ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធាន​សហភាព​អាហ្វ្រិក​ថ្លែង​ថា​ មេដឹកនាំ​មា​ន​ការ​ខឹង​សម្បារ​ចំពោះ​អត្ថាធិប្បាយ​របស់​លោក​ត្រាំ


រូប​ភាព​របស់ឯក​អគ្គ​រដ្ឋ​ទូត​សហភាព​អាហ្វ្រិក​ប្រចាំ​​សហរដ្ឋ​អាមេរិក​ លោក​ស្រី​ Arikana Chihombori-Quao។
រូប​ភាព​របស់ឯក​អគ្គ​រដ្ឋ​ទូត​សហភាព​អាហ្វ្រិក​ប្រចាំ​​សហរដ្ឋ​អាមេរិក​ លោក​ស្រី​ Arikana Chihombori-Quao។

ឯក​អគ្គ​រដ្ឋ​ទូត​សហភាព​អាហ្វ្រិក​ប្រចាំ​​សហរដ្ឋ​អាមេរិក​ លោក​ស្រី​ Arikana Chihombori-Quao​ បាន​ប្រាប់​ VOA ​ថា​ មេដឹកនាំ​បណ្តា​ប្រទេស​អាហ្វ្រិក​ ខឹង​សម្បារ​ពី​អត្ថាធិប្បាយ​របស់​លោក​ត្រាំ​ ទៅ​លើ​ជន​អន្តោប្រវេសន៍​ពី​ទ្វីប​នេះ​ និង​ប្រទេស​ហៃទី។

លោក​ស្រី​បាន​មាន​ប្រសាសន៍​ថា​ លោក​ស្រី​រំពឹង​ថា​នឹង​មាន​សកម្មភាព​ផ្លូវ​ការ​ជាង​នេះ​ និង​ការ​ប្រឆាំង​ការទូត​ រួម​ទាំង​ការ​ធ្វើ​ពហិការ​មិន​ចូល​រួម​របស់ឯកអគ្គរដ្ឋទូតអាហ្វ្រិក​ក្នុង​ពិធីថ្លែង​សុន្ទរកថា​ប្រចាំ​ឆ្នាំ​ស្តី​ពី​ស្ថានភាព​ (State of the Union address)​ ទៅ​កាន់​សភា​អាមេរិក។​ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ អ្នក​ស្រី​ Heather Nauert ​ បាន​ថ្លែង​ថា​ សហរដ្ឋ​អាមេរិក​មាន​ទំនាក់​ទំនង​ដ៏​រឹង​មាំ​ជា​មួយ​បណ្តា​ប្រទេស​អាហ្វ្រិក​ និង​ហៃ​ទី​ ដែល​រឹង​មាំ​ជាង​អត្ថាធិប្បាយ​នានា។

ក្នុង​អំឡុងប្រតិកម្ម​ជា​បន្តបន្ទាប់​នៅ​ក្នុង​ប្រទេស​ និង​ក្រៅ​ប្រទេស​ អំពី​អត្ថាធិប្បាយ​របស់​លោក​ប្រធានាធិបតី​ ដែលត្រូវ​បាន​រាយការណ៍​ដោយ​ប្រភព​ព័ត៌មាន​មួយ​ចំនួន​

អំពី​ប្រទេស​នៃ​ជន​អន្តោប្រវេសន៍​ដែល​លោក​ប្រធានាធិបតី​ ដូណាល់​ ត្រាំ​ចង់​បាន។​ លោក​ប្រធានាធិបតី​ ត្រូវ​បាន​អ្នក​រាយការណ៍​ព័ត៌មាន​ម្នាក់​សួរ​ថា​ តើ​លោក​ចង់​បាន​ជន​អន្តោប្រវេសន៍​ច្រើន​ពី​ប្រទេស​ន័រវែស​មែន​ទេ?

លោក​ប្រធានាធិបតី​ ត្រាំ​ ឆ្លើយ​ថា៖ «ខ្ញុំ​ចង់​បាន​អ្នក​មក​ពី​គ្រប់​ទីកន្លែង​ទាំង​អស់»។

អ្នក​នាំ​ពាក្យ​សេតវិមាន​ លោក​ស្រី​ Sarah Huckabee Sanders​ បាន​ទទួល​ស្គាល់​ថា​ លោក​ប្រធានាធិបតី​បាន​ប្រើពាក្យ​ធ្ងន់​នៅ​អំឡុងកិច្ច​ប្រជុំ​ជាមួយ​នឹង​តំណាង​រាស្ត្រ​ អំពី​បញ្ហា​អន្តោប្រវេសន៍​ ហើយ​លោក​ស្រី​បាន​ថ្លែង​ថា​ នេះ​ជា​ផ្នែក​មួយ​នៃ​ការ​អំពាវនាវ​របស់​លោក។

លោក​ស្រី​ Sarah Huckabee Sanders​ បាន​ថ្លែង​ថា៖

«ខ្ញុំ​គិត​ថា​ មូលហេតុ​មួយ​ដែល​ពលរដ្ឋ​អាមេរិកាំង​ស្រឡាញ់​លោក​ប្រធានាធិបតី​ ហើយ​និង​មូលហេតុ​មួយ​ដែល​លោក​បាន​ឈ្នះ​ឆ្នោត​ ហើយ​កាន់​តំណែង​ជាប្រធានាធិបតី​នេះ​ គឺ​ដោយ​សារ​លោក​មិន​មែន​ជា​មនុស្ស​យន្ត​ ដែល​ពឹង​ផ្អែក​លើ​ការ​សសេរ​ព្រាង​ទុក​ទេ។ លោក​គឺ​ជា​មនុស្ស​ ដែល​និយាយ​ជាក់​ស្តែង​ ហើយ​ពេល​ខ្លះ​ លោក​ប្រើ​ពាក្យ​ធ្ងន់»។

បន្ទាប់​ពី​ការ​អត្ថាធិប្បាយ​របស់​លោក​ត្រាំ​នេះ​ ប្រទេស​បុតស្វាណា​ ហ្គាណា​ ហៃ​ទី​ ណាមីប៊ី​ សេណេហ្គាល់​ និង​សហភាព​អាហ្វ្រិក​បាន​រួម​គ្នា​ធ្វើការ​ប្រឆាំង​ការទូត​ជា​ផ្លូវ​ការ។ អគ្គ​រដ្ឋ​ទូត សហភាព​អាហ្វ្រិកប្រចាំអាមេរិក​ លោក​ស្រី​ Arikana Chihombori-Quao​ បាន​ប្រាប់​ VOA ​ថា​ អត្ថាធិប្បាយ​អវិជ្ជមាន​របស់​លោក​ត្រាំ​ពី​ប្រទេស​អាហ្វ្រិក​ និង​គោលនយោបាយ​ «ដាក់​ផល​ប្រយោជន៍​អាមេរិក​ជា​ធំ»​ របស់​រដ្ឋបាល​លោក​ត្រាំ​ គឺ​ជា​ការ​រារាំង​ដល់​ទំនាក់​ទំនង​ដ៏​ជិត​ស្និត​ ដែល​មាន​ជា​យូរ​ណាស់​មក​ហើយ​ រវាង​សហរដ្ឋ​អាមេរិក​ និង​ទ្វីប​អាហ្វ្រិក។

លោក​ស្រី​ ARIKANA CHIHOMBORI-QUAO​ បាន​ថ្លែង​ថា៖

«វា​គឺ​ជា​របួស​មួយ​ ដែល​នឹង​បន្សល់​នូវ​ស្លាក​ស្នាម​ដ៏​ជ្រៅ។​ ហើយ​នេះ​គឺ​ជា​ផល​វិបាក​មួយ​ សម្រាប់​ខ្ញុំ​ ដែល​ខ្ញុំ​នៅ​ទី​នេះ​ ដើម្បី​ធានា​ឲ្យ​បាន​ និង​ធ្វើ​ឲ្យ​ទំនាក់​ទំនង​រវាង​សហរដ្ឋ​អាមេរិក​ និង​អាហ្វ្រិក​ប្រសើរ​ឡើង។ អត្ថាធិប្បាយ​បែប​នេះ​ ធ្វើ​ឲ្យ​ពិបាក​ក្នុង​ការ​បន្ត​ធ្វើ​ឲ្យ​ទំនាក់​ទំនង​ប្រសើរ​ឡើង​ណាស់»។

ប៉ុន្តែ​ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ លោក​ស្រី​ Heather Nauert​ ថា​ទំនាក់​ទំនង​នៅ​តែ​រឹង​មាំ។

លោក​ស្រី​ Heather Nauert​ បាន​ថ្លែង​ថា៖

«យើង​មាន​ការ​គោរព​ដ៏​ជ្រាលជ្រៅ​ចំពោះ​ពលរដ្ឋ​ពី​ទ្វីប​អាហ្វ្រិក។​ យើង​មាន​ភាព​ជា​ដៃ​គូរ​ដ៏​រឹងមាំ​ ជា​មួយ​ប្រទេសនៃ​ទ្វី​បអាហ្វ្រិក​ជិត​ ៥០​ ប្រទេស។ ខ្ញុំ​ចង់​និយាយ​ថា​ ទំនាក់​ទំនង​របស់​យើង​ ជា​មួយ​បណ្តា​ប្រទេស​ទ្វីប​អាហ្វ្រិក​ ក៏​ដូច​ជា​ប្រទេស​ផ្សេងៗ​ទៀត​ដែរ​ គឺ​រឹង​មាំ​ជាង​អត្ថាធិបាយ​ដែល​ត្រូវ​បាន​គេ​ចោទ​ប្រកាន់»។

លោក​ស្រី​ Nauert​ បាន​ថ្លែង​ថា​ រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក​លោក​ Rex Tillerson​ មាន​ក្តី​រំពឹង​ក្នុង​ការ​ធ្វើ​ទស្សនកិច្ច​ទៅ​អាហ្វ្រិក​នៅ​ដើម​ឆ្នាំ​នេះ។​ លោក​ស្រី​ Chihombori-Quao​ ថ្លែង​ថា​ លោក​នឹង​ទទួល​បាន​ការ​ស្វាគមន៍។

ប្រែសម្រួល​ដោយ លឹម​ ហ្គេចហៀង

XS
SM
MD
LG