លោក លន លី កសិករធ្វើស្រែក្នុងឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងកំពុងបិតទូករបស់លោកដោយសារវាបែក ដើម្បីអាចចេញទៅនេសាទគ្រាន់បានត្រីខ្លះសម្រាប់ហូប និងទុកលក់។ លោករៀបរាប់ថា លោកប្រហែលត្រូវពឹងទាំងស្រុងលើការនេសាទនេះ ក្រោយដីស្រែរបស់លោកពីរហិកតាក្នុងតំបន់អភិរក្សបឹងទន្លេសាប ត្រូវបានអាជ្ញាធររឹបអូស និងហាមឃាត់មិនឲ្យធ្វើស្រែបន្តទៀត។
លោកប្រាប់វីអូអេក្នុងបទសម្ភាសន៍កាលពីពេលថ្មីៗថា៖ «ចេះតែខំរកៗទៅ! យើងមានអីធ្វើទៀត? បើមិនរក មានតែអត់! បានដីហ្នឹង យើងធ្វើស្រែតិចតួចបានសល់លក់ខ្លះ បានសល់ទុកហូបខ្លះ»។
ចំណាត់ការភ្លាមៗដែលជាបញ្ជាផ្ទាល់មាត់របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២១ លើការរឹបអូសដីអភិរក្សបឹងទន្លេសាបមកវិញ នាំឲ្យកសិករក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងជាប់បឹងទន្លេសាប ចាប់ផ្តើមបារម្ភអំពីជីវភាពរបស់ពួកគេ ជាពិសេសបញ្ហាបំណុលដែលពួកគេបានខ្ចីពីស្ថាប័នហិរញ្ញវត្ថុមកធ្វើស្រែប្រាំងនៅពេលទឹកទន្លេសាបស្រកចុះ។
កំពុងខាត់ចំណុចដែលទូកបែកធ្លាយ លោក លី អាយុ២៥ឆ្នាំ និងមានកូនម្នាក់អាយុ៣ឆ្នាំ អះអាងថា លោកបានធ្វើស្រែលើដី២ហិកតាក្នុងភូមិកង្កែប ឃុំច្រណូកនេះប្រមាណ១០ឆ្នាំមកហើយ។ លោកបន្តថា ដីដែលហាមឃាត់នោះ ជាដីដែលម្តាយរបស់លោកចែកឲ្យ ហើយម្តាយបានគ្រប់គ្រងជាង៣០ឆ្នាំមកហើយ។ លោកបន្ថែមថា នៅពេលមានចំណាត់ការរឹបអូសភ្លាមៗកាលពីចុងខែវិច្ឆិកា លោកបានខាតបង់ប្រាក់ប្រមាណ៣លានរៀល ដោយសារលោក បានទិញពូជស្រូវ និងជីត្រៀមសម្រាប់ធ្វើស្រែរួចទៅហើយ។
ដូចការអំពាវនាវរបស់កសិករផ្សេងទៀត កសិកររូបនោះ ស្នើឲ្យអាជ្ញាធរបើកឲ្យកសិករ អាចធ្វើស្រែបានឡើងវិញដើម្បីពួកគេអាចមានអង្ករទុកសម្រាប់ហូប និងដោះស្រាយបំណុលដែលលោកជំពាក់ឯកជនជាងមួយលានរៀលផងដែរ។
លោកប្រាប់វីអូអេថា៖ «អ្នកណាដែលត្រឹម២ហិកតាអី យើងទុកឲ្យគ្នាធ្វើទៅ! អ្នកណាដីច្រើនអីដកទុកខ្លះអីទៅ! បើលេងដកយកទាំងអស់អ៊ីចឹងឯង…អ្នកណាគ្នាអត់នៅតែអត់!»
ចំណែកកសិករម្នាក់ទៀតក្នុងស្រុកកំពង់លែងដែរ គឺលោក ឡន វណ្ណី អាយុ២៦ឆ្នាំអះអាងថា ម្តាយរបស់លោកបានចែកដីឲ្យលោកប្រមាណ៤ហិកតាក្នុងភូមិពោធិ៍ ឃុំពោធិ៍ដែលគ្រួសាររបស់លោកបានធ្វើស្រែជាច្រើនឆ្នាំមកហើយ។ លោកស្នើឲ្យរដ្ឋាភិបាលចាត់វិធានការលើអ្នកគ្រប់គ្រងដីច្រើននៅតំបន់នោះ មិនមែនប្រជាពលរដ្ឋដែលគ្រប់គ្រងដីពីរបីហិកតាឡើយ។
លោកប្រាប់វីអូអេកាលពីពេលថ្មីៗថា៖ «ចង់សំណូមពរកុំឲ្យគាត់ដក។ ដកតែអ្នកណាធ្វើខុស…ដាក់តែអ្នកហ្នឹងទៅ! លេងដាក់ទាំងប្រជាជនទៀត…ចប់ហើយ! មានអី?សូមតែស្រែចម្ការធ្វើវិញ»។
លោកបន្ថែមថា៖ «បើដកទាំងអស់ ប្រជាជនបានអីស៊ី? មានតែទៅចំណាកស្រុកប្រទេសគេ ប្រទេសអីពេញតែវាល ពេញតែកាលហ្នឹងឯង»។
បើតាមលោក វណ្ណី ម្តាយរបស់លោក បានខ្ចីបំណុលពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយដែលលោកមិនស្គាល់ឈ្មោះជាង១ម៉ឺនដុល្លារអាមេរិកដើម្បីយកមកធ្វើស្រែ។
លោកនិយាយថា៖ «ម៉ែអត់បាយប៉ុន្មានថ្ងៃហើយ ឮតែគេថាដកដីហ្នឹង! គាត់ភ័យគាត់! បើជំពាក់គេ ពឹងដីហ្នឹងធ្វើស្រែសងគេ។ បើយើងខ្ចីលុយអង្គការយកទៅឈូសដីហ្នឹងយកទៅសម្រួលប្រឡាយសម្រួលប្រព័ន្ធទឹកហ្នឹង»។
ជាធម្មតាប្រជាពលរដ្ឋរស់នៅជាប់បឹងទន្លេសាប ចាប់ផ្តើមធ្វើស្រែពីចុងខែធ្នូ ឬពីដើមខែមករា រហូតដល់ខែមេសាជារៀងរាល់ឆ្នាំ នៅពេលទឹកបឹងទន្លេសាបស្រកទៅវិញ។
កសិករម្នាក់ទៀតអ្នកស្រី បឿន ស៊ីន អាយុ៣៨ឆ្នាំមានដីជាង២ហិកតាក្នុងភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង នៅក្នុងតំបន់៣ដែលប្រឈមនឹងការរឹបអូសពីអាជ្ញាធរ។ អ្នកស្រីបញ្ជាក់ថា អ្នកស្រី បានកាប់ឆ្ការព្រៃនៅលើដីនោះនឹងកាំបិត ហើយគ្រប់គ្រងដីជាច្រើនឆ្នាំមកហើយ។
អ្នកស្រីដែលមានកូន៣នាក់ក្នុងបន្ទុក ប្រាប់វីអូអេថា៖ «នៅពេលរដ្ឋមកតម្រូវដកអញ្ចេះ គេមានដកយកតែដីអ្នកធំទេ យកទាំងរបស់ប្រជាជនដែលគ្នាអត់ទៀត។ អ្នកធំ ទោះបីយើងដកប៉ុននេះ ក៏គេអត់ក្រ។ អ្នក ក្រលំបាក ប្រជាជនយើងទេ»។
អ្នកស្រីបន្ថែមថា៖ «បើគេដកគ្រប់តែគ្នាក៏មិនហ៊ានប្រឆាំងដែរ…ឲ្យទៅគេទៅ។ ប៉ុន្តែបើគេថា ប្រគល់ឲ្យប្រជាជនធ្វើវិញ ចេះតែធ្វើទៅ ព្រោះយើងទៅប្រឆាំង ក៏ប្រឆាំងអត់ឈ្នះគេ…ខ្លាចមានទោសមានអី»។
ចំណែកអ្នកស្រី ទ្រី ពៅ អាយុ៣៨ឆ្នាំដែលគ្រប់គ្រងដីស្រែមួយហិកតាក្នុងតំបន់ហាមឃាត់ ឬហៅថា តំបន់៣ បានត្អូញត្អែរពីការបាត់បង់របរធ្វើស្រែរបស់ខ្លួនក្រោយអាជ្ញាធររឹបអូសដី។ អ្នកស្រីបន្តថា ដីនោះ ជាដីកេររបស់ឪពុកក្មេករបស់អ្នកស្រីដែលបានកាន់កាប់យូរមកហើយ។
អ្នកស្រីដែលជាអ្នកលក់បាយម្ហូបនៅក្នុងឃុំច្រណូក ក៏បានត្អូញត្អែរពីចំណូលលក់បាយធ្លាក់ចុះ ដែលពិបាកក្នុងការបង់សងធនាគារ Vision Fund ដែលអ្នកស្រីខ្ចីចំនួន៦ពាន់ដុល្លារអាមេរិក ហើយត្រូវបង់ត្រឡប់ទៅវិញជិត២០០ដុល្លារអាមេរិកក្នុងមួយខែ និងត្រូវបង់រយៈពេល៤ឆ្នាំទៀត។
អ្នកស្រីប្រាប់វីអូអេថា៖ «និយាយរួមទៅព្រួយខ្លាំងមែនទែន! ណាមួយខ្លាចរដ្ឋរឹបអូសដីភូមិដីផ្ទះអ៊ីចឹងទៅ។ យើងអត់មានដីស្រែអត់មានចំណូលអីអ៊ីចឹង.. ហើយណាមួយយើងលក់តក់ៗ....គ្មានសង្ឃឹមថា យើងដោះរដ្ឋរួចដែរ»។
ចំណែកប្រជាពលរដ្ឋ៥នាក់ផ្សេងទៀតក៏បានប្រាប់វីអូអេស្រដៀងគ្នាថា ពួកគេចង់បានដីមកធ្វើស្រែវិញក្នុងពេលនេះ ហើយពួកគេសន្យាថា មិនលក់នោះទេដោយគ្រាន់តែទុកធ្វើស្រែរដូវប្រាំងតែប៉ុណ្ណោះ។
លោក ឌី អឿន មេឃុំស្វាយរំពារក្នុងស្រុកកំពង់លែងដែលជាតំបន់រងគ្រោះដែរថ្លែងថា ប្រជាពលរដ្ឋប្រមាណ៧០% គ្រប់គ្រងដីក្នុងតំបន់៣ដែលជាតំបន់ការពារ និងត្រូវរឹបអូសយកមកវិញ។ លោកបន្ថែមថា ប្រជាពលរដ្ឋខ្លះ បានគ្រប់គ្រងដីនោះជាង៣០ឆ្នាំមកហើយ ហើយអ្នកខ្លះក៏មិនបានដឹងថា តំបន់នោះ ជាដីបឹងទន្លេសាបអភិរក្សឡើយ។
មេឃុំរូបនោះ បញ្ជាក់ថា ប្រជាពលរដ្ឋ បានខ្ចីលុយពីស្ថាប័នហិរញ្ញវត្ថុមួយចំនួនមកធ្វើស្រែ ដូច្នេះប្រសិនបើពួកគេមិនអាចធ្វើស្រែបន្តទៀត ពួកគេនឹងប្រឈមនឹងវិបត្តិមិនមានប្រាក់សងបំណុល ហើយឈានដល់ការចំណាកស្រុក។
លោកប្រាប់វីអូអេថា៖ «ភាគច្រើនប្រជាពលរដ្ឋ ចង់បានដីរបស់គាត់បានអាស្រ័យផលធ្វើវិញ ពីព្រោះគាត់បានជាប់បំណុលធនាគារ។ គាត់អត់ដឹងខ្លួន គាត់បានទៅចងការប្រាក់ពីធនាគារហិរញ្ញវត្ថុមកទិញពូជទិញជី ទិញថ្នាំសត្វល្អិតហ្នឹងត្រៀមបម្រុង»។
វីអូអេ មិនទាន់អាចសុំការអត្ថាធិប្បាយពីលោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ និងជាមន្រ្តីជាន់ខ្ពស់ទទួលបន្ទុកកិច្ចការចុះរឹបអូសដីបឹងទន្លេសាបបាននៅឡើយទេ។
អភិបាលរងខេត្តកំពង់ឆ្នាំងលោក ស្រ៊ន សំឫទ្ធី ប្រាប់វីអូអេថា អាជ្ញាធរកំពុងតែធ្វើកិច្ចការនេះបន្តទៀត ហើយថា ប្រជាពលរដ្ឋ អាចធ្វើស្រែ និងប្រមូលផលបានតែនៅឆ្នាំ២០២១ នេះប៉ុណ្ណោះ។ លោកបញ្ជាក់ថា ប្រជាពលរដ្ឋដែលធ្វើស្រែនៅតំបន់៣ដែលជាតំបន់អភិរក្ស បានប្រគល់ដីមកឲ្យរដ្ឋវិញដែលមានជាង៥ពាន់ក្បាលដី គឺប្រមាណជាង២ម៉ឺនហិកតា។
ក្រោយការបញ្ជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កម្លាំងសមត្ថកិច្ចមួយចំនួនត្រូវបានដាក់បញ្ឈរជើងនៅទីនោះ ដើម្បីហាមឃាត់កសិករមិនឲ្យបន្តធ្វើស្រែទៀត។
គួរបញ្ជាក់ថា ពាក់ព័ន្ធនឹងចំណាត់ការលើការរឹបអូសដីនៅតំបន់បឹងទន្លេសាបក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង អង្គភាពប្រឆាំងអំពើពុករលួយកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា អង្គភាពនេះ បានឃាត់ខ្លួនជនសង្ស័យពីរនាក់ ម្នាក់ឈ្មោះ កែវ ណារុន ជាប្រធានការិយាល័យអន្តរាគមន៍និងតម្រួតបទបញ្ជានៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង និងលោក ស៊ុំ សុជាតិ ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ទាក់ទងនឹងការកាន់កាប់ព្រៃលិចទឹកនេះ៕