ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​ឈប់​ផ្តល់​អាជ្ញា​បណ្ណ​ដល់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ទទួល​បញ្ញើ


ប្រជាពលរដ្ឋធ្វើដំណើរ​ឆ្លងកាត់​មុខ​គ្រឹះសា្ថន​មីក្រូហិរញ្ញវត្ថុ ប្រាសាក់ នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១។ (លាស់ លីបលីប/វីអូអេ)
ប្រជាពលរដ្ឋធ្វើដំណើរ​ឆ្លងកាត់​មុខ​គ្រឹះសា្ថន​មីក្រូហិរញ្ញវត្ថុ ប្រាសាក់ នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១។ (លាស់ លីបលីប/វីអូអេ)

ធនាគារ​ជាតិ​នៃ​កម្ពុជា ​កាល​ពី​ថ្ងៃ​ទី​៦ ​ខែ​ធ្នូ ​បាន​ប្រកាស​បញ្ឈប់​ការ​ចេញ​អាជ្ញា​បណ្ណ​ថ្មី​ដល់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​ទទួល​ប្រាក់​បញ្ញើ​ដែល​រហូត​មក​ដល់​ពេល​នេះ​មាន​ចំនួន​៦​ស្ថាប័ន ​ដោយ​លើក​ទឹក​ចិត្ត​ឲ្យ​គ្រឹះស្ថាន​ទាំង​នោះ​ច្របាច់​បញ្ចូល​គ្នា។​

គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ទទួល​បញ្ញើ​មាន​ចំនួន​៦ ​រួម​មាន​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ប្រាសាក់ ​ អេអឹមខេ ​ (AMK)​ ដាប់ប៊ែលយូប៊ី​ (WB) ​អម្រឹត​អិលអូអិលស៊ី ​(LOLC)​និង​គ្រឹះស្ថាន​មីក្រូហិ​រញ្ញវត្ថុ​មហានគរ។ ​នេះ​បើ​តាម​បញ្ជី​ឈ្មោះ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ទទួល​ប្រាក់​បញ្ញើ​របស់​ធនាគារជាតិ​ចុះ​ថ្ងៃ​ទី​៣០​ ខែ​កញ្ញា ​ឆ្នាំ​២០២១។​ គ្រឹះស្ថាន​ទាំង​៦​នោះ ​ស្ថិត​ក្នុង​ចំណោម​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​សរុប​៨០​ ដែល​ផ្តល់​កម្ចី​ផង​ដែរ​ដល់​ប្រជា​ពលរដ្ឋ​ ជាពិសេស​កសិករ និង​អ្នក​ភូមិ​នៅ​តាម​ជនបទ។​

ការ​បញ្ឈប់​ផ្តល់​អាជ្ញា​បណ្ណ​ថ្មី​សម្រាប់​ប្រកប​អាជីវ​កម្ម​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ទទួល​បញ្ញើ​នេះ ​គឺ​ចាប់​ពី​ថ្ងៃ​ទី​៦​ ខែ​ធ្នូ ​ឆ្នាំ​២០២១​នេះ​តទៅ។​ នេះ​បើ​យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​ធនាគារ​ជាតិ​កម្ពុជា ​ចុះ​ថ្ងៃ​ទី​៦​ ខែ​ធ្នូ​នេះ។​

ធនាគារជាតិ​បញ្ជាក់​ថា​ ការ​បញ្ឈប់​នេះ ​គឺ​ដើម្បី​ពង្រឹង​បន្ថែម​ទៀត​នូវ​សមត្ថ​ភាព​របស់​គ្រឹះស្ថាន​ធនាគារ ​និង​ហិរញ្ញ​វត្ថុ​ ដូច​ជា​ការ​ត្រួត​ពិនិត្យ​ ដែល​សំដៅ​រក្សា​ស្ថិរ​ភាព​ហិរញ្ញ​វត្ថុ​ និង​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ជាតិ។ ​ ទោះ​ជា​យ៉ាងណា ​ ធនាគារ​ជាតិ​នៃ​កម្ពុជា​ក៏​បាន​លើក​ទឹក​ចិត្ត​ឲ្យ​គ្រឹះសា្ថន​ធនាគារ​ និង​ហិរញ្ញ​វត្ថុ​ដែល​មាន​ស្រាប់​ច្របាច់​បញ្ចូល​គ្នា​ដើម្បី​លើក​កម្ពស់​ការ​ផ្តល់​ហិរញ្ញ​វត្ថុ​ប្រកប​ដោយ​គុណ​ភាព ​ប្រសិទ្ធ​ភាព ​និង​មាន​តម្លៃ​សមរម្យ​សម្រាប់​ក្រុម​ហ៊ុន​សហគ្រាស និង​សាធារណជន។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អគ្គនាយិកា​នៃ​ធនាគារ​ជាតិ​នៃ​កម្ពុជា​អ្នកស្រី ​ជា សិរី ​ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បន្ថែម​បាន​នៅ​ឡើយ​ទេ​នា​ថ្ងៃ​ពុធ​នេះ។​

អ្នក​សេដ្ឋកិច្ច ​និង​មន្រ្តី​សមាគម​មីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា​យល់​ថា​ វា​ជា​រឿង​ល្អ​ ដែល​នឹង​ផ្តល់​ផល​វិជ្ជមាន​ច្រើន​ ស្រប​ពេល​បរិមាណ​ប្រាក់​បញ្ញើ​មាន​ជាង​៤​ពាន់​លាន​ដុល្លារ​អាមេរិក។​

លោក ​កាំង តុងងី ​ប្រធាន​នាយក​ដ្ឋាន​ទំនាក់​ទំនង​នៃ​សមាគម​មីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា ​និង​ជា​អ្នក​នាំពាក្យ ​ប្រាប់​វីអូអេ​តាម​សារ​តេឡេក្រាម​ថា​ ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ គឺ​មិន​ទាន់​មាន​ភាព​ចាំបាច់​ក្នុង​ការ​ផ្តល់​អាជ្ញាបណ្ណ​ដល់​គ្រឹះស្ថាន​ថ្មីៗ​បន្ថែម​ទៀត​នោះ​ទេ ​ ដោយ​សារ​ស្ថាប័ន​ហិរញ្ញ​វត្ថុ​ដែល​ទទួល​ប្រាក់​បញ្ញើ​មាន​ប្រមាណ​៦០​ក្នុង​នោះ​មាន​ធនាគារ​ជាង​៥០​ទៀត។​

លោក​បញ្ជាក់​ថា៖ ​ «អ៊ីចឹង​ដោយ​សារ​តែ​អ្នក​ផ្តល់​សេវា​មាន​ចំនួន​ច្រើន​ហើយ​ យើង​គិត​ឃើញ​ថា​ ការ​ដែល​បន្ថែម​អ្នក​ដែល​ផ្តល់​សេវា​ទៀត​វា​មិន​មាន​ភាព​ចំបាច់​ទេ​នៅ​ក្នុង​បរិបទ​បច្ចុប្បន្ន​នេះ។ ​តែ​ពេល​នេះ​យើង​គិត​ថា​ អាទិភាព​គួរ​តែ​ផ្តល់​ទៅ​លើ​គ្រឹះស្ថាន​ទាំង​ឡាយ​ដែល​គាត់​មាន​ប្រតិបត្តិការ​រួច​ស្រាប់​ ដោយ​យើង​គួរ​តែ​ជំរុញ​ឲ្យ​ពួក​គាត់​ចូល​រួម​ពង្រឹង​ និង​ពង្រីក​សេវា​កម្ម​បន្ថែម​ដើម្បី​ទាក់ទាញ​ឲ្យ​ប្រជាជន​ខ្មែរ​យើង​មាន​ទម្លាប់​សន្សំ»។​

បើ​តាម​លោក ​កាំង តុងងី ​ គឹត​ត្រឹម​ដំណាច់​ខែ​កញ្ញា​ឆ្នាំ​២០២១​នេះ គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ទទួល​ប្រាក់​បញ្ញើ​ទាំង​៦​ មាន​អតិថិជន​ដាក់​ប្រាក់​បញ្ញើ​រហូត​ដល់​ជាង​២​លាន​៨៥​ម៉ឺន​នាក់​ ខណៈ​បរិមាណ​ប្រាក់​បញ្ញើ​មាន​ទំហំ​ទឹក​ប្រាក់​ចំនួន​៤.០៧៣​លាន​ដុល្លារ​អាមេរិក​ ពោល​គឺ​កើន​ឡើង​ចំនួន​១៩០​លាន​ដុល្លារ​អាមេរិក​ បើ​ធៀប​នឹង​រយៈ​ពេល​៩​ខែ​ដូច​គ្នា​រវាង​ឆ្នាំ​២០២០ ​និង​២០២១។​

រូបឯកសារ៖ លោក ង៉ែត ជូ អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច ផ្តល់​បទសម្ភាសន៍​ដល់ VOA ពាក់ព័ន្ធ​នឹង​អនាគត​ពលករ​ចំណាក​ស្រុក​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស កាលពី​ថ្ងៃទី​៤ ខែ​កក្កដា ឆ្នាំ​២០១៨។ (កាន់ វិច្ឆិកា/VOA)
រូបឯកសារ៖ លោក ង៉ែត ជូ អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច ផ្តល់​បទសម្ភាសន៍​ដល់ VOA ពាក់ព័ន្ធ​នឹង​អនាគត​ពលករ​ចំណាក​ស្រុក​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស កាលពី​ថ្ងៃទី​៤ ខែ​កក្កដា ឆ្នាំ​២០១៨។ (កាន់ វិច្ឆិកា/VOA)

លោក ​ង៉ែត ជូ​ អ្នក​វិភាគ​សេដ្ឋ​កិច្ច​មួយ​រូប​ ប្រាប់​វីអូអេ​ថា​ ការ​ឈប់​ផ្តល់​អាជ្ញា​បណ្ណ​ថ្មី​សម្រាប់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ប្រកប​អាជីវ​កម្ម​ទទួល​ប្រាក់​បញ្ញើ​នេះ​គឺ​មាន​ផល​វិជ្ជមាន​ច្រើន​ ដោយ​មិន​ចាំបាច់​ឲ្យ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​(Microfinance Institutions ​ឬ MFI)​ដែល​ចង់​បាន​អាជ្ញា​បណ្ណ ​ត្រូវ​ចំណាយ​ពេល​ និង​ប្រឹង​រៀបចំ​ការ​គ្រប់​គ្រង​របស់​ខ្លួន​ និង​ចុង​ក្រោយ​អាច​ត្រូវ​ច្របាច់​បញ្ចូល​គ្នា​ជាមួយ​ធនាគារ​ជាដើម។​ លោក​មើល​ឃើញ​ថា​ការ​ច្របាច់​បញ្ចូល​គ្នា​រវាង​គ្រឹះសា្ថន​ធនាគារ ​និង​ហិរញ្ញវត្ថុ ​នឹង​ធ្វើ​ឲ្យ​វិស័យ​ហិរញ្ញ​វត្ថុ​នេះ​កាន់​តែ​រឹង​មាំ​ ហើយ​ការ​ផ្តល់​សេវា​ដល់​អតិថិជន​កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ។​

លោក​ថ្លែង​ថា៖​ «គ្រឹះស្ថាន​ដែល​ទទួល​ប្រាក់​បញ្ញើ​ហ្នឹង​ រាល់​ថ្ងៃ​មាន​អាជ្ញា​បណ្ណ​ [ដែល]​ខ្ញុំ​មិន​ចាំ​ច្បាស់​ដូច​ជា​មាន​ប្រាំ ​ ប្រាំមួយ ​ប្រាំពីរ​អី​ដែរ​ គឺ​ច្រើន​ដែរ។ ​អ៊ីចឹង​វា​ច្រើន។ ​កាល​ណា​ច្រើន​ទៅ​វា​អាច​ធ្វើ​ឲ្យ​បាត់​បង់​ប្រសិទ្ធ​ភាព​ដែរ។ ​ វា​ធ្វើ​ឲ្យ​ចំណាយ​ប្រតិបត្តិ​ការ​របស់​ប្រតិបត្តិ​ករ​កើន​ឡើង​នៅ​ក្នុង​វិស័យ​ទាំង​មូល»។​

លោក​បន្ត​ថា៖​ «ការ​ច្របាច់​បញ្ចូល​គ្នា​ធ្វើ​ឲ្យ​វិស័យ​ហិរញ្ញ​វត្ថុ​នេះ​កាន់​តែ​រឹងមាំ ​ ការ​ផ្តល់​សេវា​កាន់​តែ​ប្រសើរ​ ហើយ​អាច​ឲ្យ​ថ្លៃ​ដើម​ក្នុង​ការ​ផ្តល់​សេវា​កាន់​តែ​ធ្លាក់​ចុះ​ កាន់​តែ​ល្អ​មាន​ន័យ​ថា​ អតិថិជន​អាច​ទទួល​បាន​សេវា​កម្ម​ប្រសើរ​ជាង​មុន ​ល្អ​ជាង​មុន ​តាម​រយៈ​ការ​ទទួល​បច្ចេក​វិទ្យា​ថ្មី​ពី​វិស័យ​ធនាគារ​អ៊ីចឹង​ទៅ»។​

រូបឯកសារ៖ លោក ​អំ សំអាត​ នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​ និងការ​ពារ​សិទ្ធិ​មនុស្ស​នៃ​អង្គ​ការ​លីកាដូ​ និយាយ​ជាមួយ​វីអូអេ​នៅ​ទីស្នាក់​កណ្តាល​របស់​អង្គការ​លីដូ​ ក្នុង​ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ​ ថ្ងៃទី​១៨ ខែធ្នូ​ ឆ្នាំ​២០២០។​ (ហ៊ុល រស្មី/វីអូអេ)
រូបឯកសារ៖ លោក ​អំ សំអាត​ នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​ និងការ​ពារ​សិទ្ធិ​មនុស្ស​នៃ​អង្គ​ការ​លីកាដូ​ និយាយ​ជាមួយ​វីអូអេ​នៅ​ទីស្នាក់​កណ្តាល​របស់​អង្គការ​លីដូ​ ក្នុង​ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ​ ថ្ងៃទី​១៨ ខែធ្នូ​ ឆ្នាំ​២០២០។​ (ហ៊ុល រស្មី/វីអូអេ)

ចំណែក​នាយក​រង​ទទួល​បន្ទុក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​ លោក ​អំ សំអាត​ ប្រាប់​វីអូអេ​ថា​ ការ​សម្រេច​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​ក្នុង​ការ​បញ្ឈប់​ផ្តល់​អាជ្ញា​បណ្ណ​ដល់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ទទួល​បញ្ញើ ​មាន​ទាំង​ផល​វិជ្ជមាន​ និង​អវិជ្ជមាន ​ដែល​អាច​ពង្រឹង​វិស័យ​មីក្រូ​ហិរញ្ញ​វត្ថុ ​និង​ធនាគារ ​និង​គុណ​ភាព​នៃ​ការ​ផ្តល់​សេវា​ដល់​អតិថិជន​ ប៉ុន្តែ​ការណ៍​នេះ​ក៏​អាច​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​ថ្មី​រា​រែក​ចិត្ត​ និង​បាត់បង់​ការ​ប្រកួត​ប្រជែង​លើ​ទីផ្សារ​ផង​ដែរ។​

លោក​ថ្លែង​ថា៖ ​ «ធនាគារ​ជាតិ​កម្ពុជា​ហ្នឹង​ ចង់​ពង្រឹង​ទៅ​លើ​វិស័យ​មីក្រូ​ហិរញ្ញ​វត្ថុ​ និង​ធនាគារ។ ​ ហើយ​ក្នុង​ហ្នឹង​ បើ​សិនជា​វិនិយោគទុន​ ឬ​វិនិយោគិន​ណា​ចង់​វិនិយោគ​ ឲ្យ​សហ​ប្រតិបត្តិការ​ជាមួយ​មីក្រូ​ហិរញ្ញ​វត្ថុ​ ឬ​ធនាគារ​ដែល​មាន​ស្រាប់ ​ ឬ​ធនាគារ​ និង​មីក្រូ​ហិរញ្ញ​វត្ថុ​ហ្នឹង​ អាច​បញ្ចូល​គ្នា​បាន​ទៅ​ទៀត​ ដើម្បី​ឲ្យ​វា​កាន់​តែ​មាន​គុណ​ភាព​ក្នុង​ការ​បម្រើ​សេវា​ទៅ​ដល់​អតិថិជន»។​

លោក​បន្ត​ថា៖​ «ប៉ុន្តែ​នៅ​ពេល​ដែល​ផ្អាក​ វា​ធ្វើ​ឲ្យ​បាត់​បង់​ការ​ប្រកួត​ប្រជែង​សេវា​សម្រាប់​អតិថិជន​មួយ​ផង​ដែរ។​ វា​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​មួយ​ចំនួន​ដែល​គេ​ចង់​វិនិយោគ​ហ្នឹង​រារែក ​ពី​ព្រោះ​គេ​ចង់​បើក​ខ្លួន​គេ​ប៉ុន្តែ​នៅ​ពេល​ដែល​ឲ្យ​សហ​ប្រតិបត្តិការ​[ជាមួយ]​អ្នក​មាន​ចាស់​ហើយ ​អាហ្នឹង​វា​ធ្វើ​ឲ្យ​គេ​រារែក​ក្នុង​ការ​សម្រេច​ចិត្ត​ផង​ដែរ»។​

លោក ​អំ សំអាត​ យល់​ថា​ ធនាគារ​ជាតិ​ត្រូវ​ពង្រឹង​គុណ​ភាព​នៃ​ការ​គ្រប់​គ្រង​ទៅ​តាម​ច្បាប់​ដែល​មាន​ចែង​ ជា​ពិសេស​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ ត្រូវ​គោរព​ទៅ​តាម​គោល​ការណ៍​កម្ចី ​ដើម្បី​កុំ​ឲ្យ​ប៉ះ​ពាល់​ទៅ​ដល់​ការ​រំលោភ​សិទ្ធិ​របស់​ប្រជា​ពលរដ្ឋ។​

គួរ​បញ្ជាក់​ថា​ ​សេចក្តី​ប្រកាស​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា ​ចុះ​ថ្ងៃ​ទី​១៣ ​ខែ​ឆ្នូ​ ឆ្នាំ​២០០៧ ​ស្តីពី​ការ​ផ្តល់​អាជ្ញា​បណ្ណ​ទទួល​ប្រាក់​បញ្ញើ​ពី​សាធារណ​ជន​របស់​គ្រឹះស្ថាន​ហិរញ្ញ​វត្ថុ ​ឲ្យ​ដឹង​ថា​គ្រឹះស្ថាន​ដែល​ទទួល​បាន​អាជ្ញា​បណ្ណ​បញ្ញើ​ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា ​គឺ​អាច​ទទួល​ប្រាក់​បញ្ញើ​សន្សំ ​និង​ប្រាក់​បញ្ញើ​មាន​កាល​កំណត់​តែ​ប៉ុណ្ណោះ ​ដែល​ចំនួន​ប្រាក់​បញ្ញើ​ពី​អតិថិជន​ម្នាក់​មិន​ឲ្យ​លើស​ពី​៣%​នៃ​មូលនិធិ​ផ្ទាល់​សុទ្ធ​របស់​ខ្លួន​ឡើយ៕​

XS
SM
MD
LG