ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សភា​មិនទាន់​សម្រេច​អំពី​អភ័យ​ឯកសិទ្ធិ​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង

  • ហ៊ាន សុជាតា

រូបឯកសារ៖ លោក​ ហេង សំរិន ប្រធាន​រដ្ឋសភាជាតិ អង្គុយ​ជាមួយ​លោក​ ងួន ញិល ​អនុប្រធាន​រដ្ឋសភា​ជាតិ ​​​នៅ​ក្នុង​កិច្ច​ប្រជុំ​រដ្ឋសភា​លើកទី​៦​និតិកាល​ទី​៥ ដែល​គ្មាន​តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះជាតិ​ណាមួយ​ចូលរូម​ នៅ​វិមាន​រដ្ឋសភា​ កាលពីថ្ងៃ​ច័ន្ទ​ ទី​៦ ​ខែ​ឧសភា​ ឆ្នាំ​២០១៦​។ ​(ឡេង ឡែន/VOA)

​កិច្ច​ប្រជុំ​ជាង​២​ម៉ោង​របស់​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋ​សភា​ដែល​មាន​សមាសភាព​ពី​គណបក្ស​សង្គ្រោះ​ជាតិ ​និង​គណបក្ស​ប្រជាជន​​កម្ពុជា​នោះ​​​ មិន​មាន​ការ​សម្រេច​អ្វី​ជា​ដុំកំ​ភួន​នោះ​ទេ​ ដោយ​សារ​តែ​រដ្ឋសភា​ជាតិ​កម្ពុជា​ស្ថិត​ក្នុង​វិស្សមកាល។​ ​នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​អ្នក​នាំ​ពាក្យ​រដ្ឋ​សភា។

គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​កម្ពុជា ​នា​ព្រឹក​ថ្ងៃច័ន្ទនេះ ​បាន​កោះ​ប្រជុំពិសេស​ដើម្បី​ពិភាក្សា​លើ​ដំណើរការ​នៃ​ការ​ព្យួរអភ័យ​ឯកសិទ្ធិ​របស់​តំណាងរាស្ត្រ​គណបក្ស​ជំទាស់ ​រួម​ទាំង​បក​ស្រាយ​ករណី​ដក​សុពលភាព​សមាជិក​សភា​ពី​លោក​ សម រង្ស៊ី ប្រធាន​គណ​បក្ស​ជំទាស់​ ដែល​កំពុង​និរទេស​ខ្លួន​នៅ​ឯ​បរទេស​ផង​ដែរ។​

ក៏​ប៉ុន្តែ​កិច្ច​ប្រជុំ​ជាង​២​ម៉ោង​របស់​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋ​សភា​ដែល​មាន​សមាសភាព​ពី​គណបក្ស​សង្គ្រោះ​ជាតិ ​និង​គណបក្ស​ប្រជាជនកម្ពុជា​នោះ​ មិន​មាន​ការ​សម្រេច​អ្វី​ជា​ដុំកំ​ភួន​នោះ​ទេ​ ដោយ​សារ​តែ​រដ្ឋសភា​ជាតិ​កម្ពុជា​ស្ថិត​ក្នុង​វិស្សមកាល។​ ​នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​អ្នក​នាំ​ពាក្យ​រដ្ឋ​សភា។​

រូបឯកសារ៖ ឡេង ប៉េងឡុង អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​និង​អ្នក​នាំ​ពាក្យ​រដ្ឋ​សភា​ជាតិ និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន​ក្រោយ​អង្គប្រជុំ​រដ្ឋ​សភា កាលពី​ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦។ (នៅ វណ្ណារិន/VOA)
រូបឯកសារ៖ ឡេង ប៉េងឡុង អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​និង​អ្នក​នាំ​ពាក្យ​រដ្ឋ​សភា​ជាតិ និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន​ក្រោយ​អង្គប្រជុំ​រដ្ឋ​សភា កាលពី​ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦។ (នៅ វណ្ណារិន/VOA)

ថ្លែង​មក​កាន់​ក្រុម​អ្នក​សារ​ព័ត៌មាន​ លោក ​ឡេង ប៉េងឡុង​ អ្នក​នាំ​ពាក្យ​រដ្ឋសភា​ឲ្យ​ដឹង​ថា ​ចំពោះ​សំណើ​ព្យួរ​អភ័យ​ឯកសិទ្ធិ​របស់​តំណាង​រាស្ត្រ​គណបក្ស​ជំទាស់​ទាំង​២នេះ​ ​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​បាន​សម្រេច​ប្រគល់​ករណីនេះ​ទៅ​ឲ្យគណៈកម្មការ​ទី​៦​នៃ​រដ្ឋ​សភា​ទទួល​បន្ទុក​នីតិកម្ម​ និង​យុត្តិធម៌​នៃ​រដ្ឋសភា​សិក្សា​ជំនួស​ជា​មុន​សិន។​

«គឺ​ថា ​ឥឡូវ​ហ្នឹង​រដ្ឋ​សភា​ស្ថិតនៅក្នុង​វិស្សមកាល ​ដូច្នេះ​មិន​អាច​ប្រជុំ​បាន​ទេ ​ហើយក៏​ជា​ឱកាស​ទុក​ឲ្យគណៈ​កម្មការ​ជំនាញ​សិក្សា​អំពី​ការ​សុំ​លើក​អភ័យ​ឯកសិទ្ធិ​នេះ​គឺ​បញ្ជូន​សំណើ​នេះទៅ​គណៈ​កម្មការ​ទី៦​ ដើម្បី​ពិនិត្យ​ស្រាវជ្រាវ ​ហើយ​ធ្វើ​របាយ​ការណ៍​ជូន​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​វិញ។ ​ដូច្នេះ​ មិន​ទាន់​បាន​សម្រេច​បញ្ហា​នេះ​ទេ»។​

កិច្ច​ពិភាក្សា​លើ​ការ​ព្យួរ​អភ័យ​ឯកសិទ្ធិ​របស់​តំណាងរាស្ត្រ​ទាំង​២​រូប​នៃ​គណបក្ស​ជំទាស់គឺ​លោក​ តុ វ៉ាន់ចាន់​ តំណាង​រាស្ត្រ​ខេត្ត​កណ្តាល​ និង​លោក​ ពិន រតនា​ តំណាង​រាស្ត្រ​ខេត្ត​បាត់ដំបង​នេះ​ គឺ​ធ្វើ​ឡើង​តាម​ការ​ស្នើសុំ​របស់​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ កាល​ពី​ដើម​ខែ​ឧសភា ​ដែល​កោះហៅ​ឲ្យ​លោក​ទាំង​ពីរ​ចូល​ខ្លួន​បំភ្លឺ​ក្នុង​នាម​«ជា​ជន​សង្ស័យ»​ក្នុង​សំណុំ​រឿងដែល​គេ​នៅសង្ស័យ​អំពីអាស្រូវ​ស្នេហា​ចម្រូង​ចម្រាស​របស់លោក ​កឹម សុខា​ ប្រធាន​ស្តីទី​គណបក្ស​ជំទាស់​ដែល​កើត​មានតាំង​ពី​ដើម​ខែ​មិនា។

ដោយ​ឡែក​កិច្ច​ប្រជុំ​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​ដដែល​ក៏​បានពិភាក្សា​ទៅ​លើ​ករណី​ផ្តល់​សុពល​ភាព ហើយ​ព្យួរ​សុពលភាព​ជា​សមាជិក​សភា​របស់​លោក ​សម រង្ស៊ី ប្រធាន​គណបក្ស​ជំទាស់​ដែរ​ តែ​ការ​ពិភាក្សា​នេះ​ក៏​នៅ​មិន​ទាន់​មាន​ការ​ព្រម​ព្រៀង​គ្នា​រវាង​គណបក្ស​ទាំង​២​ផង​ដែរ។​

រូបឯកសារ៖ លោក យ៉ែម បុញ្ញឫទ្ធិ អគ្គនាយករដ្ឋបាល និងអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅទីស្នាក់ការ​កណ្ដាល​បក្ស​នៅ​ទី​ក្រុង​ភ្នំពេញនៅ​ថ្ងៃ​ច័ន្ទ​ ទី​៣០ ខែ​ឧសភា​ ឆ្នាំ២០១៦។ (ឡេង ឡែន/VOA)
រូបឯកសារ៖ លោក យ៉ែម បុញ្ញឫទ្ធិ អគ្គនាយករដ្ឋបាល និងអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅទីស្នាក់ការ​កណ្ដាល​បក្ស​នៅ​ទី​ក្រុង​ភ្នំពេញនៅ​ថ្ងៃ​ច័ន្ទ​ ទី​៣០ ខែ​ឧសភា​ ឆ្នាំ២០១៦។ (ឡេង ឡែន/VOA)

លោក ​យ៉ែម បុញ្ញឫទ្ធិ​ ​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ ​បាន​អះអាង​ថា​ ការ​សម្រេច​របស់​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ នៅ​តែ​មាន​ភាព​ខ្វះខាត​ជុំវិញ​ការ​លើកអភ័យ​ឯកសិទ្ធិ​សភា។​

«ដូច្នេះ​យើង​សុំ​ឲ្យ​មាន​ការ​រក​ឃើញ​បន្ថែម​ទាក់ទង​នឹង​រឿង​នេះ​ កុំ​ឲ្យ​មាន​ការ​លើក​អភ័យ​ឯកសិទ្ធិ​របស់​តំណាងរាស្ត្រ​ណា​មួយ​ ដោយ​មិន​មាន​ការ​អនុវត្ត​បាន​ពេញលេញ​តាម​នីតិវិធី»។​

លោក​ សម រង្ស៊ី ​ប្រធាន​គណបក្ស​ជំទាស់ ​ដែល​កំពុង​និរទេស​ខ្លួន​ក្រៅប្រទេស​បាន​ផ្អាក​ការ​វិល​ត្រឡប់​មក​កម្ពុជា​វិញ បន្ទាប់​ពី​តុលាការ​ក្រុង​ភ្នំពេញ​បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​លោក​ពី​បទ​«បរិហារ​កេរ្តិ៍​ជា​សាធារណៈ​ទាក់​ទង​នឹង​រឿង​ព្រំដែន​ និង​ញុះញង់​ឲ្យ​មាន​ការ​រើសអើង»​ កាល​ពី​ចុង​ឆ្នាំ​២០១៥​ជា​ដើម។​

ភាព​ចម្រូង​ចម្រាស​នៃ​នីតិវិធី​ព្យួរ​អភ័យ​ឯកសិទ្ធិ​តំណាង​រាស្រ្ត​នេះ​កើត​មាន​ឡើង​ដោយសារ​គណបក្ស​ដែល​មាន​កៅអី​ក្នុង​សភា​ទាំង​២​ នៅ​តែ​មាន​ជំហរ​ផ្សេង​គ្នា​ក្នុង​ការ​បកស្រាយ​ច្បាប់។​ គណបក្ស​កាន់​អំណាច​សំអាង​លើ​ប្រការ​៤១​ថ្មី​នៃ​បទ​បញ្ជា​ផ្ទៃ​ក្នុង​នៃ​រដ្ឋសភា​ ដែល​កំណត់ថា​ ការ​អនុម័ត​ទាំងឡាយ​អាច​សម្រេច​បាន​តាម​មតិ​ភាគ​ច្រើន​ដាច់​ខាត​នៃ​ចំនួន​សមាជិក​រដ្ឋ​សភា​ទាំង​មូល។

រី​ឯ​គណបក្ស​ជំទាស់​លើក​យក​មាត្រា​៨០​នៃ​រដ្ឋ​ធម្មនុញ្ញ​ដែល​កំណត់​ថា​ តំណាង​រាស្ត្រ​ត្រូវ​បាន​ធានា​ដោយ​អភ័យ​ឯកសិទ្ធិ​សភា​ ឲ្យ​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​ ចាប់​ខ្លួន​ ឃាត់ខ្លួន​ ឬ​ឃុំ​ខ្លួន​ ហើយ​ការ​ព្យួរ​សុពលភាព​សភា​ត្រូវ​មាន​ការ​បោះឆ្នោត​ដោយ​មាន​សំឡេង​គាំទ្រ២​ភាគ​៣។

ការ​ព្យួរអភ័យ​ឯកសិទ្ធិ​ និង​ការប្រើប្រាស់​ប្រព័ន្ធ​តុលាការ​មក​លើ​តំណាង​រាស្ត្រ​គណបក្ស​ជំទាស់​ជា​បន្តបន្ទាប់​នេះ​ទទួល​រង​ការ​រិះគន់​ពី​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក​ និង​អន្តរជាតិ​ ដោយ​ពួក​គេ​អះអាង​ថា​ ជា​សកម្ម​ភាព​គំរាម​កំហែង​ដល់​លទ្ធិ​ប្រជាធិបតេយ្យ ​និង​ជា​ការ​បំបិទ​សំឡេងប្រឆាំង​នៅកម្ពុជា​ មុន​ការ​បោះ​ឆ្នោត​មក​ដល់៕

XS
SM
MD
LG