អ្នកការទូតជាន់ខ្ពស់របស់ស.រ.អា.ម្នាក់គឺលោក ថម ម៉ាលីណូស្គី (Tom Malinowski)បានជំរុញឲ្យអាជ្ញាធរកម្ពុជាទម្លាក់បទចោទប្រកាន់ និងដោះលែងអ្នករិះគន់រដ្ឋាភិបាលកម្ពុជា ហើយស្តារស្ថានភាពនយោបាយមុនពេលបោះឆ្នោតខាងមុខ។
លោក ថម ម៉ាលីណូស្គី (Tom Malinowski) ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការងារ បានបញ្ចប់ទស្សនកិច្ចរយៈពេល២ថ្ងៃរបស់លោកនៅថ្ងៃអង្គារនេះ ដោយលោកបានទទូចឲ្យមានការដោះលែង និងទម្លាក់បទចោទប្រឆាំងនឹងក្រុមអ្នករិះគន់រដ្ឋាភិបាល ដើម្បីបង្កឲ្យមានបរិយាកាសល្អសម្រាប់ការបោះឆ្នោត ដែលអាចនាំទៅដល់ការទទួលស្គាល់ជាអន្តរជាតិអំពីភាពស្របច្បាប់។
«អ្វីដែលយើងបានសង្កត់ធ្ងន់ក្នុងរយៈពេល២ថ្ងៃចុងក្រោយនេះ ហើយនឹងអ្វីដែល ស.រ.អា.បានបញ្ជាក់ក្នុងពេលកន្លងមកគឺថា ការទទួលបានភាពស្របច្បាប់គឺទាមទារឲ្យមានវិធានការជាជំហានសំខាន់ៗទៀត ជាពិសេសក្នុងអំឡុងពេលចាប់ផ្តើមពីបច្ចុប្បន្នទៅដល់ពេលបោះឆ្នោត គឺក្នុងរង្វង់ពេលបោះឆ្នោតដែលចាប់ផ្តើម នៅឆ្នាំខាងមុខ។ ជាបឋម យើងបានលើកទឹកចិត្តឲ្យរដ្ឋាភិបាលឲ្យដោះលែង និងទម្លាក់បទចោទចំពោះអ្នកដែលការពារសិទ្ធិមនុស្ស និងសេរីភាពពលរដ្ឋកម្ពុជា»។
លោកបានថ្លែងយ៉ាងដូច្នេះ ដោយយោងទៅលើការចាប់ខ្លួនអ្នកការពារសិទ្ធិមនុស្សចំនួន៤នាក់មកពីសមាគមសិទ្ធិមនុស្សអាដហុក គឺលោក នី សុខា លោកណៃ វង់ដា លោក យី សុខសាន្ត លោកស្រី លឹម មុន្នី និងមន្ត្រីរៀបចំការបោះ ឆ្នោត គឺលោក នី ចរិយា ដែលត្រូវបានតុលាការឃុំខ្លួនពាក់ព័ន្ធនឹងសំណុំរឿងសូកប៉ាន់សាក្សី ក្នុងសំណុំរឿងលោក កឹម សុខា ផងដែរ។ ក្រៅពីនេះមានមន្ត្រីនិងសកម្មជនគណបក្សប្រឆាំងជាង១០នាក់ទៀត កំពុងតែជាប់ពន្ធនាគារពាក់ព័ន្ធនឹងការធ្វើបាតុកម្មដែលមានអំពើហិង្សា និងបញ្ហាឯកសារព្រំដែន។ក្នុងចំណោមអ្នកជាប់ពន្ធនាគារនោះ មានពលរដ្ឋខ្មែរអាមេរិកាំងចំនួនពីរនាក់គឺលោក មាជ សុវណ្ណារ៉ា និងលោក អ៊ុំ សំអាន ដែលជាតំណាងរាស្ត្រ។
លោក ថម ម៉ាលីណូស្គី ថ្លែងថា គ្មាននរណាម្នាក់ស្ថិតនៅពីលើច្បាប់ទេ ទាំងមន្ត្រីគណបក្សជំទាស់ មន្ត្រីរដ្ឋាភិបាល និងមន្ត្រីសង្គមស៊ីវិល ហើយស.រ.អា.ក៏មិនមែនគាំទ្រសកម្មភាពក្រុមប្រឆាំងនឹងក្រុមគាំទ្ររដ្ឋាភិបាលដែរ តែលោកថ្លែងថា ការធ្វើទុក្ខបុកម្នេញហាក់ដូចជាកើតឡើងលើភាគីម្ខាងក្នុងរយៈពេលប៉ុន្មានខែនេះ ទាក់ទងនឹងការរិះគន់។
«ការរិះគន់មិនមែនជារឿងស្រួលទេសម្រាប់មន្ត្រីរដ្ឋាភិបាល។ ខ្ញុំមិនចូលចិត្តទេពេលគេរិះគន់ខ្ញុំ ពេលគេរិះគន់ប្រធានាធិបតីខ្ញុំ គឺលោកបារ៉ាក់ អូបាម៉ា។ ពេលខ្លះ ខ្ញុំគិតថា ការរិះគន់ខ្លះជារឿងមិនសុច្ចរិត និងគ្មានការទទួលខុសត្រូវ។ តែបើតាមមតិយើងគឺថា គ្មានរដ្ឋាភិបាលណាគួរត្រូវផ្តល់អំណាចដើម្បីកំណត់ថា អ្វីជាការរិះគន់សមរម្យ និងអ្វីជាការរិះគន់មិនសមរម្យ ឬរដ្ឋាភិបាលត្រូវប្រើកម្លាំងប៉ូលិសខ្លួនក្នុងការបង្ក្រាបអ្នកដែលពាក់ព័ន្ធនឹងការរិះគន់ ដែលគេជឿថា ជាអ្នករិះគន់មិនសមរម្យនោះទេ»។
ក្រៅពីជួបជាមួយមន្ត្រីរដ្ឋាភិបាល និងក្រុមមេដឹកនាំគណបក្សជំទាស់ លោកឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកបានអះអាងថា លោកបានជួបជាមួយក្រុមគ្រួសារមន្ត្រីអាដហុក ដែលត្រូវបានចាប់ខ្លួន ហើយលោកថ្លែងថា វាមិនមែនគ្រាន់តែជាសោដនាដកម្មសម្រាប់ក្រុមគ្រួសារទេ តែវាជារឿងមិនយុត្តិធម៌សម្រាប់ពួកគេ ហើយដែលលោកថា រឿងនេះត្រូវមានការដោះស្រាយ។
លោកបានទទូចផងដែរឲ្យស្ថាប័នរដ្ឋមួយចំនួន រួមទាំងតុលាការ និងយោធា ត្រូវតែមានឯករាជ្យភាពផ្នែកនយោបាយ ដែលជារឿងសំខាន់សម្រាប់ភាពស្របច្បាប់ និងសម្រាប់ទំនាក់ទំនងជាមួយស.រ.អា.។ លោកក៏បានបញ្ជាក់ពីក្តីបារម្ភដ៏ជ្រាលជ្រៅចំពោះការលើកឡើងរបស់អគ្គមេបញ្ជាការយោធាកម្ពុជាគឺលោកនាយឧត្តមសេនីយ៍ ប៉ុល សារឿន ថ្មីៗ ក្នុងការកំចាត់អ្នកដែលមានការប្រឆាំងនឹងរដ្ឋាភិបាលស្របច្បាប់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកាន់កាប់អំណាចជាង៣០ឆ្នាំមកនោះ។
«យើងមានទំនាក់ទំនងដ៏មានសារៈសំខាន់ និងមានផលប្រយោជន៍ទៅវិញទៅមកជាមួយនឹងកងទ័ពកម្ពុជា។ វាជារឿងល្អសម្រាប់សន្តិសុខស.រ.អា. និងប្រទេសកម្ពុជា តែខ្ញុំគិតថា វាជារឿងសំខាន់ក្នុងការចាំទុកថា វាមិនមែនគ្រាន់តែជាគោលនយោបាយទេ តែក៏ជាច្បាប់ផងដែរគឺថា ប្រសិនបើយោធាមានការពាក់ព័ន្ធក្នុងការបង្ក្រាបផ្នែកនយោបាយ ឬក៏ប្រព្រឹត្តការរំលោភសិទ្ធិមនុស្សតាមទម្រង់ផ្សេងៗ វាជារឿងដ៏លំបាកសម្រាប់ស.រ.អា.បន្តកិច្ចសហប្រតិបត្តិការគ្រប់ទម្រង់ទាំងអស់»។
ក្នុងពេលជួបជាមួយមន្ត្រីកម្ពុជា លោកឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកបានពិភាក្សាលើបញ្ហាជាច្រើនទាក់ទងនឹងបញ្ហាសហជីព បញ្ហាបរិស្ថាន បញ្ហាសង្គមផ្សេងៗ បញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ជាពិសេសការបោះឆ្នោត និងការជួបចរចាគ្នារវាងគណបក្សទាំងពីរ ដើម្បីធានាឲ្យស្ថានការណ៍វិលត្រឡប់ទៅរកសភាពធម្មតាវិញ ហើយនឹងធ្វើឲ្យមានការបោះឆ្នោតដែលមានការចូលរួមពីក្រុមជំទាស់ និងមានលក្ខណៈសេរី និងយុត្តធម៌ត្រឹមត្រូវ។
«ហើយខ្ញុំអាចសង្កត់ធ្ងន់ថា ភាគីទាំងពីរមានការទទួលខុសត្រូវ។ ភាគីទាំងពីរគួរ តែមានឆន្ទៈក្នុងការសម្របសម្រួល ហើយនឹងធ្វើការសម្រេចចិត្តដ៏លំបាកមួយ។ ប្រទេសនេះទំនងជានឹងមិនវិលទៅរកវប្បធម៌សន្ទនាទេ ប្រសិនបើគ្រប់ការស្តី បន្ទោសត្រូវគេវាយប្រហារទៅលើភាគីតែម្ខាងនោះ។ ការបង្កើតលំហរនយោបាយសម្រាប់គ្រប់គ្នា រួមទាំងគណបក្សជំទាស់ លំហរសម្រាប់ក្រុមសង្គមស៊ីវិលដើម្បីបំពេញកិច្ចការសំខាន់ៗរបស់គេ គឺជារឿងសំខាន់បំផុត នោះប្រសិនបើវប្បធម៌សន្ទនានឹងត្រូវចាប់ផ្តើមឡើងវិញ»។
ចំណែកលោក អ៊ូ វីរៈ អ្នកវិភាគនយោបាយកម្ពុជាមួយរូប បានអះអាងថា លោកបានជួបជាមួយលោក Tom Malinowski (ថម ម៉ាលីណូស្គី) ឧបការីក្រសួងការបរទេសស.រ.អា. ហើយថា អ្វីដែលលោក ថម ម៉ាលីណូស្គី បានលើកឡើងគឺជាការបញ្ជាក់ពីស្ថានការណ៍កម្ពុជា។ លោកសង្កត់ធ្ងន់ថា ដោយមិនគិតពីការខុសនឹងត្រូវថា អ្នកនេះនិយាយត្រូវ ឬនិយាយខុសនោះ លោក វីរៈ អះអាងថា ពលរដ្ឋកម្ពុជាអាចយល់ និងទទួលយកបានចំពោះការលើកឡើងរបស់លោកឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសស.រ.អា. ដូចជាបញ្ហាប្រជាធិបតេយ្យ សិទ្ធិមនុស្ស បញ្ហាភាពតានតឹងផ្នែកនយោបាយ បញ្ហាចរចា និងការវិលទៅរកវប្បធម៌សន្ទនាជាដើម។
គណបក្សធំៗទាំងពីរ ដែលជាគូប្រជែងនយោបាយដ៏សំខាន់នោះ មិនបានជួបចរចាគ្នាជាច្រើនខែហើយ តែបានបន្តវាយប្រហារគ្នាទៅវិញទៅមកក្នុងគោលដៅដែលគេគិតថា ដើម្បីដណ្តើមប្រជាប្រិយភាពសម្រាប់ការបោះឆ្នោតនៅឆ្នាំ២០១៧ ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ និងបោះឆ្នោតជាតិនៅឆ្នាំ២០១៨ខាងមុខ។ ការណ៍នេះវាធ្វើឲ្យមានភាពតានតឹងផ្នែកនយោបាយមិនអាចដោះស្រាយបាននៅឡើយ ហើយបង្កឲ្យមានក្តីបារម្ភពីសហគមន៍អន្តរជាតិ ជាពិសេសស.រ.អា.៕