ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​កំពូល​នឹង​សម្រេច​លើ​ការស្នើ​សុំ​នៅ​ក្រៅឃុំ​របស់​សកម្មជន​និង​កម្មករ​២១នាក់​


កូនប្រុស​​របស់​លោក​ វ៉ន់ ពៅ​ និង​​សាច់ញាតិ​​របស់​​លោក​នៅ​ក្នុង​សាលា​ឧទ្ធរណ៍​រាជធានី​​កាលពី​ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ​២០១៤។ (Robert Carmichael/VOA)
កូនប្រុស​​របស់​លោក​ វ៉ន់ ពៅ​ និង​​សាច់ញាតិ​​របស់​​លោក​នៅ​ក្នុង​សាលា​ឧទ្ធរណ៍​រាជធានី​​កាលពី​ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ​២០១៤។ (Robert Carmichael/VOA)
តុលាការ​កំពូល​នៅ​ថ្ងៃ​សុក្រ​នេះ​បាន​បើក​សវនាការ​កំបាំង​មុខ​លើ​សំណើ​សុំនៅ​ក្រៅ​ឃុំ​ពី​មេធាវី​របស់​លោក​ វន់ ពៅ​ និង​ ជន​ជាប់​ចោទ​២០នាក់​ផ្សេង​ទៀត​ពាក់​ព័ន្ធ​នឹង​អំពើ​ហិង្សា​នៅសួន​ឧស្សាហកម្ម​កាណាឌីយ៉ា​និង​នៅ​រោង​ចក្រ​យ៉ាក​ជីង​ពី​ដើម​ខែមករា។​

សវនាការ​នេះ​បាន​ធ្វើ​ឡើង​ដោយ​មាន​វត្តមាន​អ្នក​ការ​ពារក្តីជន​ជាប់​ចោទ​ចំនួន​១០​នាក់​និង​ចៅ​ក្រម​ចំនួន​៥នាក់។ ​ក៏ប៉ុន្តែ​បន្ទាប់​ពី​បាន​ស្តាប់​សេចក្តី​សន្និដា្ឋន​របស់​មេធាវី​ការពារ​ក្តី​និង​សហព្រះរាជ​អាជ្ញា លោក​ ឃឹម ប៉ុន​ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​បាន​ប្រកាស​ថា​សាល​ក្រម​នឹង​ប្រកាស​នៅ​ថ្ងៃ​ទី​៩​ខែ​ឧសភា​សប្តាហ៍​ក្រោយ​នេះ។​

នៅ​ក្នុង​បន្ទប់​សវនាការ​មេធាវី​ជន​ជាប់​ចោទ​ទាំង​២១​នាក់​សុទ្ធ​តែ​បាន​អះអាង​ថា​ដោយ​សារ​តែ​លោក​ វន់ ពៅ​ និង​ជន​ជាប់​ចោទ​ផ្សេង​ទៀត​មាន​ជំងឺ​ដែល​ត្រូវ​ទៅ​ព្យាបាល​ជា​បន្ទាន់ ​ហើយ​បើ​បន្ត​ឃុំ​ឃាំង​ក្នុង​ពន្ធនាគារ​អាច​ប៉ះ​ពាល់​ដល់​សុខភាព​ និង​អាយុ​ជីវិត។ ​ក្រុម​មេធាវី​ការ​ពារ​ក្តី​បាន​ស្នើ​សុំ​ដល់​តុលាការ​កំពូល​ដោះ​លែង​កូន​ក្តី​ទាំង​២១​នាក់​ឱ្យនៅ​ក្រៅ​ឃុំ​ក៏ប៉ុន្តែ​សំណូម​ពរឱ្យដាក់​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ។​

លោក​ ឈួន ចាន់​ថា​តំណាង​អយ្យការ​តុលាការ​កំពូល​បាន​ទាមទារ​ឱ្យតុលាការ​តម្កល់​សេចក្តី​សម្រេច​របស់​សាលា​ដំបូង​និង​សាលា​ឧទ្ធរណ៍​ទុកជា​បាន​ការ​ដោយ​សារ​តែ​ដំណើរ​អង្គ​សេចក្តី​ចំពោះ​រឿង​ក្តី​នេះ​កំពុង​ប្រព្រឹត្តទៅ​នៅ​សាលា​ដំបូង​ក្រុង​ភ្នំពេញ។​

សាលា​ដំបូង​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២៥​ខែមេសា​ បាន​បើក​សវនាការ​ពេញ​អង្គសេចក្តី​លើ​សំណុំ​រឿង​លោក​ វន់ ពៅ​ និង​ ក្រុម​កម្មករ​ សកម្មជន​ដីធ្លី​នៅ​តំបន់​បឹងកក់​ចំនួន​២៣​នាក់។ ​ក៏ប៉ុន្តែ​សវនាការ​មិន​ទាន់​បាន​បញ្ចប់​ទេ។ ​តុលាការ​ក្រុង​ភ្នំពេញ​គ្រោង​នឹង​បន្ត​សវនាការ​នៅ​ថ្ងៃ​ទី​៦​ខែ​ឧសភា​ខាង​មុខនេះ។​

លោក​ សំ សុខគង់​ មេធាវី​ការពារ​ក្តី​ឱ្យលោក​វន់ ពៅ​ និង​ជន​ជាប់​ចោទ​មួយ​ចំនួន​ទៀត​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​នៅ​ខាង​ក្រៅ​អគារ​តុលាការ​កំពូល​ថា​កូន​ក្តី​របស់​លោក​អាច​នឹង​បាន​នៅ​ក្រៅ​ឃុំ​ជាបណ្តោះ​អាសន្ន​ដោយ​សារ​តែ​សុខភាពធ្ងន់​ធ្ងរ​របស់​ជនជាប់​ចោទ​នៅ​ក្នុង​ពន្ធនាគារ​ និង​មាន​លិខិត​ធានា​ពី​អង្គការ​ធំៗ​ចំនួន​៦​ដែល​បាន​ធានា​អះអាង​ថា​កូន​ក្តី​របស់​លោក​និង​មាន​វត្តមាន​នៅ​ពេល​ណា​បើ​តុលាការ​ត្រូវ​ការ។​

លោក​និយាយ​ថា៖​«​ ខ្ញុំ​មាន​សុទិដ្ឋិនិយម​ថា​តុលាការ​កំពូល​ជាតុលាការ​ជាន់​ខ្ពស់​ហើយ​តុលាការ​កំពូល​និង​ផ្តល់​យុត្តិធម៌​ជូន​អ្នក​ទាំង​២១​នាក់​ហ្នឹងយ៉ាង​ណា​ដើម្បី​ផល​ប្រយោជន៍​យុត្តិ​ធម៌​ហើយ​នឹង​ឱ្យគាត់​បាន​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន»។​

សាលាឧទ្ធរណ៍​កាល​ពី​ថ្ងៃទី​១២​ខែកុម្ភៈ​ បាន​បដិសេធ​សំណើ​សុំ​ឱ្យនៅ​ក្រៅ​ឃុំ​ ចំពោះ​ករណី​លោក​ វន់ ពៅ​ និង​ ក្រុម​កម្មករ​ចំនួន​២០​នាក់​ផ្សេង​ទៀត​ដោយបង្គាប់​ឱ្យ ​បន្តឃុំ​ខ្លួននៅក្នុង​ពន្ធនាគារ​ ម៣ ​ត្រពាំង​ផ្លុង​ដដែល។​
លោក​ស្រី​ ប្រាក់ សុវណ្ណារី​ ភរិយា​លោក​វន់ ពៅ​ ប្រាប់​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​ថា​ការ​ពន្យាពេល​ប្រកាស​សាលក្រម​របស់​តុលាការ​កំពូល​ជារឿង​អយុត្តិ​ធម៌​ចំពោះ​ស្វាមី​លោក​ស្រី។ ​លោក​ស្រី​បាន​បញ្ជាក់​ថា​លោក​ស្រី​នៅ​តែព្រួយ​បារម្ភ​យ៉ាង​ខ្លាំងពី​សុខភាព​លោក​ វន់​ ពៅ​កាន់​តែ​ធ្ងន់ធ្ងរ​ទៅៗ។​

លោក​ស្រី​និយាយ​ថា៖​«អ្វី​ដែល​ខ្ញុំ​ចង់​បាន​បំផុត​គឺ​ចង់​បាន​ស្វាមី​ខ្ញុំ​មក​រួម​រស់​ ជួប​ជុំ​ក្រុម​គ្រួសារ​និង​ធ្វើ​ការ​បន្ត​របស់​គាត់​ដែល​គាត់​ស្រឡាញ់​ យុត្តិធម៌​ ស្រឡាញ់​សង្គម​ហើយ​គាត់​ជាអ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​ដែល​ខ្ញុំ​តែង​តែ​គោរព​គាត់»។​

លោក​ ថាវ គឹមសាន​ នាយក​រង​ទទួល​បន្ទុក​កម្មវិធី​តស៊ូមតិ​នៃ​ អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​មាន​ប្រសាសន៍​ថា​ការសម្រេច​របស់​តុលាការ​កំពូល​ហាក់​បី​ដូច​ជា​បាន​គិត​ទុក​ជាមុន​ថា​ដើម្បី​ឱ្យមាន​ការ​ស៊ី​គ្នា​ចំពោះ​សវនាការ​អង្គសេចក្តី​នៅ​សាលា​ដំបូង​ក្រុង​ភ្នំពេញ។​

លោក​និយាយ​ថា៖​«​ យើង​មើល​ទៅ​ឃើញ​ថា​វាមាន​ទំនាក់​ទំនង​គ្នា​ច្បាស់​ហើយ​គិត​ថា​គួរសម្រេច​នៅ​ពេល​ណា​ដើម្បី​កុំ​ឱ្យមាន​ការ​យល់​ច្រឡំ​ថា​តុលាការ​យុត្តិធម៌​ឬមិន​យុត្តិធម៌។ ​មាន​ន័យ​ថា​ធ្វើ​ឱ្យមតិ​សាធារណជន​មាន​ការងឿង​ឆ្ងល់​ហើយ​ធ្វើ​ការ​ពិចារណា​ដោយ​ខ្លួន​ឯង»។​

នៅ​ក្នុង​ខណៈ​ពេល​តុលាការ​កំពូល​ កំពុង​បើក​សវនាការ​ក្រុម​អ្នក​រង​គ្រោះ​ដីធ្លីមក​ពី​សហគមន៍​ផ្សេងៗ​បាន​មក​តវ៉ា​នៅ​ពីមុខ​តុលាការ​ដើម្បី​ស្នើ​សុំ​ឱ្យដោះ​លែង​អ្នក​ទាំង​២១​នាក់​ដែល​កំពុង​ជាប់​ឃុំ។​ ក៏ប៉ុន្តែ​ការ​តវ៉ា​នោះ​គ្មាន​ការ​បង្ក្រាប​ណាមួយ​ពី​កម្លាំង​មាន​សមត្ថកិច្ច​ទេ។

លោក​ វន់ ពៅ​ ប្រធាន​ សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​និង​ក្រុម​កម្មករ​សកម្មជនសហជីព​ ចំនួន​២២​ ​នាក់​ត្រូវ​បាន​ តុលាការ​ចោទ​ប្រកាន់ពី​បទពាក់ព័ន្ធ​នឹង​ហិង្សា​ ដោយ​ចេតនា ​ដោយ​មាន​ស្ថាន​ទម្ងន់​ទោស​ ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា ​ដោយ​មាន​ស្ថាន​ទម្ងន់​ទោស​ ពាក់​ព័ន្ធ​នឹង​ការ​វាយ​បង្ក្រាប​ដោយ​អំពើ​ហិង្សា​នៅសួន​ឧស្សាហកម្ម​ កាណាឌីយ៉ា ​និង​រោង​ចក្រ​យ៉ាក ជីង ពី​ដើម​ខែមករា​ដែល​បាន​បណ្តាល​ឱ្យមាន​មនុស្ស​ស្លាប់​យ៉ាងហោច​ណាស់​៤​នាក់៕
XS
SM
MD
LG