ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

តុលាការ​ភ្នំពេញ​ចេញ​ដីកា​មិនឲ្យ​លោក​កឹម សុខា​ចេញ​ក្រៅ​ប្រទេស

  • ហ៊ាន សុជាតា

ប្រធាន​ស្តីទី​នៃ​គណបក្ស​ជំទាស់​លោក កឹម សុខា បង្ហាញ​វត្តមាន​ជា​សាធារណៈ​ដ៏​កម្រ ក្រោយពី​មាន​ការប៉ុនប៉ង​ចាប់ខ្លួន និង​រងបណ្ដឹង​ផ្លូវច្បាប់​ដ៏​ចម្រូងចម្រាស នៅក្នុង​ពិធី​រំឭក​វិញ្ញាណក្ខ័ន្ធ​ជនរងគ្រោះ​ក្នុង​ព្រឹត្តិការណ៍​ខែកក្កដា ឆ្នាំ១៩៩៧ នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ក្រុង​ភ្នំពេញ កាលពី​ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/VOA)

អាជ្ញាធរ​​មាន​សមត្ថកិច្ច​ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​​ បាន​យក​ដីកា​ថ្មី​មួយ​​ទៀត​ ​មិន​ឲ្យ​លោក​កឹម សុខា​ធ្វើ​ដំណើរ​ចេញ​ទៅ​ក្រៅ​ប្រទេស​នោះ​ទេ​ ​ដោយ​សារ​​តែ​លោក​បដិសេធ​ជា​ច្រើន​លើក​ មិន​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​តុលាការ​ក្នុង​សំណុំ​​រឿង​សញ្ចារកម្ម។

អាជ្ញាធរមាន​សមត្ថកិច្ច​ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​យក​ដីកា​ថ្មី​មួយទៀត​ទៅ​បិទ​នៅផ្ទះ​របស់​លោកកឹម ​សុខា​ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ ដោយ​ហាម​ប្រាម​មិន​ឲ្យ​លោក​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ទេ។ ​ដីកា​ចុះ​ថ្ងៃ​ទី៨​ ខែ​កក្កដា​ឆ្នាំ​២០១៦ ចេញ​ដោយ​ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​គឺ​លោកថាន់​ ឡេង​នេះ​ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​លោកកឹម សុខា​បដិសេធជា​ច្រើន​លើក​មិន​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​តុលាការ​ទាក់ទង​នឹងសំណុំរឿង​សញ្ចារកម្ម។​

ដីកា​នេះ​បញ្ជាក់​ថា​ ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ដាក់​ឲ្យ​លោកកឹម សុខា​ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ​ ក្រោម​បទ​ចោទ​«បដិសេធ​មិនចូល​ខ្លួន» ​បើ​មិន​ដូច្នេះ​ទេ​ ចៅក្រម​ស៊ើបសួរ​អាច​នឹង​សម្រេច​ឃុំ​ខ្លួន​លោក​បណ្ដោះ​អាសន្ន។​

លោកលី សុផាន់ណា​ អ្នក​នាំ​ពាក្យ​នៃ​តុលាការ​ក្រុង​ភ្នំពេញ​ បញ្ជាក់​ប្រាប់ ​VOA​ ថា ​សេចក្ដី​សម្រេច​របស់​តុលាការ​នេះ​គឺ​ធ្វើ​ឡើង​ជា​ជំហានៗ​ ហើយ​តុលាការ​នឹង​មាន​វិធានការ​ផ្សេង​ទៀត​ប្រសិន​បើ​លោក​កឹម សុខា​មិន​អនុវត្ត​តាម​សេច​ក្តី​សម្រេច​នេះ។​

«មក​ដល់​ពេល​នេះ​ យើង​សម្រេច​បាន​ប៉ុណ្ណឹង។​ អញ្ចឹងយើង​ចាំ​មើលៗ​ ថា​តើ​ជន​ត្រូវ​ចោទ​នវ​ គាត់​អនុវត្ត​កាតព្វកិច្ច​ ឬ​ក៏​មិន​អនុវត្ត។​ សេច​ក្តី​សម្រេច​របស់​តុលាការ​ គេ​អត់​អាច​ប្រាប់​សាធារណជន ឬ​ក៏​ភាគី​ជា​មុន​ថា​ ខ្ញុំ​នឹង​ធ្វើ​នេះ​ និង​ធ្វើ​នោះ​ទេ។ ​គេ​ចាំ​មើល​សាមី​ខ្លួន​អនុវត្ត​ ឬ​មិន​អនុវត្ត»។​

ឆ្លើយ​តប​ទៅ​ហ្នឹង​ដីកា​របស់​តុលាការ​នេះ​ ក្រុម​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​ធ្លាប់​អះអាង​ថា ​គណបក្ស​គ្រប់គ្រង​ប្រទេស​ប្រើប្រាស់​មធ្យោបាយ​នានា​ដើម្បី​បំបិទសំឡេងប្រឆាំង​មុន​ការ​បោះឆ្នោត​មក​ដល់​នោះ​ ​បាន​លើក​ឡើង​ថា​ ដីកា​ហាមឃាត់​នេះរំលោភ​ទៅ​នឹង​មាត្រា​៨០​នៃ​រដ្ឋធម្មនុញ្ញ​ដែល​កំណត់​ថា តំណាង​រាស្ត្រ​ត្រូវ​បាន​ធានា​ដោយ​អភ័យ​ឯក​សិទ្ធិ​សភា​ ឲ្យ​រួច​ផុត​ពី​ការចោទ​ប្រកាន់​ ចាប់ខ្លួន​ ឃាត់ខ្លួន​ ឬ​ឃុំ​ខ្លួន​នោះ។​

បន្ថែម​ពីលើ​នេះ​ សេចក្តី​ថ្លែង​ការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​គូស​បញ្ជាក់​ថា​ មកទល់ពេល​នេះ​ រដ្ឋសភា​ពុំ​ទាន់​បាន​អនុវត្ត​តាម​នីតិ​វិធី​ដែល​ច្បាប់​កំណត់​នោះ​ទេ​ ហើយ​គណបក្ស​ជំទាស់​ចាត់​ទុក​ថា​ ចំណាត់​ការ​នេះ​គឺ​ជា​រឿងនយោបាយ។​

លោកអេង ឆៃអ៊ាង​ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ជំទាស់​ ​បាន​បញ្ជាក់​ប្រាប់​ VOA​ ថា ​ការចោទ​ប្រកាន់​ ចាប់​ខ្លួន​ ឃាត់ខ្លួន​ ឬ​ឃុំខ្លួន​នោះ​ អាច​ធ្វើ​បាន​លុះ​ត្រា​តែ​មាន​ការ​ដក​អភ័យ​ឯកសិទ្ធិ​ពី​លោក កឹម សុខា​ ជា​មុន​សិន។​

«អ្វី​ដែល​តុលាការ​រាជធានី​ភ្នំពេញ​ចេះ​តែ​ប្រព្រឹត្តផ្ទួន​ៗ​ទៅលើ​ករណី​ឯក​ឧត្តម​កឹម​ សុខា​ហ្នឹង​គឺ​វា​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា​ រឿង​នេះ​ជា​រឿង​នយោបាយ​យ៉ាង​ពិត​ប្រាកដ​ ព្រោះ​តំណាង​រាស្រ្ត​ មាន​អភ័យ​ឯក​សិទ្ធិ​សភា​ ហើយ​ដែល​ការពារ​ដោយ​មាត្រា​៨០​នៃ​រដ្ឋ​ធម្មនុញ្ញ។​ រឿង​រ៉ាវ​ដែល​មាន​ការ​ចោទ​ប្រកាន់​មក​លើ​រូប​គាត់​ហ្នឹង​ គាត់​សុំ​ឲ្យ​ធ្វើ​ត្រឹម​ត្រូវ​តាម​ផ្លូវ​ច្បាប់ ​ហើយ​គាត់​អត់​ទៅ​ណា​ទេ​ គឺ​រាល់​ថ្ងៃ​នេះ គាត់​កំពុងស្នាក់​នៅ​ទីស្នាក់ការ​កណ្ដាល​របស់​គណ​បក្ស​នៅ​សង្កាត់​ចាក់​អង្រែ»។​

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ សមាជិក​សភា​តំណាង​រាស្ត្រ​អាមេរិក​គឺ​លោកអាឡាន់​ ឡូវ៉ិនថល​ (Alan Lowenthal)​ បាន​ជំរុញ​ឲ្យលោក​កឹម សុខា ​ប្រធាន​ស្តីទី​គណ​បក្ស​សង្គ្រោះ​ជាតិបន្ត​ការ​តស៊ូ​ដើម្បី​ការ​លើក​ស្ទួយ​លទ្ធិ​ប្រជាធិបតេយ្យ ​និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។​ នេះ​បើ​តាម​ការ​អះអាង​របស់​លោក​ប៉ុល ហំម ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ជំទាស់​ដែល​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​គាំទ្រ​នៅ​ទី​ស្នាក់​ការ​គណបក្ស​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។​

«លោក​ អាឡាន់ ឡូវ៉ិនថល ​បាន​លើក​ទឹក​ចិត្ត​ដល់​លោក​ប្រធាន​ស្តីទី​កឹម សុខា​ឲ្យ​បន្ត​ខិត​ខំ​ប្រឹង​ប្រែង​ត​ទៅ​ទៀត​ ព្រោះ​លោក​យល់​ថា​ នេះ​ជា​សកម្មភាព​ដ៏​មាន​តម្លៃ​ក្នុង​ការ​បម្រើ​បុព្វហេតុ​លទ្ធិ​ប្រជាធិបតេយ្យ​ សេរីភាព ​និង​គោរព​សិទ្ធិ​មនុស្ស​សម្រាប់​ប្រទេស​កម្ពុជា​ និង​ពលរដ្ឋ​ខ្មែរ»។​

ឥស្សរជន​នយោបាយ​ទាំង​ពីរ​នេះ​បាន​ជួប​ពិភាក្សា​គ្នា​កាល​ពី​យប់​ថ្ងៃ​ពុធ។​

សមាជិក​សភា​តំណាង​រាស្ត្រ​អាមេរិក​គឺ​លោក​ អាឡាន់ ឡូវ៉ិនថល ​(Alan Lowenthal) ​មក​ពី​រដ្ឋ​កាលីហ្វរញ៉ា​នៃ​គណបក្ស​ប្រជាធិបតេយ្យ ​និង​លោក ស្ទីវ ឆាបុត ​(Steve Chabot) ​សមាជិក​សភា​មក​ពី​រដ្ឋ​អូហៃយ៉ូ​នៃ​គណបក្ស​សាធារណរដ្ឋ​ ត្រូវ​គេ​ដឹង​ថា​ ជា​អ្នក​ផ្តួច​ផ្តើម​គំនិត​ក្នុង​ការ​តាក់​តែង​សេចក្ដី​ព្រាង​ច្បាប់ ​លេខ ​H.RES 728 ​ស្ដីពី​លទ្ធិ​ប្រជាធិបតេយ្យ​ និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ដែល​អនុ​គណៈ​កម្មការ​ទទួល​បន្ទុក​កិច្ចការ​បរទេស​នៃ​សភា​តំណាង​រាស្ត្រ​សហ​រដ្ឋ​អាមេរិក​បាន​អនុម័ត​ជា​ឯកច្ឆន្ទ​កាល​ពី​ដើម​ខែ​កក្កដា។ ​លោក​ទាំងពីរ​គឺជា​សហ​ប្រធាន​នៃ​គណៈកម្មាធិការក្រុម​សមាជិក​សភាដែល​ពិនិត្យ​តាមដាន​ស្ថាន​ការណ៍​នៅ​កម្ពុជា។​

សេចក្ដី​ព្រាង​ច្បាប់​នេះ​តម្រូវឲ្យ​មាន​ការ​ថ្កោល​ទោស​គ្រប់​ទម្រង់​នៃ​ការ​ប្រើ​អំពើ​ហិង្សា​នយោបាយ ​ការ​ដាក់​ទណ្ឌកម្ម​ចំពោះ​ការ​រំលោភ​សិទ្ធិ​មនុស្ស​កើត​មាន​ឡើង​នៅ​កម្ពុជា​ ការគាំទ្រ​កំណែទម្រង់​ការ​បោះឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​នៅ​ឆ្នាំ​២០១៧ ​និង​ឆ្នាំ​២០១៨​ ​ព្រម​ទាំង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជាដោះលែង​អ្នក​ទោស​នយោបាយ​ជា​ដើម។​

ការ​សន្ទនា​រវាង​លោក​ កឹម សុខា ​និង​មន្ត្រី​ស.រ.អា.​នេះ​កើត​មាន​ឡើងតែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​មុន​ពេលតុលាការ​បាន​ចេញ​ដីកា​ថ្មី​មួយ​ទៀត​ដើម្បី​រឹតត្បិត​សេរីភាព​ធ្វើ​ដំណើរ​របស់​លោក​កឹម សុខា​ ដោយ​ដាក់​បម្រាមមិន​ឲ្យ​លោក​ចេញទៅ​ក្រៅ​ប្រទេស។​

លោកកឹម សុខា​ ប្រធាន​ស្តី​ទី​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ចំណាយ​ពេល​ជាង​១ខែ​ចុង​ក្រោយ​នេះរស់​នៅ​ក្នុង​ទី​ស្នាក់​ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ​ ​ដើម្បី​គេច​ពី​ការ​ចាប់​ខ្លួន​ ​និង​បណ្ដឹង​ផ្លូវ​ច្បាប់​ដ៏​ចម្រូង​ចម្រាស៕

XS
SM
MD
LG