ប្រទេសកម្ពុជាកំពុងឈរលើក្តីសង្ឃឹមថានឹងមានការស្តារសេដ្ឋកិច្ចឡើងវិញក្រោយការរាតត្បាតនៃជំងឺកូវីដ១៩ ដោយផ្នែកលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិន និងកូរ៉េខាងត្បូង និងសមាជិកក្នុងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ហៅកាត់ថា RCEP។
RCEP ជាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ដែលមានរួមប្រទេសទាំង១០នៃសមាគមអាស៊ាននិងប្រទេសចិន ជប៉ុនកូរ៉េខាងត្បូង អូស្ត្រាលីនិង នូវែលសេឡង់។ កិច្ចព្រមព្រៀងនេះបានចូលជាធរមានកាលពីថ្ងៃទី១ខែមករាឆ្នាំ២០២២នេះ។ បណ្តាប្រទេសជាសមាជិកនៃកិច្ចព្រមព្រៀងនេះ នឹងមានផលិតផលសរុបក្នុងស្រុកទាំងអស់ចំនួន ២៦.២ លានលានដុល្លារ ឬស្មើនឹងផលិតផលសរុបក្នុងពិភពលោកចំនួន៣០ភាគរយ។
អ្នកវិភាគបាននិយាយថារដ្ឋាភិបាលក្រុងភ្នំពេញបានព្យាយាមចូលរួមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មទាំងនេះ ខណ:ដែលកម្ពុជារងផលប៉ះពាល់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរដោយសារការរាតត្បាតនៃជំងឺកូវីដ១៩ និងការដែលសហភាពអឺរ៉ុបដកហូតការអនុគ្រោះពន្ធខ្លះលើទំនិញនាំចូលដោយសារប្រវត្តិសិទ្ធិមនុស្សមិនល្អ និងការដើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា។
រដ្ឋមន្ត្រីក្រសួងផែនការលោក ឆាយ ថន បានថ្លែងថា កម្ពុជាបានបាត់បង់ការងារជាង៦លាន ក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឬនឹងបាត់បង់ថែមទៀត ដោយសារជំងឺកូវីដ១៩ ហើយអង្គការ UNDP រំពឹងថា អាត្រាភាពក្រីក្រនៃប្រទេសកម្ពុជាអាចកើនទ្វេដងដល់១៧.៦ភាគរយនៅឆ្នាំ២០២១ដែលទើបកន្លងទៅនេះ។
«កិច្ចព្រមព្រៀងទាំងនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ចំពោះអនាគតនៃសេដ្ឋកិច្ចរបស់កម្ពុជា។ បណ្តាប្រទេសជិតខាងរបស់កម្ពុជានឹងក្លាយជាទីផ្សារចម្បងរបស់កម្ពុជាក្នុងអំឡុងពេលប៉ុន្មានឆ្នាំខាងមុខនេះ»។ នេះបើតាមសម្តីរបស់លោក Bart Edes នៃមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រនិងកិច្ចការអន្តរជាតិនៅរដ្ឋធានីវ៉ាស៊ីនតោន។
សេដ្ឋកិច្ចកម្ពុជាមានការប្រែប្រួលយ៉ាងឆាប់រហ័សចាប់តាំងពីទីបញ្ចប់នៃសង្គ្រាមជិត៣ទសវត្សរ៍គឺកាលពីឆ្នាំ១៩៩៨ដោយសាររដ្ឋាភិបាលកម្ពុជាបានខិតចូលយ៉ាងកៀកទៅនឹងប្រទេសចិនក្នុងអំឡុងពេល១០ឆ្នាំកន្លងទៅនេះ។ ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនលើស៨ពាន់លានដុល្លារក្នុងឆ្នាំ២០២០ ហើយត្រូវគេរំពឹងថានឹងកើនដល់១០ពាន់លានដុល្លារក្នុងឆ្នាំ២០២៣ ដោយសារការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិនកាលពីខែតុលាឆ្នាំ២០២១។
កម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីស្រដៀងគ្នាមួយទៀតជាមួយប្រទេសកូរ៉េខាងត្បូង ក្រោយពីការធ្វើពាណិជ្ជកម្មរវាងកម្ពុជានិងកូរ៉េខាងត្បូងបានកើនដល់ ៨៨០លានដុល្លារកាលពីឆ្នាំ២០២០។ នៅក្រោមកិច្ចព្រមព្រៀងនោះ កម្ពុជានឹងលុបចោលពន្ធគយលើទំនិញនាំចូលពីកូរ៉េខាងត្បូងចំនួន៩៣.៨ភាគរយហើយកូរ៉េខាងត្បូងនឹងលុបចោលពន្ធគយលើទំនិញនាំចូលពីកម្ពុជាចំនួន៩៥.៦ភាគរយ។
កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ហៅកាត់ថា RCEP នេះនឹងលុបចោលពន្ធគយ៩០ ភាគរយលើទំនិញរបស់ប្រទេសជាដៃគូសម្រាប់រយៈពេល២០ឆ្នាំខាងមុខដែលអ្នកវិភាគបាននិយាយថានឹងជួយពង្រឹងសមាហរ័ណកម្មតំបន់បន្ថែមដោយសាងសង់គំរោងហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រវ៉ាត់ពាណិជ្ជកម្មរបស់ចិន។
លោក Edes បានថ្លែងថាសេដ្ឋកិច្ចដែលកំពុងលូតលាស់ក្នុងពិភពលោកភាគច្រើនស្ថិតនៅក្នុងទ្វីបអាស៊ីដែលនៅទីនោះកម្ពុជាស្ថិតក្នុងទីតាំងយុទ្ធសាស្ត្រមានប្រៀបសំខាន់ក្នុងតំបន់ក្នុងចំណោមប្រទេសជិតខាងធំៗជាង ដូចជាថៃនិងវៀតណាមនិងសមាជិកអាស៊ានផ្សេងៗទៀតហើយការណ៍នេះធ្វើឲ្យកម្ពុជាក្លាយជាគោលដៅនៃការវិនិយោគដែលគួរឲ្យទាក់ទាញមួយ។
លោក Edes ថា៖ «មិនត្រឹមតែសម្រាប់ចិនទេតែសម្រាប់ប្រទេសឯទៀតនៅអាស៊ីផងដែរ។ ប៉ុន្តែកិច្ចព្រមព្រៀងសេដ្ឋកិច្ចដែលមានច្បាប់ទម្លាប់ទាំងនេះ មានសារៈសំខាន់យ៉ាងខ្លាំងចំពោះកម្ពុជា។ ទាំងនេះជាដំណើរការវិជ្ជមានសម្រាប់ប្រទេសជាតិសម្រាប់ប្រជាពលរដ្ឋនិងសម្រាប់ឱកាសបង្កើតការងារ»។
ពលរដ្ឋកម្ពុជាដែលធ្វើការក្នុងវិស័យសេដ្ឋកិច្ចក្នុងប្រព័ន្ធមានត្រឹមចំនួន២០ភាគរយប៉ុណ្ណោះ ហើយ៨០ភាគរយដែលនៅសេសសល់ដែលរួមមានទាំងកសិករផងនោះធ្វើការក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះបើតាមប្រភពរបស់រដ្ឋាភិបាល។
ពលរដ្ឋកម្ពុជា ៣០ភាគរយ រស់នៅលើចំបន្ទាត់ក្រីក្រ ឬលើសបន្ទាត់ក្រីក្របន្តិច គឺទទួលបានប្រាក់ចំណូលត្រឹម១ដុល្លារ ៩០សេន ក្នុងមួយថ្ងៃ។
បញ្ហាដកការអនុគ្រោះពន្ធខ្លះរបស់សហភាពអឺរ៉ុបលើទំនិញកម្ពុជាទាំងអស់លើកលែងតែសព្វាវុធកាលពីខែសីហាឆ្នាំ២០២០ហើយភ្ជាប់ជាមួយនឹងលក្ខខណ្ឌនៃការនាំទំនិញទៅលក់ក្នុងទីផ្សារអឺរ៉ុបដោយមិនបាច់បង់ពន្ធនោះគឺមិនបានជួយសេដ្ឋកិច្ចកម្ពុជាទេតែដើម្បីធានាឲ្យមានស្តង់ដារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
នាយកនៃក្រុមហ៊ុនផ្តល់សេវាពាណិជ្ជកម្ម Ernst & Young ក្នុងប្រទេសកម្ពុជាលោក Brendan Lalor បាននិយាយថា ការបាត់បង់ទីផ្សារមិនយកពន្ធគយលើទំនិញខ្លះដូចជាសម្លៀកបំពាក់ដោយសារសហភាពអឺរ៉ុប និងការរាតត្បាតនៃជំងឺកូវីដ១៩នោះបានជម្រុញឲ្យរដ្ឋាភិបាលកម្ពុជាធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងនោះ។
លោកបានថ្លែងយោងទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាជាមួយប្រទេសទាំងពីរគឺកម្ពុជាចិន និង កម្ពុជា កូរ៉េខាងត្បូងនោះលោកបានបន្ថែមថា៖
«ការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងនេះដោយគ្មានការរឹតត្បិតពន្ធគយលើទំនិញនាំចូល, កូតា (quotas), ពន្ធដារ និងការនាំចេញផងនោះគឺជាការជម្រុញដល់ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរគឺជាមួយ ចិន និងជាមួយកូរ៉េខាងត្បូងកាន់តែច្រើនឡើងថែមទៀត»។
លោកថា៖ «ដូច្នេះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកូរ៉េនិងចិន គួរតែទូទាត់គ្នាបានជាមួយផលប៉ះពាល់នៃការលុបចោលការអនុគ្រោះពន្ធ EBA»។
លោកបន្ថែមថា កម្ពុជានឹងទទួលបានផលចំណេញពីកិច្ចព្រមព្រៀង RCEP និងការធ្វើពាណិជ្ជកម្មឆ្លងព្រំដែន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានថ្លែងដែរថាលោកចង់ធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសរុស្ស៊ីផងដែរ។
ប្រទេសកម្ពុជានាំចេញទំនិញដែលរួមមានសម្លៀកបំពាក់ស្បែកជើង កាបូបព្រមទាំងរបស់របរសម្រាប់ធ្វើដំណើរ ភេសជ្ជ:គ្រឿងបន្លាស់អេឡិចត្រូនិកទំនិញពេទ្យ និង ផលិតផលកសិកម្មដែលមានទាំងកៅស៊ូ ប្រេងដូងដំឡូងឈើ និងគ្រាប់ស្វាយចន្ទី។
ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្ម RCEP លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មប៉ាន សូរស័ក្ដិ វាយតម្លៃថា ផលិតផលសរុបក្នុងស្រុករបស់កម្ពុជានឹងកើនឡើង២ភាគរយការនាំចេញនឹងកើនឡើង៧.៣ភាគរយហើយការវិនិយោគនឹងកើនឡើង២៣.៤ភាគរយជាមួយនឹងការលុបចោលពន្ធគយលើទំនិញ៩០ភាគរយក្នុងចំណោមប្រទេសហត្ថលេខីក្នុងអំឡុងពេល២០ឆ្នាំខាងមុខ។
លោកបានថ្លែងប្រាប់រដ្ឋសភាថា៖ «កិច្ចព្រមព្រៀង RCEP នឹងក្លាយទៅជាមូលដ្ឋានគ្រឹះនៃការធ្វើពាណិជ្ជកម្មនិងវិនិយោគក្នុងតំបន់ នឹងពង្រីកតម្លៃនៃខ្សែសង្វាក់ក្នុងតំបន់ហើយនិងបង្កើននូវឱកាសបង្កើតការងារធ្វើនិងទីផ្សារសម្រាប់មនុស្សនិងក្រុមហ៊ុនជំនួញក្នុងតំបន់»។
ក៏ប៉ុន្តែលោក Wim Conklin នាយកកម្មវិធីប្រចាំប្រទេសសម្រាប់មជ្ឈមណ្ឌលសាមគ្គីភាពក្នុងប្រទេសកម្ពុជា បានធ្វើការកត់សម្គាល់ដោយប្រុងប្រយ័ត្នមួយ ដោយព្រមានថាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងកិច្ចព្រមព្រៀង RCEP អាចបណ្តាលឲ្យមានការហូរចូលនូវទំនិញថោកៗក្នុងប្រទេសកម្ពុជាដែលមានរួម ប្លាស្ទីកថ្មពិលនិងរបស់តូចៗសម្រាប់ប្រើប្រាស់ក្នុងផ្ទះ។
លោកថា៖ «ជាទូទៅអាចមានផលចំណេញខ្លះ ប៉ុន្តែនៅព្រមពេលជាមួយគ្នាសំណួរគឺតើនណារជាអ្នកចំណេញ។ ប្រទេសដែលមានទំហំធំជាងយ៉ាងច្រើនដែលធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសមួយទៀតនោះតែងតែមិនមានការប្រកួតប្រជែងឲ្យបានស្មើភាពគ្នាទេ»។
លោកថាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីត្រូវតែសម្រេចដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋទាំងមូល មិនមែនសម្រាប់វិស័យណាមួយដោយជាក់លាក់ដូចជាធនាគារ ឬសេវាហិរញ្ញវត្ថុនោះទេ។ ប៉ុន្តែលោកថ្លែងថាការនាំចូលទំនិញដែលថោកជាងអាចជួយដល់អ្នកផលិតទំនិញហើយរឿងនេះអាចផ្តល់ផលប្រយោជន៍ដល់អ្នកធ្វើការ។
លោកសួរថា៖ «តើនេះមានន័យថាពួកគេអាចទទួលបានប្រាក់ខែខ្ពស់ជាងដោយសារតែក្រុមហ៊ុនចំណេញច្រើន ឬមួយក៏ដោយសារការចំណាយចុះថយ? យើងសង្ឃឹមថាវាអ៊ីចឹងទៅចុះ ប៉ុន្តែខ្ញុំមិនច្បាស់ដែរ»៕