ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

រដ្ឋ​មន្រ្តីការ​ពារ​ប្រទេស​សហរដ្ឋ​អាមេរិក​មាន​គម្រោង​បញ្ជាក់​ឡើង​វិញ​ពី​ការ​តាំង​ចិត្ត​ដល់​សម្ព័ន្ធ​មិត្ត​​នៅ​តំបន់​អឺរ៉ុប​និង​មជ្ឈិម​បូព៌ា


លោក​រដ្ឋ​មន្រ្តីការពារ​ប្រទេស​សហរដ្ឋ​អាមេរិក ​Jim Mattis និង​បំពេញ​ទស្សនកិច្ច​នៅ​សប្តាហ៍​ក្រោយ​។

លោក​រដ្ឋ​មន្រ្តីការពារ​ប្រទេស​សហរដ្ឋ​អាមេរិក ​Jim Mattis ​នឹង​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ហ្សកដានី តួកគី ​និង​ប្រទេស​អ៊ុយក្រែន​ នៅ​សប្តាហ៍​ក្រោយ​ដើម្បី​ចរចា​ជា​មួយ​ពួក​មេដឹក​នាំ​របស់​ប្រទេស​ទាំង​៣​នោះ។

ពួក​មន្រ្តី​នៅ​ក្រសួងការ​ពារ​ប្រទេស​សហរដ្ឋ​អាមេរិក​បាន​និយាយកាល​ពី​ថ្ងៃ​សុក្រ​ថា ​លោករដ្ឋ​មន្រ្តីការ​ពារ​ប្រទេស​អាមេរិក ​Mattis ​មាន​គោល​បំណង​បញ្ជាក់​ឡើង​វិញ​ពី​ការ​តាំង​ចិត្ត​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ដល់​ប្រទេស​ទាំង​នោះ។

លោក​រដ្ឋ​មន្រ្តី​ការ​ពារ​ប្រទេស​សហរដ្ឋ​អាមេរិក​ Mattis​ នឹង​ចាប់​ផ្តើម​ដំណើរ​បំ​ពេញ​ទស្សនកិច្ច​របស់​លោក​ដោយ​ជួប​ជាមួយ​ព្រះ​មហាក្សត្រ ​Abdullah ​និង​មន្រ្តី​ជាន់​ខ្ពស់​ការ​ពារ​ប្រទេស​ផ្សេង​ទៀត​នៃ​ប្រ​ទេស​ហ្ស​កដានី។ ​ប្រទេស​ហ្សកដានី​បាន​ក្លាយ​ជា​ដៃគូ​ដ៏​សំខាន់​មួយនៅ​ក្នុង​ក្រុម​ចម្រុះដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិកប្រឆាំង​នឹង​ក្រុម​ភេរវកម្ម​រដ្ឋ​អ៊ីស្លាម។

ចេញ​ពី​ប្រទេស​ហ្សកដានី ​លោករដ្ឋ​មន្រ្តីការ​ពារ​ប្រទេស​អាមេរិក ​Mattis ​នឹងធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​តួកគី​ដើម្បី​ជួប​ជាមួយ​ពួក​មន្រ្តី​កំពូល ​រួមមាន​ប្រធានា​ធិបតី​ Recep Tayyip Erdogan ​ផង​ដែរ។

សេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​ការពារ​ប្រទេស​អាមេរិកប្រាប់​ឲ្យ​ដឹងថា៖ «លោក​រដ្ឋមន្រ្តី​ការពារ​ប្រទេស​ Mattis ​នឹង​បញ្ជាក់​ឡើង​វិញ​ពីការ​ប្រកាន់​នូវ​ភាព​ខ្ជាប់​ខ្ជួន​របស់​សហរដ្ឋ​អាមេរិក​ដល់​ប្រទេស​តួកគី​ជា​សម្ព័ន្ធ​មិត្ត​របស់​អង្គការ​អូតង់​និង​ជា​ដៃ​គូ​យុទ្ធសាស្រ្ត​ដើម្បី​ស្វះស្វែង​រក​កិច្ច​សហការណ៍​ក្នុងការ​ខំ​ប្រឹង​ប្រែង​ដើម្បី​ធ្វើ​ឲ្យ​ជឿន​លឿន​ដល់​ស្ថិរភាព​នៅ​ក្នុង​តំបន់ ​ហើយ​និង​ស្វែង​រក​មធ្យោបាយ​ដើម្បី​ជួយ​ប្រទេស​តួកគី​ដោះ​ស្រាយ​នូវការ​ព្រួយ​កង្វល់​ខាង​សន្តិសុខ​ស្រប​ច្បាប់​របស់​ខ្លួន ​រួម​មាន​ការ​ប្រយុទ្ធ​ប្រឆាំងគណបក្ស​ពលករ ​Kurdistan ឬ (PKK)​ខុស​ច្បាប់​ផង​ដែរ»។​

នៅ​ក្នុង​ទីក្រុង​គាវ​នៃ​ប្រទេស​អ៊ុយក្រែន ​លោករដ្ឋ​មន្រ្តីការ​ពារ​ប្រទេស​ Mattis ​ត្រូវ​គេ​រំពឹង​ថា​នឹង​ជួប​ជាមួយ​លោក​ Stephan Poltorak រដ្ឋ​មន្រ្តីការ​ពារ​ប្រទេស​អ៊ុយក្រែន​និង​ប្រធានា​ធិបតី ​Petro Poroshenko៕

XS
SM
MD
LG