ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​លោក​​ត្រាំ​ការពារ​«គោល​នយោបាយ​គិត​ប្រទេស​អាមេរិក​​​ទីមួយ»​នៅ​ឯ​វេទិកា​សាកល​លោក​ក្រុង​ដាវ៉ូស


លោក ដូណាល់ ត្រាំ ថ្លែង​នៅ​ឯ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ កាល​ពី​ថ្ងៃទី​២៦ ខែ​មករា នៅ​ទីក្រុង​ដាវ៉ូស ប្រទេស​ស្វ៊ីស។
លោក ដូណាល់ ត្រាំ ថ្លែង​នៅ​ឯ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ កាល​ពី​ថ្ងៃទី​២៦ ខែ​មករា នៅ​ទីក្រុង​ដាវ៉ូស ប្រទេស​ស្វ៊ីស។

នៅ​ក្នុង​ការ​ការ​ពារ​ដ៏​ខ្លាំង​មួយ​ដល់​គោល​នយោបាយ​«គិត​ប្រទេស​អាមេរិក​ទីមួយ» ​លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​ដូណាល់ ​ត្រាំ​ បាន​ប្រាប់​វេទិកា​ពាណិជ្ជកម្ម​និង​នយោបាយ​សាកល​លោក​ថា ​ពិភពលោក​នឹង​ទទួល​បាន​ប្រយោជន៍​ពី​សេដ្ឋ​កិច្ច​សហរដ្ឋ​អាមេរិក​ហើយ​លោក​ប្រធានាធិបតី​បាន​អញ្ជើញ​ប្រទេស​ផ្សេង​ៗ​ទៀត​ឲ្យ​ចូលរួម​ជាមួយ​លោក។

​លោក​ប្រធានា​ធិ​បតី​សហរដ្ឋ​អាមេរិក​ ដូណាល់ ​ត្រាំ​បាន​និយាយ​នៅ​ក្នុង​សុន្ទរកថា​ចំនួន​១៥​នាទី​ទៅ​កាន់​ការ​បិទ​សម័យ​ប្រជុំ​របស់​វេទិកា​សេដ្ឋ​កិច្ច​សាកល​លោក​ក្នុង​ក្រុង​ដាវ៉ូស​ប្រទេស​ស្វ៊ីស​ថា «នៅ​ពេល​ដែល​សហរដ្ឋ​អាមេរិក​រីក​លូត​លាស់ ​ពិភព​លោក​ក៏​រីកលូតលាស់​ដែរ‍»។

​លោក​ប្រធានា​ធិបតី​ត្រាំ​មាន​ប្រសាសន៍​ទៀត​ថា៖ «ការរីក​លូត​លាស់​របស់​ប្រទេស​អាមេរិក​បាន​បង្កើត​ការងារ​រាប់​មិន​អស់​នៅ​ជុំវិញ​ពិភពលោកហើយ​យុទ្ធនាការ​សម្រាប់​ការ​ច្នៃ​ប្រឌិត​និង​ការ​បញ្ចូល​របៀប​ថ្មី​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​បាន​នាំ​ឲ្យ​រក​ឃើញ​ដ៏​សំខាន់​ដែល​បាន​ជួយ​មនុស្ស​នៅ​គ្រប់​ទី​កន្លែង​ឲ្យ​រស់​នៅ​កាន់​តែ​មាន​វិបុលភាព​និង​សុខភាព​កាន់​តែ​ខ្លាំង​ឡើង‍»។

លោក​បាន​និយាយ​ថា៖ «ប្រទេស​អាមេរិក​បើក​ចំហ​សម្រាប់​ការ​ធ្វើ​ពាណិជ្ជកម្ម​ហើយ​យើង​ចង់​ប្រកួត​ប្រជែង​ម្តង​ទៀត‍»។

​ដោយ​មិន​និយាយ​ចំពោះ​ប្រទេស​ចិន ​លោក​ប្រធានា​ធិបតីបាន​និយាយ​តម្រង់​ពី​សកម្មភាពរបស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ​ដោយ​បាន​ព្រមាន​ថា រដ្ឋាភិបាល​របស់​លោក​មិន​អាច​ធ្វើមិន​ដឹង​ឮ​ដល់​ការ​លួច​កម្មសិទ្ធិ​បញ្ញា​របស់​សហរដ្ឋ​អាមេរិក​ហើយ​នឹង​ការ​ជ្រៀត​ជ្រែកសេដ្ឋ​កិច្ច​ដែល​មាន​ការផ្តល់​ប្រាក់​ពី​រដ្ឋ​នោះ​ទេ។

​លោក​ប្រធានា​ធិបតី​ក៏​បាន​ធ្វើ​ការ​អង្វរករ​ដល់​មេដឹកនាំ​ដែល​ស្ថិត​នៅ​ក្នុង​ជំនួប​នោះ​ឲ្យ​ធ្វើ​ការ​ជាមួយ​សហរដ្ឋ​អាមេរិក​កាន់​តែ​ខ្លាំង​ឡើង​លើ​គោល​ដៅ​សន្តិសុខ​រួម ​រួម​មាន​ការផ្តួល​ក្រុមរដ្ឋ​ឥស្លាម ​ដាក់​ការ​គៀប​សង្កត់​យ៉ាង​ខ្លាំងដើម្បី​ធ្វើ​ឲ្យ​ឧបទ្វីប​កូរ៉េ​គ្មាន​អាវុធ​នុយក្លេអ៊ែរ​ហើយ​នឹង​ប្រយុទ្ធ​ប្រឆាំង​អំពើ​ភេរវកម្ម​ក្នុង​ទម្រង់​គ្រប់​បែប​ទាំង​អស់៕

XS
SM
MD
LG