្ធិ​មនុស្ស​បាន​រិះគន់​ការ​កាត់ទោស​នេះ។ ជន​ទាំង​នេះ​ត្រូវ​ចាប់​ខ្លួន​ក្នុង​ការ​បង្រ្កាប​បាតុកម្មយ៉ាង​ហិង្សា​ជា​បន្តបន្ទាប់​កាល​ពី​ខែ​មករា​ឆ្នាំ​២០១៤​នេះ។

លោក ​អំ សំអាត ប្រធាន​ផ្នែក​ស៊ើប​អង្កេត​របស់​អង្គការ​លីកាដូ​និយាយ​ក្នុង​កម្មវិធី​ហេឡូវីអូអេ​កាល​ពី​ថ្ងៃ​ទី​ច័ន្ទ​ទី​២៩​ខែ​មេសា​ថា លោក​សង្ឃឹម​ថា​ទស្សនកិច្ច​របស់​លោកស្រី​តំណាង​អង្គការ​សហប្រជាជាតិ​នឹង​ជួយ​ដល់​ការ​ដោះលែង​ជន​ជាប់ចោទ​ខាង​លើ​បាន។ ជន​ទាំង​នេះ​ដែល​លោក​ហៅ​ថា​ គឺ​ជា«អ្នក​ទោស​នយោបាយ»។

ដោយ​ឡែក​អ្នក​ស្រី​ ប្រាក់ សុវណ្ណារី ភរិយា​លោក​ វន់ ពៅ និយាយ​ថា៖ «ខ្ញុំ​តែង​តែ​មាន​សេចក្តី​សង្ឃឹម​ទៅ​អ្នកស្រី។​ ហើយ​ដោយសារ​គាត់​ផ្តោត​ទៅ​លើ​បញ្ហា​សិទ្ធិ​មនុស្ស​គាត់​នឹង​សម្លឹង​មើល​អ្នក​ទាំង​២១​នាក់ ​ដែល​កំពុង​ស្ថិត​ក្នុង​គំនាប​សិទ្ធិ​មនុស្ស»។

ទាំង​លោក​អំ សំអាត ទាំង​អ្នកស្រី​ប្រាក់ សុវណ្ណារី ជឿ​ថា​ ការ​ស្រុះស្រួល​នយោបាយ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ជួយ​ដោះលែង​លោក​ វន់ ពៅ និង​ជនជាប់​ចោទ​ដទៃ​ទៀត​បាន៕
XS
SM
MD
LG